អានតួអត្ថបទ
ជប៉ុន

ភាពក្រីក្រ​ដែល​គេ​មើល​មិន​ឃើញ​នៅ​ជប៉ុន

បុគ្គលិក​រាប់លាន​នាក់​មាន​ការងារ​មិនឋិតថេរ ស្រ្តី​ជា​ម្តាយ​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង​មាន​កាន់​តែ​ច្រើន និង​មនុស្ស​ចាស់​ដែល​ពិបាក​នឹង​រក​ទទួល​ទាន ចិញ្ចឹម​ជីវិត។ ភាពតោកយ៉ាក​ទាំង​នេះ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ភាពក្រីក្រ​ដែល​គេ​មើល​មិន​ឃើញ កំពុង​រំខាន​ជប៉ុន មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ​បន្ទាប់​ពី​អាមេរិក។

ប្រជាជន​ជប៉ុន​កាន់​តែ​ច្រើន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការងារ​មិន​ទៀងទាត់
ប្រជាជន​ជប៉ុន​កាន់​តែ​ច្រើន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការងារ​មិន​ទៀងទាត់ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

02:04

សេចក្តី រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ប្រជាជន​ជប៉ុន​រស់នៅ​ក្នុង​ជីវភាព​រុងរឿង។ រូបភាព​នេះ​បាន​ក្លាយ​ទៅ​ជា​រឿងព្រេង​ទៅ​ហើយ នៅ​ពេល​ដែល​លទ្ធផល​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រជាជន​ជប៉ុន​ម្នាក់​ក្នុង ចំណោម​៦ នាក់​កំពុង​រស់នៅ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាពក្រីក្រ។ ការស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ នា​ចុង​ឆ្នាំ​មុន និង​ជា​លើក​ទី​មួយ នៅ​ប្រទេស​ជប៉ុន​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ន្ធត់ចិត្ត​យ៉ាងខ្លាំង។ ប្រជាជន​ជប៉ុន​ដែល​ធ្លាប់​គិត​ថា ពួកគេ​រស់នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​ក្នុង​ភាព​ស្មើភាព​គ្នា។

ជាការពិត សេដ្ឋកិច្ច​ជប៉ុន​ធ្លាប់​ទទួល​ភាព​រុងរឿង​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០ និង​ឆ្នាំ ៧០ រហូត​ទទួល​បាន​ឈ្មោះ​ជា​ប្រទេស​នាគ​ក្នុង​តំបន់​អាស៊ី។ ប៉ុន្តែ​ភាព​រុងរឿង​នេះ​បាន​លិច​បាត់​បន្តិច​ម្តងៗ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ៩០ ពោល​គឺ នៅ​ពេល​ដែល​កុងត្រា​ការងារ​អស់​មួយ​ជីវិត​ត្រូវ​គេ​លុបចោល។ ជា​ជំនួស​មក​វិញ ការងារ​មិន​ឋិតថេរ និង​កុងត្រា​រយៈពេល​ខ្លី កាន់​តែ​កើនឡើង និង​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ធ្លាក់​ទៅ​ក្នុង​ភាពក្រីក្រ ដោយ​មិន​ដឹង​ខ្លួន។ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ចាប់តាំង​ពី​ឆ្នាំ ២០០៨ ដែល​ជប៉ុន​ជួប​ប្រទះ​ដូចគេ ដូចឯង បាន​បណ្តាល​ឲ្យ​មាន​អ្នកអត់​ការងារ​ជាច្រើន​លាន​នាក់ ជា​ពិសេស​ក្រោយ​ផែនការ​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន។

ក្នុង​អត្ថបទ​ស្រាវជ្រាវ គេ​បាន​លើក​យក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា ស្រ្តី​ដែល​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​ភាគច្រើន​មាន​ត្រូវ​ធ្វើ​ការងារ​ពីរ។ ពួក​នាង​ធ្វើការ​នៅ​ពេល​ព្រឹក និង​ថ្ងៃ។ ក្រោយ​ចេញ​ពី​ធ្វើការ នាង​ត្រូវ​ត្រឡប់​មក​ផ្ទះ​ធ្វើ​ម្ហូប​ឲ្យ​កូន មុន​នឹង​ចេញ​ទៅ​ធ្វើការ​យប់​មួយ​ទៀត។

គេ​គួរ​ដឹង​ថា ប្រជាជន​ជប៉ុន​កាន់​តែ​ច្រើន មាន​របៀប​របប​រស់នៅ​បែប​លោក​ខាងលិច ដោយ​ចាកចេញ​ទៅ​បង្កើត​គ្រួសារ​ថ្មី និង​មិនរស់នៅ​ជាមួយ​ឪពុកម្តាយ។ ការរស់នៅ​បែកខ្ញែក​គ្នា​រវាង​កូនៗ និង​ឪពុកម្តាយ ដែល​ត្រូវ​គេ​ទុកចោល មិន​បាន​ទទួល​ការយក​ចិត្ត​ទុកដាក់​ពី​គ្រួសារ និង​រដ្ឋ​ក៏​ជា​មូលហេតុ​មួយ​ទៀត​នៃ​ភាព​ក្រីក្រ។

ប្រភព​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ក្រីក្រ នៅ​ជប៉ុន គឺ ខុស​ពី​ប្រទេស​អ្នកមាន​ផ្សេង​ទៀត ជប៉ុន​ខ្លួន​ឯង​បាន​អនុវត្ត​យក​ពន្ធ​ច្រើន​ពី​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម។

ជាលទ្ធផល ភាពក្រីក្រ​បាន​បណ្តាល​ឲ្យ​មាន​ការធ្វើ​អត្តឃាត ការធ្វើបាប​លើ​កុមារ។ ដោយសារ​តែ​ភាពក្រីក្រ​នេះ គ្រួសារ​ជប៉ុន​រឹត​តែ​មាន​កូន​តិចទៅៗ និង​សុខភាព​កាន់​តែ​ធ្លាក់​ដុនដាប។ មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា ជា​ញឹកញយ​ខ្លួន​ហូប​អាហារ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា អ្នកស្រាវជ្រាវ​បង្ហាញ​ថា ក្នុង​សភាព​ក្រីក្រ​បែប​នេះ មាន​មនុស្ស​ចំនួន​តិច​ប៉ុណ្ណោះ​សុខចិត្ត​ធ្វើ​ជា​អ្នក​សុំទាន និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

អ្នកស្រាវជ្រាវ​បាន​អំពាវនាវ​ការធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ពី​រដ្ឋាភិបាល។ នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន លោក​ណាអូតូ កាន​បាន​សន្យា​កាត់បន្ថយ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​មិន​សប្បាយ​ចិត្ត។ ប៉ុន្តែ គេ​មើលឃើញ​ថា បរាជ័យ​របស់​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ព្រឹទ្ធសភា នឹង​មិន​អាច​ឲ្យ​នាយករដ្ឋមន្រ្តី​ធ្វើ​បាន​តាម​ការសន្យា​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ