អានតួអត្ថបទ
ចិន

ពួក​អ្នក​ប្រឆាំង​រដ្ឋអំណាច​ចិន​ អំពាវនាវ​តាម​បណ្តាញ​អិនធ័រណេត​គាំទ្រ​បដិវត្តន៍​ផ្កាម្លិះ​

សារ​​រាប់​មិន​អស់​ ត្រូវ​បាន​ផ្ញើ​តាមបណ្តាញ​អិនធ័រណេត នៅ​ក្នុង​ប្រទេស​ចិន ដោយ​​​អំពាវនាវឲ្យ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យនេះ​។ បាតុកម្មនឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​ចំនួន ១៣ មាន​ជាអាទិ៍​​នៅ​​​ប៉េកាំង សៀងហៃ​ កង់តុង​ និងតាមទីក្រុងធំៗ​ចំនួន​១០ ផ្សេង​ទៀត​ ដោយ​យក​គំ​រូ​តាម​​បដិវត្តន៍​​ផ្កាម្លិះ​​នៅ​ទុយនីស៊ី​។ ប៉ុន្តែ​ មិនទាន់​​ទាំង​​ចាប់ផ្តើម​​ធ្វើ​​អ្វី​​ផង ​ក្រុម​មេធាវី​​និង​សកម្មជន​​ការពារ​​សិទ្ធិ​មនុស្ស ប្រមាណ​​ជា​​ ​១៥​​នាក់​ត្រូវ​​បាត់​​ខ្លួន​ ​ចាប់​​តាំង​ពី​​ថ្ងៃ​​សៅរ៍​​ម្សិលមិញ​​មក។

នគរបាល​ចិន​ដើរឃ្លាំមើល​ប្រជាជន​ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​អីនធ័រណេត​អំពាវនាវ​ឲ្យ​ចូលរួម​"បដិវត្តន៍​ផ្កាម្លិះ"​។​
នគរបាល​ចិន​ដើរឃ្លាំមើល​ប្រជាជន​ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​អីនធ័រណេត​អំពាវនាវ​ឲ្យ​ចូលរួម​"បដិវត្តន៍​ផ្កាម្លិះ"​។​ © Reuters
ផ្សាយពាណិជ្ជកម្ម
02:08

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

នារយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សកម្មជន​ការពារ​សិទ្ធិ​មនុស្សចិន​​ជា​ច្រើន​រូប ត្រូវ​​បាត់​ខ្លួន ដោយ​ហេតុ​នគរបាល​ចាប់​ឃុំឃាំង​ខ្លួនចាប់តាំងពីថ្ងៃសៅរ៍​ម្សិល​មិញ។​ អ្នក​ខ្លះ​​ទៀត ​បាន​ទទួល​ការព្រមាន ​ហាមប្រាម​មិន​ឲ្យ​ចេញ​ពី​លំនៅឋាន ហើយ​ទូរស័ព្ទ​ដៃ​របស់ពួក​គេ​ត្រូវ​បានបិទ​ខ្ទប់​មិនអាចប្រើ​ប្រាស់​បាន។ ការ​ចាប់​ខ្លួន​សកម្មជន​ការពារសិទ្ធិមនុស្សទាំង​នេះ ​​បាន​ប្រព្រឹត្ត​ទៅ​នៅ​ពេល ដែល​សារ​អំពាវនាវ​​​​ ធ្វើបាតុកម្ម​គាំទ្រ​បដិវត្តន៍​ផ្កាម្លិះ​ត្រូវបាន ផ្សព្វផ្សាយ​ ​កាន់តែ​ច្រើនឡើងៗ​តាមប្រព័ន្ធ​អិនធ័រ​ណេត​។

ម្យ៉ាងទៀត​ ការ​ហៅ​ទូរស័ព្ទ​ទៅ​រក​ពួកស​កម្មជន​ការពារសិទ្ធិ​មនុស្ស​ជា​ច្រើន​រូប​​​ ដូចជា​លោក Teng Biao, Xu Zhiyong និង Jiang Tianyong ជាដើម នៅតែ​ស្ងាត់ឈឹង ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​មក​វិញ​ទេ​​រហូតមកដល់ថ្ងៃ​អាទិត្យនេះ។ យោងតាម​ក្រុមគ្រួសាររបស់គេ សកម្មជន​ទាំង​នោះ​ ​ត្រូវ​បាន​នគរ​បាល​ចិន​ឃុំឃាំង​ខ្លួនទុកជាបណ្តោះអាសន្ន។

សារ​នៅតាម​​អិនធ័រណេត​​​មានន័យថា “យើង​ត្រូវ​ជួយ​លើក​ទឹកចិត្ត​ដល់​ពួក​ពលករ​ឥត​ការងារ​ធ្វើ​​និង​​ពួក​ជន​រងគ្រោះ​ដែល​ត្រូវ​គេ​បណ្តេញ​ពី​ការងារ​ទាំង​បង្ខំ ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​យ៉ាង​គគ្រឹក​​គគ្រេង និង​ស្រែក​ជា​ពាក្យស្លោក​ទាមទារ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ​និង ទាមទារ​​​​​ឲ្យធ្វើ​កំណែ​ទម្រង់នយោបាយ​ ដើម្បី​​បិទបញ្ចប់​ការអនុវត្តនយោបាយដែលមាន​គណបក្ស​​​តែ​មួយ​គត់​​នៅ​ក្នុង​ប្រទេស។

រាល់សារដែល​មានពាក្យ​ថា”​បដិវត្តន៍ផ្កាម្លិះ ត្រូវបានអាជ្ញាធរទីក្រុង​ប៉េកាំង​បិទខ្ទប់ទាំងអស់”។​ ជាការឥតសង្ស័យឡើយ សារអំពាវនាវ​ទាំង​នេះ ជាគំនិតផ្តួចផ្តើម​របស់​ពួក​អ្នក​ប្រឆាំង​​​ដែល​កំពុង​ភៀសខ្លួនរស់​នៅ​ក្រៅ​ប្រទេស ។
 

គួរ​រំលឹក​ថា គ្រាន់តែមាន ​ការ​ងើប​បះបោរ​នៅ​ប្រទេស​ទុយនីស៊ី​ដែល​គេ​ដាក់ឈ្មោះ​​ថា បដិវត្តន៍​ផ្កាម្លិះភ្លាម  ទីក្រុង​ប៉េកាំង ចាប់​ផ្តើម​រឹតត្បិត​ខ្លាំង​ មិន​ឲ្យ​សារព័ត៌មាន​ផ្សព្វផ្សាយ​ ​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​ការ ងើប​បះបោរ​របស់ពលរដ្ឋ​ទុយនីស៊ី​ ភាព​ឥត​ការងារ​ធ្វើ​ ការឡើងថ្លៃ​ទំនិញ សព្វសារពើ និង ការទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ