អានតួអត្ថបទ
ជប៉ុន

នាយក​រដ្ឋមន្ត្រី​ណាអូតូកាន​ចង់បើក​ចំហ​ប្រទេស​ជប៉ុន​ឲ្យធំ​ទូលាយ​ក្នុងការ​ដោះដូរ​សេរី​អន្តរ​ប៉ាស៊ីហ្វិក​

លោក​នាយករដ្ឋមន្ត្រី​ណាអូតូកាន​បាន​សន្យា​នៅ​ថ្ងៃអង្គារ​នេះថា​”​នឹង​ ចង់បើក​ចំហ​ប្រទេស​ជប៉ុន​”​ឲ្យបាន​ធំ​ទូលាយ​ក្នុងការ​ដោះដូរ​សេរី​ អន្តរប៉ាស៊ីហ្វិក​នៅ​ពេលដែល​ប្រទេស​ជប៉ុន​ចូល​ជា​សមាជិក​នៃ​”​តំបន់​ដោះដូរ​ ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​”​ ​ ទោះបីជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​កសិករ​ជប៉ុន​ដែល​បារម្ភ ​ខ្លាច​មាន​ការ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​និង​អាយុ​ជីវិត​នៃ​កសិកម្ម​ជប៉ុន​ ក៏ដោយ។ 

លោកនាយករដ្ឋមន្ត្រីជប៉ុន​​ ណាអូតូ កាន
លោកនាយករដ្ឋមន្ត្រីជប៉ុន​​ ណាអូតូ កាន © Reuters
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តីរាយការណ៍របស់​ សៀក សារិន

នាឱកាស​ធ្វើ​សុន្ទរកថា​នៅ​ពេល​បុណ្យ​ចូលឆ្នាំថ្មី​ ​ លោក​នាយករដ្ឋមន្ត្រី​ណាអូតូកាន​បាន​ថ្លែង​ប្រកាស​ឲ្យដឹងថា​ ​ លោក​ចង់​ធ្វើ​ឲ្យ​ឆ្នាំ២០១១​ក្លាយជា​ឆ្នាំទីមួយ​នៃ​ការ​បើកចំហ​ប្រទេស​ជប៉ុន​ក្នុងការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក។

 
លោក​នាយករដ្ឋមន្ត្រី​ណាអូតូកាន​ជា​អ្នក​ការពារ​យ៉ាង​មោះមុត​ក្នុង​ការ​បញ្ចូល​ខ្លួន​ប្រទេស​ជប៉ុន​ទៅក្នុង​”​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​”​ឬ​ជា​”​ដៃគូ​អន្តរប៉ាស៊ីហ្វិក​”​ជា​ភាសា​អង់គ្លេស​​ហៅថា​Trans-Pacific Partnership ( TPP )​។​ ក៏​ប៉ុន្តែ​ទាំងនេះ​បាន​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​កសិករ​ជប៉ុន​ដែល​បារម្ភ​ភ័យ​ខ្លាច​មាន​ការ​នាំ​ផលិតផល​ដែល​មាន​តម្លៃ​ថោក​ពី​បរទេស។

”​ដៃគូ​អន្តរប៉ាស៊ីហ្វិក​”​ជា​ភាសា​អង់គ្លេស​ហៅថា​Trans-Pacific Partnership ( TPP )​បច្ចុប្បន្ន​នេះ​មាន​បួន​ប្រទេស​ជា​សមាជិក​ដែល​ក្នុងនោះ​មាន​ ​ ប្រទេស​Brunei ​ ប្រទេស​Chili​ សិង្ហបុរី​ និង​ប្រទេស​Nouvelle-Zélande។​ ហើយ​នៅមាន​ប្រាំប្រទេស​ទៀត​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ចូល​ជា​សមាជិក​ដែល​ក្នុងនោះ​មាន​ ​ សហរដ្ឋ​អាមេរិក​ ប្រទេស​អូស្ត្រាលី​ ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ប៉េរូ​និង​ប្រទេស​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ “​យើង​ត្រូវតែ​ធ្វើ​ឲ្យ​កសិកម្ម​ជប៉ុន​មាន​សកម្មភាព​រស់រវើក​ឡើងវិញ​ ​ ហើយនិង​ជំរុញ​ឲ្យ​មាន​ការដោះដូរ​សេរី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​”​ ​ ដើម្បី​ធ្វើឲ្យ​ប្រទេស​ជប៉ុន​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា។

វិធានការ​ដែល​រដ្ឋាភិបាល​ជប៉ុន​គ្រោង​មាន​គឺ​ ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ជប៉ុន​មាន​ទំនុកចិត្ត​និង​បង្កើន​មធ្យោបាយ​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម។​ ដោយហេតុថា​ ​ បច្ចុប្បន្ន​នេះ​ ​ អាយុ​មធ្យម​នៃ​កសិករ​ជប៉ុន​មាន​ដល់ទៅ​៦៥ឆ្នាំ​ ​ ចំណែកឯ​អាយុ​មធ្យម​នៃ​ប្រជាជន​ជប៉ុន​ជា​ទូទៅ​វិញ​មាន​ត្រឹមតែ​៤៥ឆ្នាំ​ប៉ុណ្ណោះ។​ រីឯ​ប្រាក់ចំណូល​របស់​កសិករ​ជប៉ុន​វិញ​បាន​បាត់​បង់​អស់​៥០%​នារយៈ​កាល​២០ឆ្នាំ​ចុង​ក្រោយនេះ​ ​ ហើយ​សភាព​គ្រប់គ្រាន់​ក្នុង​វិស័យ​ចំណីអាហារ​របស់​ប្រទេស​ជប៉ុន​ដែល​ធ្លាប់​មាន​៧៣%​នៅ​ឆ្នាំ១៩៦៥​បាន​ធ្លាក់​មក​នៅ​ត្រឹម​៤០%​ប៉ុណ្ណោះ​បច្ចុប្បន្ននេះ។

ជាយូរ​​ណាស់​មកហើយ​ ប្រទេស​ជប៉ុន​តែង​មាន​នយោបាយ​ការពារ​វិស័យ​កសិកម្ម​ជាពិសេស​វិស័យ​ដាំស្រូវ​ដែល​បច្ចុប្បន្ន​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​ក្នុង​ការ​ទប់ទល់​នឹង​ការនាំ​អង្ករ​ចូលពី​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ ឬ​ប្រទេស​វៀតណាម​ដែល​អង្ករ​មាន​តម្លៃ​សែន​ថោក​បើ​ប្រៀប​ផ្ទឹម​ទៅនឹង​អង្ករ​ដែល​ផលិត​ដោយ​កសិករ​ជប៉ុន។

ដើម្បី​ធ្វើការ​ទប់ទល់​នឹង​ការនាំ​អង្ករ​ចូលពី​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ ឬ​ប្រទេស​វៀតណាម​ ​ ប្រទេស​ជប៉ុន​បាន​ដាក់​ពន្ធគយ​ដ៏​ខ្ពស់​ដែល​មាន​អត្រា​ដល់ទៅ​ជិត​៨០០%​ ​ ហើយ​២៥០%​សម្រាប់​ស្រូវ​សាលី​ដែល​នាំចូល​ពី​បរទេស។​ ដូច្នេះ​បើ​ប្រទេស​ជប៉ុន​ចូល​ជា​សមាជិក​នៃ​”​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​”​ ​ នោះ​ពន្ធគយ​ដែល​មាន​អត្រា​ដ៏​សែន​ខ្ពស់​ទាំងនោះ​នឹង​ត្រូវ​លុបចោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ