អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្វហ្កានិស្តង់-ប៉ាគីស្តង់

លោក​បារ៉ាក់​អូបាម៉ា៖« យើង​ត្រូវ​ប្រើ​ពេល​​យូរ​ទៀត​ដើម្បី​យក​ជ័យជំនះ​លើ​ពួក​អាល់កៃដា »

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​១៦​ធ្នូ​ម្សិលមិញ លោក​ប្រធានាធិបតី អាមេរិក បាន​បង្ហាញ​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់​លោក ​ស្តីពី​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ អាហ្វហ្កានិស្តង់​និង​ប៉ាគីស្តង់​ ដោយ​​បាន​ស្នើសុំ​​ឲ្យ​យោធា​អាមេរិក​​ធ្វើការ​​វាយតម្លៃ​​យុទ្ធសាស្ត្រ​​របស់​​លោក។ យោងតាម​ប្រធានាធិបតី​អាមេរិក សង្គ្រាម​នៅ​អាហ្វហ្កានិស្តង់ នៅ​តែ​ជា « បញ្ហា​មួយ​ដ៏​ពិបាក» តែ​លោកអូបាម៉ា ក៏​​ចង់ឃើញដែរ ​ការរីកចំរើន​​របស់​​កងទ័ពសម្ព័ន្ធមិត្ត​​​នៅ​ក្នុង​​ការ​ប្រយុទ្ធ​​ប្រឆាំង​​ជាមួយ​ពួក​​តាលីបង់​និង​​បណ្តាញ​ភេរវនិយម​អាល់កៃដា និង​បាន​​ទាមទារ​​ឲ្យ​ប៉ាគីស្តង់​​បង្កើន​​ការ​​ប្រយុទ្ធ​ប្រឆាំង​របស់ខ្លួន​ទៅលើ​​​​ទី​ជម្រក​​សំខាន់ៗ​​របស់​ពួកអ៊ីស្លាម​ជ្រុលនិយម​នៅ​លើ​ទឹកដី​ប៉ាគីស្តង់ដែរ ពីព្រោះ​នៅ​លើ​វិស័យនេះ ទីក្រុងអីស្លាម៉ាបាត នៅ​យឺតយ៉ាវ​ខ្លាំងណាស់។ ​ក៏ប៉ុន្តែ​ជាបឋម លោក​អូបាម៉ា បាន​សំដែង​គារវកិច្ច​ចំពោះ លោក Richard Holbrooke ដែល​បាន​ចូល​មរណភាព​កលពី​ដើម​សប្តាហ៍នេះដែរ។

លោក Barack Obamaបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ស្តីអំពី យុទ្ធសាស្ត្រអាមេរិកនៅ Afghanistan និង Pakistan នៅ​ក្បែរ​លោក​អនុប្រធានាធិបតី​ លោក Joe Biden (រូបឆ្វេង)និង​ប្រមុខការទូត​លោកស្រី  Hillary Clinton ថ្ងៃ១៦ធ្នូ ២០១០
លោក Barack Obamaបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ស្តីអំពី យុទ្ធសាស្ត្រអាមេរិកនៅ Afghanistan និង Pakistan នៅ​ក្បែរ​លោក​អនុប្រធានាធិបតី​ លោក Joe Biden (រូបឆ្វេង)និង​ប្រមុខការទូត​លោកស្រី Hillary Clinton ថ្ងៃ១៦ធ្នូ ២០១០ Reuters/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

01:54

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

លោក Richard Holbrooke​ ​បានទទួលអានិច្ចកម្ម​កាលពីថ្ងៃ​ចន្ទទី​១៣​ធ្នូ​ កន្លង​មក​ ជា​បេសកជន​ពិសេស របស់​លោក​ប្រធានាធិបតី​អាមេរិក សំរាប់ ​អាហ្វហ្កានិស្តង់​​និង​ប៉ាគីស្តង់។ លោក បារ៉ាក​អូបាម៉ា បាន​ស្វាគម​​​ចំពោះ​ « ការងារ​ដ៏​ធំសម្បើម​អស្ចារ្យនេះ​​ »ដែលលោក Richard Holbrooke​បានបំពេញ​កន្លងមក។

លោក​​ប្រធានាធិបតី​អាមេរិក បាន​ទទួល​ស្គាល់​ដែរ​ថា ការ​ប្រយុទ្ធប្រឆាំង​ទល់​នឹង​ពួក​តាលីបង់​និង​អាល់កៃដា​នៅ​ក្នុង​អាហ្វហ្កានិស្តង់​និង​ប៉ាគីស្តង់ ​មាន​ការ​រីក​ចំរើន​តែ ជា​ការ​រីក​ចំរើន​មួយ​​ក្នុងលក្ខណៈផុយស្រួយនិង​មិនស្ថិតស្ថេរ។

នៅចំពោះមុខបណ្តាអ្នកកាសែត លោកបារ៉ាកអូបាម៉ា បានថ្លែង​ជាច្រើន​ដង​ថា «  ការប្រយុទ្ធ​ប្រឆាំង យក​ជ័យ​ជំនះលើ​ពួកភេរវនិយម អាល់កៃដា​ នឹង​ត្រូវ​​ប្រើ​ពេល​វេលា​ដ៏​យូរ​ថែមទៀត”។ នេះ​ជា​ការ​ទទួល​ស្គាល់​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដែលបាន​សន្យា​​ ថា​សហរដ្ឋអាមេរិក នឹង​ចូល​​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​ភេរវនិយម​​ ក៏ប៉ុន្តែ លោកអូបាម៉ា​​បាន​​​គូស​បញ្ជាក់​ដែរ​ថា ​អាមេរិក​​នឹង​ដក​យោធារបស់ខ្លួន​បន្តិច​ម្តងៗ​​​ចេញពី​អាហ្វហ្កានិស្តង់ នៅក្នុងអំឡុងពេល​៣ឆ្នាំ​ខាងមុខទៀត។

ការ​ដកកងទ័ពដែលនឹងត្រូវ​ចាប់ផ្តើម​ជាដំបូងនៅខែ​កក្កដា ២០១១ និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៤ ដូច​​សេចក្តី​ព្រមព្រៀង​នៅ​ក្នុង​ជំនួបកំពូលអូតង់ នៅ​ទីក្រុង​​Lisbonne កាលពី​ខែ​មុន​។ ទន្ទឹមនេះ លោក​ បារ៉ាក់អូបាម៉ា​​ ធ្វើការ​ដាក់​សម្ពាធ​​ទៅលើ​ប៉ាគីស្តង់​ ដោយ​​​តម្រូវ​ឲ្យ​ទីក្រុង​អ៊ីស្លាម៉ាបាត ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំងកំចាត់​ឲ្យអស់ទីជម្រកសំខាន់ៗ​​របស់​ពួក​អ៊ីស្លាម​​ជ្រុលនិយម នៅលើ​ទឹក​ដីខ្លួន។ នៅទីបញ្ចប់ លោកប្រធានាធិបតីអាមេរិក វាយ​តម្លៃ​ថា “ ការរីក​ចំរើន​​​របស់​ប៉ាគីស្តង់​នៅ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើភេរវនិយម នៅ​​មិន​​ទាន់​​​បាន​លឿន​រហ័ស​នៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ