អានតួអត្ថបទ
ភូមា-កាណាដា

អ៊ុងសានស៊ូជី ត្រូវ​បាន​អញ្ជើញ​អោយ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​កាណាដា

បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ កាលពី​ពាក់កណ្តាល​ខែ វិច្ឆិកា​កន្លង​ទៅ ​មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​រូបនេះ ​បាន​បន្ត​ប្រឡូក​យ៉ាង​សកម្ម ក្នុងការ​ទាមទារ​សេរីភាព​ឲ្យ​ប្រទេស​របស់​ខ្លួន​។ ឆាក​នយោបាយ​នៅ​ក្រៅ​ប្រទេស ក៏​បើកទ្វារ​រង់ចាំ អតីត​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ផងដែរ។ កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ នាយក​រដ្ឋមន្ត្រី កាណាដា ​បាន​អញ្ជើញ​លោកស្រី ឲ្យ​មក​ទទួល​ជា​ផ្លូវការ នូវ ឋានៈ “ជាពលរដ្ឋ​កិត្តិយស របស់ កាណាដា” ។

លោកស្រី អ៊ុងសានស៊ូជី មេ​ដឹកនាំ​បក្ស​ប្រឆាំង​ភូមា​និង​ជាអតីត​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព
លោកស្រី អ៊ុងសានស៊ូជី មេ​ដឹកនាំ​បក្ស​ប្រឆាំង​ភូមា​និង​ជាអតីត​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម
01:40

សេចក្តី​រាយការណ៍​របស់ អ៊ុង ច័ន្ទ​សោភា

អ៊ុង ច័ន្ទ​សោភា

« យើង​ដឹង​ច្បាស់​ណាស់​ថា ​កិច្ចការ​ចំបង​ដែល​លោកស្រីអ៊ុងសានស៊ូជី ត្រូវតែ​ធ្វើ​ជា​ប្រញាប់​នៅពេលនេះ ​គឺ​ការចរចា​ជាមួយ​របប​សឹក​ភូមា។ រីឯ​ការ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ គឺជា​រឿង​បន្ទាប់។ តែ​ទោះជា​យ៉ាងណា​ យើង​សង្ឃឹមថា​ លោកស្រី​នឹង​យល់ព្រម​មកតាម​សំណើ​របស់យើង​ ក្នុង​ឱកាស​ដ៏​សំខាន់​នេះ » នេះ​ជា​ប្រសាសន៍​របស់​លោក Stephen Harper នាយក​រដ្ឋមន្រ្តី​កាណាដា ។ លោក​បាន​ផ្ញើ​លិខិត​ជាផ្លូវការ ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ទៅអោយ​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​ ដើម្បី​មក​ទទួល​ឋានៈ​ជា “ពលរដ្ឋ​កិត្តិយស​របស់​កាណាដា។ ឋានៈ​ដែល​បាន​សំរេច​ផ្តល់ទៅ​អោយ​លោកស្រី​តាំង​ពីឆ្នាំ​២០០៧។

កន្លង​មក ​ឋានៈ​នេះ​ក៏ត្រូវ​បានផ្តល់​ទៅ​អោយលោក​ Nelson Mandela អតីត​ប្រធានា​ធិបតី​អាហ្រ្វិកខាងត្បូង  សមេ្តច​សង្ឃ​ពុទ្ធ​សាសនា​នៅ ទីបេ Dalai Lama​ និង​ឥស្សរជន​មួយចំនួន​ផងដែរ។ ការ​ផ្តល់​កិត្តិយស​ទៅអោយ អតីត​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ មិនមែន​ជា​ការ​ចៃដន្យទេ។ លោកស្រី​ ក៏មាន​ម្តាយក្មេក​ជា​ជនជាតិ​កាណាដា​ផងដែរ។​ ហើយ​ប្រជាជន​ប្រទេស​នេះ​ តែងតែ​ធ្វើការ​គាំទ្រ​​កិច្ចការ​នយោបាយ​របស់​លោកស្រី។

លោក Harper នាយក​រដ្ឋមន្រ្តី​កាណាដា​អះអាង​ថា ​ប្រទេស​របស់លោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង ​ចំពោះ​ការឃុំឃាំង​រាប់ឆ្នាំ​ទៅលើ​លោកស្រី​ពីសំណាក់​របបសឹក​ភូមា។ នេះ​ជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស។ លោក​អំពាវនាវ​អោយមាន​ការចរចា​ដោយសន្តិវិធី​រវាង​ភាគី​ទាំងពីរ។

គួររំលឹក​ដែរថា មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​ដ៏ល្បីល្បាញរូប​នេះ​ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​គេហដ្ឋាន​ជាង​១៥ឆ្នាំ។ គាត់​ត្រូវបាន​ចាត់ទុក​ជាសត្រូរ​ដ៏មានឥទ្ធិពល​ របស់​រដ្ឋាភិបាល​ភូមា​ ដោយសារ​គាត់​ចង់រំដោះ​ប្រទេស​ពី​របបផ្តាច់ការ។ លោកស្រី​ដែល​បច្ចុប្បន្ន​មានវ័យ ៦៥ឆ្នាំ​ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​កាលពី​ពាក់កណ្តាលខែ​ វិច្ឆិកា​កន្លង​ទៅ គឺ​មូយអាទិត្យ​ ក្រោយពី​ការបោះឆ្នោត​ថ្មី។ ការបោះឆ្នោត​ដែលត្រូវ​បានរិះគន់​ពីសំណាក់​សហគមន៍​អន្តរជាតិ ​ដោយសារ​តែគ្មាន​យុត្តិធ៌ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ