អានតួអត្ថបទ
កូរ៉េ​ខាង​ត្បូង-ចិន​-​ជប៉ុន

ជំនួប​កំពូល​ប្រចំា​ឆ្នំា​ត្រីភាគី ស្ថិត​ក្រោម​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ

ជំនួប​កំពូល​ប្រចំា​ឆ្នំា​ត្រីភាគី​ រវាង​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ចិន​បាន​បិទ​បញ្ចប់​សម័យប្រជុំ​រយៈពេល ២​ថ្ងៃ​នៅ​លើ​កោះ Jeju ក្នុង​ទឹក​ដី​កូរ៉េខាងត្បូង។ វិបត្តិ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង​គឺ​ជា​ប្រធានបទ​ចម្បង​នៃ​ជំនួប​កំពូល​ត្រីភាគី​ប្រចំា​ឆ្នំា ២០១០ រវាង​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ចិន។

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ក្នុង​ជំនួប​ត្រី​ភាគី ថ្ងៃ​ទី ៣០ ឧសភា ២០១០
ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ក្នុង​ជំនួប​ត្រី​ភាគី ថ្ងៃ​ទី ៣០ ឧសភា ២០១០ © Rauters
ផ្សាយពាណិជ្ជកម្ម

07:11

បទ​អន្តរាគមន៍​របស់​ គួច គន្ធារ៉ា

គួច គន្ធារ៉ា

វត្តមាន​របស់​ប្រទេស​ចិន គឺ​លោក​នាយករដ្ឋមន្រ្តី Wen Jiabao វត្តមាន​របស់​ប្រទេស​ជប៉ុន គឺ​លោក​នាយក​រដ្ឋមន្ត្រី Yukio Hatoyama និង​វត្តមាន​របស់​កូរ៉េខាងត្បូង​ដែល​ជា​ម្ចាស់​ផ្ទះ គឺ​លោក​ប្រធានាធិបតី លី​ម្យ៉ុងបាក់ (Lee Myung-Bak)។ គោលដៅ​សំខាន់​នៃ​ជំនួបកំពូលត្រីភាគីប្រចំាឆ្នំា គឺ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​គ្រប់​វិស័យ​មាន​ដូច​ជា វិស័យ​សេដ្ឋកិច្ច សន្តិសុខ ការ​ការពារ​បរិស្ថាន និង​ការ​ផ្តោះប្តូរ​នៅ​ក្នុង​វិស័យ​វប្បធម៌​រវាង​គ្នា​ជា​ដើម។

និយាយ​ពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង​៣​រូប​បាន​ប្តេជ្ញាចិត្ត​ថា នឹង​សម្រេច​ឲ្យ​បាន​ចាប់​ពី​ពេល​នេះ រហូត​ដល់​ឆ្នំា ២០១២ នូវ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ដោយ​សេរី​រវាងប្រទេស​ទំាង​បី ពោល​គឺ​បង្កើត​ឲ្យ​បាន​តំបន់​សេដ្ឋកិច្ច​រួម​គ្នា​មួយ និង​ការ​ពង្រីក​បន្ថែម​នូវ​បរិមាណ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នំា ២០២០។ ជា​មួយ​គ្នា​នេះ ភាគី​ទំាង​បី​ក៏​នឹង​ត្រូវ​បន្ត​ការ​ចរចា​ស្តី​ពី​កិច្ច​ព្រមព្រៀង​លើ​វិស័យ​វិនិយោគ​ ក្នុង​គោលដៅ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​អ្នក​វិនិយោគ​នៅ​ក្នុង​តំបន់។ មួយ​វិញ​ទៀត ភាគី​ទំាង​បី​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត អំពី​សារៈសំខាន់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។ ភាគី​ទំាង​បី​យល់​ឃើញ​ថា ការ​បើក​ឲ្យ​មាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​រួម​មួយ​ដែល​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ គឺ​បាន​ផ្តល់​ផលប្រយោជន៍​ឲ្យ​ទំាង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ពិភពលោក។

និយាយពីកិច្ចសហប្រតិបត្តិការ​ការពារ​បរិស្ថាន ថ្នាក់​ដឹក​នំា​ទំាង​បី​បាន​គូស​បញ្ជាក់​អំពី​ភាព​ចំា​បាច់​ដែល​ប្រទេស​ទំាង​បី​ត្រូវ​តែ​មាន​ជំហរ​រួម​គ្នា ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក ​នា​ចុង​​ឆ្នំា ២០១០ ទទួល​បាន​ជោគជ័យ។

ទាក់​ទង​នឹង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​វិញ ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​​ទំាង​៣​រូប​បាន​បញ្ជាក់​រួម​គ្នា​ថា ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​នំា​មក​នៅ​សន្តិភាព​យូរ​អង្វែង សន្តិសុខ និង​សេដ្ឋកិច្ច​រុងរឿង​នៅ​ក្នុង​តំបន់។

លោកនាយករដ្ឋមន្រ្តីចិន Wen Jiabao
លោកនាយករដ្ឋមន្រ្តីចិន Wen Jiabao ©Reuters

ចិន​បាន​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់ និង​មិន​ព្រម​ថ្កោលទោស​កូរ៉េខាងជើង

ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន Wen Jiabao។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ លោក Wen Jiabao បាន​ជៀសវាង​មិន​និយាយ​ពី​ជំហរ​របស់​ចិន​ចំពោះ​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​របស់​ខ្លួន​ទេ។ ចំពោះ​លោក Wen Jiabao អ្វី​ដែល​សំខាន់ និង​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​កាត់​បន្ថយ​ភាព​តានតឹង និង​ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​សង្រ្គាម។ លោក Wen Jiabao បាន​បន្ថែម​ថា បើ​ឧបទ្វីប​កូរ៉េ​គ្មាន​សន្តិភាព និង​ស្ថិរភាព​ទេ នោះ​ក៏​គ្មាន​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ដែរ។ ការ​ប្រកាស​របស់​លោក Wen Jiabao នៅ​ពេល​នេះ មិន​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ថា​តំាង​ពី​វិបត្តិ​កូរ៉េ​បាន​ផ្ទុះ​ជា​ថ្មី​មក ចិន​គ្មាន​ចេតនា​ណា​មួយ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង​ទេ។

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី​ម្យ៉ុងបាក់ បាន​យល់​ច្បាស់​ណាស់​ថា ដើម្បី​អាច​ឲ្យ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​បាន លុះត្រា​តែ​មាន​វត្តមាន​គំាទ្រ​ពី​ប្រទេស​ចិន។ ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​អាច​ចេញ​រួច​ឬ​មិន​រួច គឺ​អាស្រ័យ​លើ​ចិន​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍និងជាខ្នងបង្អែករបស់កូរ៉េខាងជើង។ សូម​​រំលឹក​ជូន​​ថា ភាព​​តាន​តឹង​រវាង​កូរ៉េខាងជើង និង​ខាង​ត្បូង​បាន​ផ្ទុះ​ដល់​កំពូល​ជា​ថ្មី បន្ទាប់​ពី​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា កូរ៉េខាងជើង​ជា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បំាង​កូរ៉េខាង​ត្បូង​កាល​ពី​ខែ​មិនា​កន្លង​ទៅ ដោយ​បាន​ផ្តាច់​ជីវិត​ទាហាន​កូរ៉េខាង​ត្បូង​ចំនួន ៤៦​នាក់។

រហូត​មក​ទល់​ពេល​នេះ របប​ក្រុង​សេអ៊ូល​បាន​ចាត់​វិធានការ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​របប​ក្រុង​ព្យុងយ៉ាង តាម​រយៈ​ការ​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម ការ​បិទ​ផ្លូវ​នាវាចរណ៍ និង​ចាប់​ផ្តើម​ដាក់​មីក្រូ​ឡើង​វិញ​នៅ​តាម​ព្រំដែន ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង។ វិធានការ​ផ្ទៃ​ក្នុង​ទំាង​អម្បាលម៉ាន​របស់​កូរ៉េខាងត្បូង​ដែល​ត្រូវ​បាន​ទទួល​ការ​គំាទ្រ​ទំាង​ស្រុង​ពី​សំណាក់​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក។

សង្រ្គាម​កូរ៉េ​ផ្ទុះ​ជា​ថ្មី ?

សង្រ្គាមកូរ៉េផ្ទុះជាថ្មី ?
សង្រ្គាមកូរ៉េផ្ទុះជាថ្មី ? ©Reuters



តំាង​ពី​ពេល​ដែល​កូរ៉េខាង​ត្បូង​បាន​ទទួល​​ភស្តុតាង​ថា កូរ៉េខាង​ជើង​ជា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បំាង​របស់​ខ្លួន​មក លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យ៉ុងបាក់ (Lee Myung-bak) បាន​ប្រកាស​ឲ្យ​ដឹង​នូវ​វិធានការ​មួយ​ចំនួន មាន​ទំាង​វិធានការ​តាម​ផ្លូវ​យោធា​ផង ដើម្បី​ជា​ការ​តប​ត​នឹង​កូរ៉េខាងជើង។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា វិបត្តិ​​រវាង​កូរ៉េ​នា​ពេល​បច្ចុប្បន្ន​អាច​នឹង​នំា​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​អាវុធ តែ​មិន​រហូត​ដល់​ផ្ទុះ​សង្រ្គាម​រវាង​គ្នា​ដូច​ក្នុង​ទសវត្ស​ឆ្នំា ៥០ -​៥៣​ទេ ព្រោះ​ថា​ទី​មួយ៖ កូរ៉េខាងត្បូង​គ្មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​សង្រ្គាម​ជា​មួយ​កូរ៉េខាងជើង​ទេ ទោះ​បី​ជា​ទាហាន​របស់​ខ្លួន​មាន​ការ​ហ្វឹក​ហ្វឺន​ ​មាន​សព្វាវុធ​ទំនើបៗ និង​មាន​​វត្តមាន​ទ័ព​អាមេរិកំាង​ប្រចំាការ​នៅ​ទីនោះ​​ជិត ៣​ម៉ឺន​​នាក់​​ក៏​ដោយ និង​​ទី​ពីរ​​ទៀត​​នៅ​​កូរ៉េ​ខាង​ត្បូង គ្មាន​​ពលរដ្ឋ​ណា​ម្នាក់​ចង់​ឃើញ​សង្រ្គាម​កូរ៉េ​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ទេ។ នៅ​ខាង​កូរ៉េខាងជើង​វិញ របប Staline និយម​របស់​លោក គីម យ៉ុងអ៊ីល ក៏​មិន​ហ៊ាន​ប្រថុយ​ប្រថាន​វាយប្រហារ​​ទៅ​លើ​កូរ៉េខាងត្បូង​ទេ ទោះ​បី​ជា​ខ្លួន​មាន​ចំនួន​ទ័ព​ច្រើន​ជាង​កូរ៉េ​ខាង​ត្បូង​ក៏ដោយ។

ដូច្នេះបើពិនិត្យជារួមជម្រើសកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ (Lee Myung-bak) បាន​សម្រេច​នា​ពេល​នេះ​ជា​ជម្រើស​មួយ​សមរម្យ​ដោយ​មិន​ចំា​បាច់​សុំ​ការ​យល់​ព្រម​ពី​ប្រទេស​ណា​មួយ​ទេ។ សំណួរ​ដែល​ចោទ​​នៅ​​ត្រង់​​ថា​ តើ​វិធានការ​នេះនឹងមានប្រសិទ្ធិភាពកំរិតណា ?

និយាយពីទណ្ឌកម្មរបស់អន្តរជាតិវិញក៏ដូចគ្នាដែរ។ កន្លង​មក​ទណ្ឌកម្ម​ថ្កោលទោស​លើ​កូរ៉េ​ខាង​ជើង​ធ្លាប់​មាន​ជា​ហូរហែ​ទាក់ទង​នឹង​សំណុំ​រឿង​នុយក្លេអ៊ែរ។ តែ​មិន​ដែល​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​រាង​ចាល​ទេ។ ផ្ទុយ​ទៅ​វិញ​រឹត​តែ​ជំរុញឲ្យ​របប​ក្រុង​ព្យុងយ៉ាង​កាន់​តែ​បន្ត​ផ្គើន​សហគម​ន៍​អន្តរជាតិ​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ