អានតួអត្ថបទ
ថៃ

ទីក្រុង​បាងកក​ស្លុតចិត្ត នៅ​ចំពោះ​មុខ​ការ​ខូចខាត​ខ្ទេចខ្ទី

ម្សិល​មិញ ក្រោយ​ពី​ក្រុម​មេដឹកនាំ​របស់​ពួកគេ​បាន​សុំ​ចុះ​ចាញ់​និង​បាន​ប្រគល់​ខ្លួន ​ទៅ​ឲ្យ​អាជ្ញាធរ​រួច​មក ពួក​បាតុករ​អាវ​ក្រហម​ខ្លះ​ដែល​នៅ​មិន​សុខ​ចិត្ត បាន​នាំ​គ្នា​ដុត​បំផ្លាញ​អគារ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន​កន្លែង ក្នុង​ទីក្រុង​បាងកក។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ឧសភា​នេះ ភាព​ស្ងប់ស្ងាត់​បាន​វិល​មក​វិញ​បណ្តើរៗ​ហើយ។  

ការ​ពន្លត់​អគ្គីភ័យ​​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុង​បាងកក ថ្ងៃទី ២០ ឧសភា ២០១០
ការ​ពន្លត់​អគ្គីភ័យ​​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុង​បាងកក ថ្ងៃទី ២០ ឧសភា ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

03:42

ព័ត៌មាន​ឆ្លើយ​ឆ្លង​ពី​ទីក្រុង​បាងកក ដែល​ប្រែ​សម្រួល​ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ

មួយ​ថ្ងៃ ក្រោយ​ពី​កងទ័ព​បាន​វាយ​លុក​ទៅ​លើ​ជំរំ​របស់​ពួក​អាវក្រហម​រួច​មក ភាព​ស្ងប់ស្ងាត់​បាន​វិល​មក​​គ្រប​ដណ្តប់​ទៅ​លើ​ទីក្រុង​បាងកក​វិញ​ហើយ។ ក៏​ប៉ុន្តែ ទិដ្ឋភាព​រួម​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្លាក​ស្នាម​នៃ​អំពើ​ហិង្សា។ ចំនួន​អ្នក​ស្លាប់​ក្នុង​អន្តរាគមន៍​យោធា កាល​ពី​ម្សិល​មិញ បាន​កើន​ទៅ​ដល់​១៦​នាក់។ អគារ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែល​មាន​កម្ពស់​៧​ជាន់ បាន​បាក់​រលំ ក្រោយ​ពី​ត្រូវ​បាន​ឆេះ​ភ្លើង ពេញ​មួយ​យប់​មិញ។

ពី​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​RFI នៅ​បាងកក​ប្រទេស​ថៃ Arnaud Dubus

«គេបានរកឃើញសាកសពអ្នករងគ្រោះនាក់ទៀតជាបន្ថែមនៅថ្ងៃព្រហស្បតិ៍ទី២០ឧសភានេះនៅក្នុងវត្ត​Pathum Wanaram ជាទីដែលពេញមួយយប់មិញពួកបាតុករអាវក្រហមជិតមួយពាន់នាក់បានទៅពួនលាក់ខ្លួន។ជនរងគ្រោះទាំងនាក់សុទ្ធតែបានត្រូវគ្រាប់របួសរួចហើយស្លាប់កាលពីយប់មិញ។
 
នៅជិតវត្តនោះគឺជាទីតាំងនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Central World អគារ​ដ៏​ធំ​នេះ​ ដែល​មាន​​កម្ពស់​៧​ជាន់​ ប្រវែង​២០០​ម៉ែត្រ​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​បាន​ឆេះ​ពេញ​មួយ​យប់ និង​បាន​បាក់​រលំ​នៅ​សល់​តែ​គ្រោង​ឆ្អឹង។
 
នៅលើផ្លូវ​Rajdamari វិញ ជា​ទី​ប្រយុទ្ធ​គ្នា​កាល​ពី​ម្សិលមិញ​រវាង​កងទ័ព​ និង​ពួក​អាវ​ក្រហម​ ផ្សារ​ទំនិញ​ឈ្មោះ​BiC C ដែលក៏​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​ដែរ​នោះ នៅ​បន្ត​មាន​ផ្សែង​ភ្លើង​នៅ​ឡើយ​កាល​ពី​ព្រឹក​មិញ ពីព្រោះ កាល​ពី​យប់​មិញ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​មិន​អាច​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​ទី​នោះ​បាន»។

នៅ​ថ្ងៃ​នេះ កាសែត​ចេញ​ផ្សាយ​នៅ​ទីក្រុង​បាងកក បាន​នាំ​គ្នា​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​អំពើ​ហិង្សា​កាល​ពី​ម្សិល​មិញ និង​ទៅ​លើ​ស្ថានការណ៍​ទូទៅ​នៃ​ប្រទេស។

យើង​បន្ត​ស្តាប់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​RFI នៅ​បាងកក Arnaud Dubus

«ចំណង​ជើង​ធំៗ​របស់​កាសែត​ចេញ​ផ្សាយ​នៅ​បាងកក ចាប់​អារម្មណ៍​ទៅ​លើ​ទិដ្ឋភាព​រួម​នៃ​ទីក្រុង​ដែល​បាន​ទទួល​រង​កា​របំផ្លិច​បំផ្លាញ។ Bangkok Post សរសេរ​ថា បាងកក ខ្ទេចខ្ទី។ រី​ឯ​The Nation វិញ ដាក់​ថា អនាធិបតេយ្យ។ The Nation ដដែល សម្តែង​ឲ្យ​ឃើញ​នូវ​ការ​ស្លុត​ចិត្ត និង​ការ​ខឹង​សម្បារ នៅ​ចំពោះ​មុខ​ការ​ខូចខាត​ខ្ទេចខ្ទី​បង្ក​ឡើង កាល​ពី​យប់​មិញ​ដោយ​ពួក​បាតុករ​អាវ​ក្រហម។
 
កាសែត​ទាំង​នេះ​ដែល​មាន​ជំហ​រគាំទ្រ​រដ្ឋាភិបាល​និង​ដែល​មិន​ពេញ​ចិត្ត​នឹង​ពួក​អាវ​ក្រហម​សរសេរ​គាំទ្រ​នាយករដ្ឋមន្ត្រី​អាភីស៊ីត និង​យុទ្ធសាស្រ្ត​របស់​លោក ក្នុង​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នេះ ។ Bangkok Post ថែម​ទាំង​ប្រៀប​ប្រដូច​អាភីស៊ីត ទៅ​នឹង​អតីត​ប្រធានាធិបតី​អាមេរិក សម័យ​សង្គ្រាម​អបគមន៍ គឺ​លោក​Lincoln ទៀត​ផង។
 

ទាហាន​ថៃ​នាំ​គ្នា​រៀប​ចំ​អាវុធ​ទុក​វិញ
ទាហាន​ថៃ​នាំ​គ្នា​រៀប​ចំ​អាវុធ​ទុក​វិញ © Reuters

សម្រាប់​Bangkok Post ក្នុង​រយៈ​កាល​ខ្លី អន្តរាគមន៍​យោធា​បង្ក្រាប​ពួក​អាវ​ក្រហម នឹង​ច្បាស់​ជា​នាំ​មក​នូវ​ផលវិបាក​វិជ្ជមាន​ដល់​លោក​អាភីស៊ីត ដោយសារ​ថា​រដ្ឋាភិបាល​របស់​លោក​ នឹង​អាច​បន្ត​ដឹក​នាំ​ប្រទេស​រហូត​ទៅ​ដល់​ឆ្នាំ​ក្រោយ​២០១១។ ក៏​ប៉ុន្តែ ក្នុង​រយៈ​កាល​វែង នៅ​ពេល​ដែល​នឹង​ត្រូវ​រៀបចំ​បោះ​ឆ្នោត ពេល​ដែល​ពលរដ្ឋ​នឹង​នឹក​ឃើញ​ទៅ​ដល់​ជន​ស៊ីវិល ច្រើន​សន្ធឹក​សន្ធាប់​ដែល​បាន​ស្លាប់ ពេល​នោះ​បក្ស​ប្រជាធិបតេយ្យ​របស់​អាភីស៊ីត​នឹង​អាច​បាត់​បង់ ប្រជាប្រិយ៍ភាព»។

អ្វី​ដែល​ជាក់​ច្បាស់ គឺ​រដ្ឋាភិបាល​អាភីស៊ីត​នឹង​ច្បាស់​ជា​ឈ្នះ​ចម្បាំង នៅ​ទីក្រុង​បាងកក​ពីព្រោះ នៅ​ពេល​នេះ ពួក​មេ​ដឹកនាំ​អាវ​ក្រហម​បាន​សុំ​ចុះ​ចាញ់​អស់​ហើយ រីឯ​ភាព​ស្ងប់ស្ងាត់​និង​សណ្តាប់ធ្នាប់​នឹង​វិល​មក​វិញជា​បណ្តើរៗ នៅ​ក្នុង​រាជធានី។ ក៏​ប៉ុន្តែ អាភីស៊ីត​មិន​ទាន់​ឈ្នះសង្គ្រាម​ទេ ពីព្រោះ​ដូច​ដែល​ថាក់ ស៊ីន​បាន​ប្រកាស​ប្រាប់ ​ទី​ភ្នាក់ងារ​Reuters អ៊ីចឹង​ថា អន្តរាគមន៍​យោធា​វាយ​បង្ក្រាប​ពួក​អាវ​ក្រហម​កាល​ពី​ម្សិលមិញ នឹង​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ទ័ព​ពៃ្រ នៅ​តាម​ជន​បទ​ស្រុក​ស្រែ​ចម្ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ