អាកាសធាតុ៖ សន្និសីទដែលបង្កប់ដោយក្តីសង្ឃឹមតិចតួច
សន្និសីទអន្តរជាតិលើកទី១៦ស្តីពីអាកាសធាតុផ្តើមបើកជាផ្លូវការ ចាប់ពីថ្ងៃទី២៩ វិច្ឆិកា នេះ រហូតដល់ថ្ងៃទី ១២ ធ្នូ នៅទីក្រុងមាត់សមុទ្រកង់គូន ប្រទេសម៉ិចស៊ិក។ សន្និសីទដែលចូលរួមដោយប្រទេសជាង ១៩០ នៅទូទំាងពិភពលោក និងដែលមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅលើ ភពផែនដី។
ចុះផ្សាយនៅថ្ងៃ៖
បទអន្តរាគមន៍របស់ គួច គន្ធារ៉ា
សន្និសីទលើកទី១៦ស្តីពីអាកាសធាតុនេះមិនមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដូចកាលក្នុងសន្និសីទនៅប្រទេសដាណឺម៉ាកកាលពីចុងឆ្នំា ២០០៩កន្លងទៅទេ គឺមានការចូលរួមត្រឹមតែថ្នាក់រដ្ឋមន្រ្តីក្រសួងបរិស្ថានប៉ុណ្ណោះ។ ត្រង់ចំណុចនេះត្រូវបានគេមើលឃើញថា ការជជែកគ្នាអាចនឹងមានលក្ខណៈងាយស្រួលជាង ពោលគឺមិនសូវមានការតឹងតែង និងមិនសូវមានគំនាបប៉ុន្មានទេ។
ប្រធានបទដែលត្រូវលើកទៅជជែកក៏មិនខុសអ្វីពីសន្និសីទនៅទីក្រុង Copenhague កាលពីមួយឆ្នំា ២០០៩ ទេ។ អ្វីដែលប្រទេសពាក់ព័ន្ធទំាងអស់ព្យាយាមសម្រចឲ្យបាននោះ គឺកិច្ចព្រមព្រៀងថ្មីមួយ ជំនួសឲ្យពិធីសារក្យូតូដែលនឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣១ ធ្នូ ឆ្នំា ២០១២ខាងមុខ។
ពិធីសារក្យូតូដែលបានអនុម័តកាលពីថ្ងៃទី១១ ធ្នូ ឆ្នំា ១៩៩៧ បានកំណត់ពីកិច្ចសន្យាជាតួលេខរបស់ប្រទេសហត្ថលេខីក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពិសេសឧស្ម័នកាបូនិចទៅក្នុងបរិយាកាសក្នុងចន្លោះឆ្នំា ២០០៨-២០១២។ ដូច្នេះឃើញថា គោលដៅនៃសន្និសីទនៅក្នុងប្រទេសម៉ិចស៊ិចរយៈពេល ២សប្តាហ៍នេះ គឺស្វែងរកសន្ធិសញ្ញាថ្មីមួយបន្តពីសន្ធិសញ្ញាក្យូតូសម្រាប់ចន្លោះឆ្នំា ២០១៣-២០២០។
កាលពីខែមេសា និងកញ្ញាកន្លងទៅថ្មីៗនេះ កិច្ចចរចាជាឧភតោភាគីត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសចិន។ គឺកិច្ចព្រមព្រៀងទំាងឡាយដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចានោះឯង ដែលត្រូវបានគេចាត់ទុកជាប្រធានបទគោលនៅសន្និសីទកង់គូន។ ក្នុងនោះរួមមាន ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការកំណត់ Quotas នៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ពិសេស ប្រទេសពាក់ព័ន្ធត្រូវតែសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយដែលកំរិតមិនឲ្យសីតុណ្ហភាពលើភពផែនដីកើនលើសបន្ថែមចំនួន ២អង្សា។
គោលដៅសំខាន់មួយទៀតនៃសន្និសីទកង់គូន គឺពិនិត្យអំពីកិច្ចសន្យារបស់ប្រទេសអ្នកមាន នាសន្និសីទនៅប្រទេសដាណឺម៉ាក ដែលបានសន្យាផ្តល់ប្រាក់ចំនួន ១០ម៉ឺនលានដុល្លារទៅឲ្យប្រទេសក្រីក្រ នៅក្នុងយុទ្ធនាការទប់ស្កាត់ការឡើងកម្តៅក្នុងបរិយាកាស។
តុល្យការនៃសន្និសីទនៅប្រទេសដាណឺម៉ាកក្នុងឆ្នំា ២០០៩
ជារួម លទ្ធផលដែលបានចរចាគ្នាអស់រយៈពេល ១២ថ្ងៃរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទំាងជាង ១៩០ ប្រទេសក្នុងប្រទេសដាណឺម៉ាកក្នុងឆ្នំា ២០០៩ ទទួលបានតិចតួចស្តួចស្តើងណាស់ គឺមិនដូចអ្វីដែលទំាងអស់គ្នាទន្ទឹងរង់ចំាទេ។ សន្និសីទនៅដាណឺម៉ាកបានបិទបញ្ចប់ដោយមានកិច្ចព្រមព្រៀងមួយដែលគ្មានលក្ខណៈបង្ខិតបង្ខំ មានន័យថា ប្រទេសណាចង់អនុវត្តតាមក៏អនុវត្តទៅ ប្រទេសណាមិនអនុវត្តទេ ក៏ហីទៅ។ មួយវិញទៀត កិច្ចព្រមព្រៀងនៅ Copenhague មិនមែនកើតចេញពីលទ្ធផលនៃកិច្ចចរចារួមរវាងប្រទេសពាក់ព័ន្ធទំាងអស់ទេ តែកើតមានពីការព្រមព្រៀងគ្នារវាងប្រមុខរដ្ឋប្រមាណជា២០ប្រទេស ពិសេសសហរដ្ឋអាមេរិក និងប្រទេសចិន។ អាមេរិក និងចិនដែលត្រូវបានចាត់ទុកជាប្រទេសដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេនៅលើភពផែនដី។ ពិតមែនតែខ្លឹមសារនៃកិច្ចព្រមព្រៀងនោះបានចែងយ៉ាងច្បាស់ពីការទប់ស្កាត់ការឡើងកម្តៅនៅក្នុងបរិយាកាសក៏ដោយ ក៏គេមិនឃើញមានកិច្ចសន្យាជាតួលេខច្បាស់លាស់ណាមួយទេ។
មែនទែនទៅ កិច្ចព្រមព្រៀងដែលសន្និសីទ Copenhague សម្រេចបាន ជាកិច្ចព្រមព្រៀងមួយល្អមើលតែប៉ុណ្ណោះ ពិសេស គ្រាន់តែជារូបភាពមួយដើម្បីឲ្យគេមើលទៅឃើញថា សន្និសីទ Copenhague មិនបរាជ័យទំាងស្រុងទេ។
ភាពមិនចុះសម្រុងគ្នាកំពុងបន្តមាននៅក្នុងចំណោមប្រទេសហត្ថលេខី
គេសង្កេតឃើញថា បញ្ហាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅលើភពផែនដី គឺជាបញ្ហាមួយដែលគេពិបាកនឹងរកបានកិច្ចព្រមព្រៀងរួមសម្រាប់ទំាងអស់គ្នាណាស់ ពិសេស រវាងប្រទេសអភិវឌ្ឍ និងប្រទេសដែលកំពុងតែមានឧស្សាហកម្មជឿនលឿនដូចយ៉ាងប្រទេសចិន។
ភាពមិនចុះសម្រុងគ្នាបានកើតចេញពីការច្រណែនគ្នា។ កន្លងមក ប្រទេសដែលប្រទាញប្រទង់គ្នាខ្លំាងជាងគេ គឺអាមេរិក និងចិន។ ចិនដែលកំពុងមានឧស្សាហកម្មជឿនលឿនតែងតែអះអាងថា ខ្លួនមិនជាប់កាតព្វកិច្ចអ្វី នឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទេ។ ការអះអាងរបៀបនេះ ត្រូវបានប្រទេសមហាអំណាចឧស្សាហកម្មមួយចំនួនដូចយ៉ាងអាមេរិកមិនសុខចិត្តទេ ពីព្រោះគេយល់ថា ចិនគឺមិនមែនជាប្រទេសកំពុងអភិវឌ្ឍទៀតឡើយ ព្រោះពេលនេះ ចិនបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ក្នុងលោកទៅហើយ។
សរុបមកវិញ ការខ្វែងគំនិតគ្នាជុំវិញកាត់ការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសពេលនេះ មិនបានកើតមានតែរវាងប្រទេសអភិវឌ្ឍប៉ុណ្ណោះទេ ក៏មានផងដែរ រវាងប្រទេសកំពុងអភិវឌ្ឃ។ ដំបូងរវាងប្រទេសអភិវឌ្ឍដូចយ៉ាងសហរដ្ឋអាមេរិក កាណាដា ជប៉ុន និងអូស្រ្តាលី ហាក់ដូចជានិយាយមិនចុះសម្រុងគ្នាជុំវិញកិច្ចសន្យាថ្មី និងអត្រានៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ អត្រានៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលសហភាពអឺរ៉ុបស្នើឲ្យមានចំនួន ៣០% ចាប់ពីពេលនេះទៅទល់នឹងឆ្នំា ២០២០ ដោយប្រៀបធៀបនឹងអត្រាដែលមានក្នុងឆ្នំា ១៩៩០។
ការខ្វែងគំនិតគ្នាក៏មានផងដែរ រវាងប្រទេសកំពុងអភិឌ្ឍ ដូចយ៉ាងប្រទេសប្រេស៊ីល អាហ្រិ្វកខាងត្បូង ចិន និងឥណ្ឌា។ ជាការពិត ប្រទេសកំពុងអភិវឌ្ឍទំាងនេះបានចាត់ទុកការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថា ជាកាតាព្វកិច្ចរួមដើម្បីប្រយោជន៍ទំាងអស់គ្នា។ តែជាមួយគ្នានេះ ពួកគេបានទាមទារឲ្យពិនិត្យមើលលើស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗដោយធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់គេ។
ជារួម ប្រទេសទំាងជាង ១៩០ ដែលជាប្រទេសហត្ថលេខីលើពិធិសារក្យូតូ បានចាត់ទុកបញ្ហាអាកាសធាតុថា ជាប្រធានបទពិភពលោក។ តែបញ្ហានៅត្រង់ថា ដោយម្នាក់ៗបានគិតផលប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះ បានធ្វើឲ្យសំណុំរឿងអាកាសធាតុបែកជា២ក្រុមប្រឆំាងគ្នា គឺក្រុមដែលចង់បានដំណោះស្រាយឲ្យបានឆាប់ និងក្រុមដែលព្យាយាមយកជើងរាទឹក ដោយចង់បានដំណោះស្រាយបញ្ហានេះ ជាលក្ខណៈផ្ទាល់ខ្លួនទៅវិញ។
អ៊ីចឹងសួរថា តើអ្វីទៅ ដែលទំាងអស់គ្នាកំពុងរង់ចំាពីសន្និសីទនៅក្នុងប្រទេសម៉ិចស៊ិចពេលនេះ ?
គេមិនបានរង់ចំាអ្វីជាដុំកំភួនទេ។ ចំណាប់អារម្មណ៍របៀបនេះបានកើតមានតំាងពីសន្និសីទបានចាប់ផ្តើមទៅទៀត។ តើសន្និសីទកង់គូននឹងទទួលលទ្ធផលដូចសន្និសីទ Copenhague ឬ ?
វាដូចជារហ័សពេក បើគេហ៊ានផ្តល់ចម្លើយជាក់ច្បាស់ណាមួយនោះ ព្រោះថា សន្និសីទទើបចាប់ផ្តើម និងត្រូវបន្តរហូតដល់ថ្ងៃទី ១២ ធ្នូខែក្រោយ។ សន្និសីទកង់គូននឹងទទួលបរាជ័យ ឬជោគជ័យនៅមិនទាន់ដឹងទេ អ្វីដែលគេដឹង កម្តៅនៃភពផែនដីកំពុងបន្តឡើងនិងដែលគ្មាននរណាម្នាក់ ហ៊ានឆ្លើយថា មិនមែនជាកំហុសរបស់ខ្លួននោះឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ