អានតួអត្ថបទ
អាមេរិក-ឥណ្ឌូនេស៊ី

ចំពោះ​លោក អូបាម៉ា​ " ឥណ្ឌូនេស៊ី​​ជា ​គំរូ សំរាប់ សាសនា អ៊ីស្លាម និង​លោក​ខាងលិច"

ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ដល់ ២៤ ម៉ោង​ផង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​​ប្រទេស​ដែល​លោក​ធ្លាប់​បាន​រស់​នៅ​ក្នុង​កុមារភាព លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​គេ​ទន្ទឹង​រង់ចាំ​ក្នុង​នោះ លោក​ប្រធានាធិបតី​អាមេរិក ​សំដែង​គារវកិច្ច ចំពោះ​ឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ី ដែល​លោក​អូបាម៉ា បាន​ថ្លែង​សរសើរ ថា​មាន​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ​និង​ការ​រួមរស់​ជាមួយគ្នា ដោយ​សុខសាន្ត​រវាង​សហគមន៍​សាសនា​ផ្សេងៗ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​លោក​អូបាម៉ា​គូស​បញ្ជាក់​ថា ជា​មាតុភូមិ​ទីពីរ​របស់​លោក​ដែរ។

លោក​ប្រធានាធិបតី​អាមេរិក​​ Barack Obama​ នា​ឱកាស​ថ្លែង​សុន្ទរកថា របស់​លោក​នៅ​សកលវិទ្យាល័យ​ឥណ្ឌូនេស៊ី​នៅ​ទីក្រុង​ Djakarta​ ថ្ងៃ​ពុធ​ទី​ ១០​វិច្ឆិកា​២០១០។
លោក​ប្រធានាធិបតី​អាមេរិក​​ Barack Obama​ នា​ឱកាស​ថ្លែង​សុន្ទរកថា របស់​លោក​នៅ​សកលវិទ្យាល័យ​ឥណ្ឌូនេស៊ី​នៅ​ទីក្រុង​ Djakarta​ ថ្ងៃ​ពុធ​ទី​ ១០​វិច្ឆិកា​២០១០។ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

03:14

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

នៅឱកាស​បំពេញទស្សនកិច្ចដ៏ខ្លីរបស់លោក​នៅ​ទីក្រុង Jakarta លោកប្រធានាធិបតីអាមេរិក​ប្រកបដោយទឹកមុខញញឹមពព្រាយឥតដាច់ បានថ្លែងបញ្ជាក់​​​អំពី​ សុភមង្គលរបស់លោក​នៅ​ពេល​បាន​វិល​មកកាន់ប្រទេសឥណ្ឌូនេស៊ី សា ជាថ្មី បន្ទាប់ពីលោកបានចាកចេញ កាលពី​៣៩​ឆ្នាំ​មុនក្នុង​ពេលលោកមានវ័យ​ជាកុមារ។ នៅថ្ងៃពុធនេះ លោកអូបាម៉ា ​បានថ្លែងថា « ឥណ្ឌូនេស៊ី ​គឺ ជាមួយ​ភាគ​នៃ​ជីវិត​របស់លោក​​ » ​ជា​​ភាសា ឥណ្ឌូណេស៊ី​ ដែលលោ​​ក​ធ្លាប់​បាន​សិក្សា នៅ​ទីក្រុង Jakarta  នាចុង​ទសវត្សឆ្នាំ១៩៦០។

លោក​ប្រធានាធិបតីអាមេរិក សំដែងការសោកស្តាយដែរ​ថា៖ ប្រទេស​ឥណ្ឌូនេស៊ី​ គឺជា ​ប្រទេស​ទី៤ ដែល​មាន​ប្រជាជន​ដ៏​ច្រើនបំផុត​​នៅ​លើ​ពិភព​លោក តែបែរ​ជាគេ​មិនសូវស្គាល់ និង មិនសូវ​សរសើរ​ទៅវិញនៅឯបរទេស- ​ លើក​លែងតែ កោះទេសចរពីរ គឺ កោះ បាលី និង​កោះ ហ្សាវ៉ា។ 

ម្យ៉ាងទៀត ប្រជុំកោះដ៏ធំអសា្ចរ្យនេះ​ មានឈ្មោះ ល្បី​សុសសាយ​ ថា ជា​ប្រទេស​មួយ​ដែលមាន​លទ្ធិ​ប្រជាធិបតេយ្យ តាំង​ពី​ឆ្នំា ១៩៩៨ មកម៉្លេះ ដែល​អាច​​ជា ​ប្រភព គំរូ មួយ​សំរាប់​ពិភពលោក​ដែរ។  លោក អូបាម៉ា ​បាន​ថ្លែង​ទៀត​ថា” ទោះបីជា ប្រទេសនេះ  ​ឥឡូវ មាន​ការ​ផ្លាស់ប្តូរ ច្រើន​យ៉ាងណា​ក្តី -ក៏ ស្មារតី នៃ ការអត់ឱនគ្នា នៅតែ​ចារទុក​ក្នុងរដ្ឋធម្មនុញ្ញ និង​ នៅតែ​មាន​ វិហារ​អ៊ីស្លាម -វិហារកាតូលិក- ​វត្តអារ៉ាម- ជាយូរអង្វែងមកហើយ​ ដែល​ជាតឹកតាងមួយ​បញ្ជាក់​យ៉ាង​ច្បាស់​ ​អំពីការរស់នៅដោយសុខសាន្ត​រវាង​សហគមន៍​​សាសនា​ផ្សេងៗនៅក្នុងប្រទសនេះ។

​ក្នុងន័យនេះ ហើយ ប្រទេស ឥណ្ឌូនេស៊ី នឹង ​​ដើរតួរនាទី ដ៏សំខាន់បំផុតមួយ នៅក្នុង​សតវត្សរ៍​ទី​​២១នេះ។  សុន្ទរកថា​​របស់លោក​អូបាម៉ា​​នេះ ​ធ្វើឡើង នៅចំពោះមុខ​បណ្តានិស្សិត​សកល​វិទ្យាល័យ​ ឥណ្ឌូនេស៊ី ប្រមាណ ៦០០០ នាក់ ដែលមកស្តាប់​ដោយ​សោមនស្សរីករាយបំផុត។

សូមបញ្ជាក់ថា ប្រជាជនឥណ្ឌូនេស៊ី ជិត ៩០%​ ក្នុងចំណោមប្រជាជន ចំនួន ២៤០​លាននាក់ គឺ​ជាអ្នកកាន់សាសនាអ៊ីស្លាម   ហើយ ភាគច្រើន ប្រតិបត្តិ​សាសនា​​អ៊ីស្លាមដែលមាននិន្នាការ​ កណ្តាល។ ក៏ប៉ុន្តែ ​ ក៏ មានអង្គការ​អ៊ីស្លាម​ដា​ច់ខាត​ មួយចំ​នួន ​ដែលនៅតែ ការពារ ការអនុវត្ត​ច្បាប់​សាសនាអ៊ីស្លាម « La Charia » ហើយក្នុងនោះ អង្គការអ៊ីស្លាមដាច់ខាតខ្លះ បានប្រព្រឹត្ត​អំពើ​ហិ​ង្សា​។

​លោកអូបាម៉ា បានអះអាងផងដែរថា ប្រយុទ្ធប្រឆាំង​នឹង​​ចរន្ត​ជ្រុលនិយម ពុំមែន​មាន​តែអាមេរិកម្នាក់ឯ​ងទេដែលជាអ្នកទទួលខុសត្រូវ ក៏ប៉ុន្តែ ចំពោះបណ្តា​អ្នក​ដែល​ចង់​កសាង​ពិភព​លោក នោះ គេក៏​មិនត្រូវទុក បណ្តោយឲ្យ ពួកភេរវជន ដូចជាពួក អាល់កៃដា ជាដើម​ ប៉ុនប៉ង​ មក​បំផ្លិច​បំផ្លាញ​សុខសន្តិភាពនៅលើពិភពលោក។ ក្នុងបញ្ហាដើមបូព៌ា--​លោក​ប្រធានាធិបតី​​អាមេរិក ​បានអះអាងសាជាថ្មី នូវ ការ​ប្តេជ្ញាចិត្តរ​បស់​លោក ក្នុងការ​ពុះពារ​ជំនះ​ឧបស័គ្គ​ធំៗ គ្រប់បែបយ៉ាង ដែលកំពុង មាន​នៅ​ក្នុង​តំបន់​ ដើម្បី ស្វែងរកសន្តិភាព​ រវាង​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន។
 

បន្ទាប់ពីប្រទេស ឥណ្ឌា និង ឥណ្ឌូនេស៊ីមក- លោក អូបាម៉ា ​​ក្នុងយប់នេះ លោកនឹងអញ្ជើញទៅដល់ កូរ៉េខាងត្បូង ​ដើម្បីចូលរួម​ក្នុង​ជំនួបកំពូល G20  ​ហើយ​បន្ទាប់​មក លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​ជា​ដំណាក់ការ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​៨​ថ្ងៃ​របស់​លោក​នៅ​តំបន់​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ