អានតួអត្ថបទ
កម្ពុជា-ឡាវ

អង្គការអន្តរជាតិ​ស្វាគមន៍​ការដាក់​សេចក្តី​សម្រេច​ស្តីពី​ការសង់​ទំនប់​សាយ៉ាបូរី​ទៅថ្នាក់​រដ្ឋមន្ត្រី​

ក្រុម​អ្នក​ជំនាញ​នៃ​ប្រទេស​មេគង្គ​ក្រោម​ទាំងបួន​បានដាក់​សេចក្តី​សម្រេចចិត្ត​លើការ​សាងសង់​វារីអគ្គីសនី​ទៅថ្នាក់​រដ្ឋមន្ត្រី។​ ក្រុម​អង្គការ​អន្តរជាតិ​នានា​ដែលធ្វើការ​លើការងារ​ទន្លេ​បាន​អបអរ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុមជំនាញ​យ៉ាងនេះ ដោយចាត់​ទុកថា នេះ​គឺជាការ​ពន្យាពេល​មួយ​ ខណៈ​ពេល​ដែល​ក្រុម​អង្គការ​អន្តរជាតិ​ទាំងនេះ​យល់ឃើញថា ​ទំនប់នេះ​នឹងបង្ក​អោយ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ជីវភាព​របស់​មនុស្ស​ និង​បរិស្ថាន។

អ្នក​នេសាទត្រី​នៅទន្លេ​មេគង្គ
អ្នក​នេសាទត្រី​នៅទន្លេ​មេគង្គ © Reuters
ផ្សាយពាណិជ្ជកម្ម

01:41

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

អង្គការ​WWF​អន្តរជាតិ​បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដោយ​សរសេរ​ថា ការ​ដាក់​សេចក្តី​សម្រេចចិត្ត​លើ​ការសាងសង់​ទំនប់​វារីអគី្គសនី​សាយ៉ាបូរី​នៅ​ប្រទេសឡាវ​ទៅថ្នាក់​រដ្ឋមន្ត្រីនោះ​ គឺជា​សញ្ញា​របស់​ក្រុមអ្នកជំនាញ​ដែល​ទទួលស្គាល់​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែលអាច​កើត​មាន​ពី​ទំនប់​ដ៏​ធំ​នេះ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​WWF​ដដែល​បាន​បន្ត​ថា ការ​សម្រេចចិត្ត​យ៉ាងដូច្នេះ ត្រូវ​បាន​ធ្វើឡើង​ដោយផ្អែក​លើ​ភស្តុតាង​ជាច្រើន ដែល​គេបាន​ដាក់​ជូន​គណៈកម្មការ ហើយ​ដែល​បង្ហាញ​ពី​ហានិភ័យ​នានា​ចំពោះ​ជីវចម្រុះ ជលផល ​និង​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​រាប់លាន​នាក់​ដែល​រស់នៅ​ក្នុង​តំបន់​នៃ​អាង​ទន្លេ​មេគង្គ។

 
អង្គការ​ទន្លេ​អន្តរជាតិ​ក៏​បាន​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផងដែរ​ដើម្បី​បញ្ជាក់ថា​ទំនប់ដ៏​ធំ​របស់​ប្រទេស​ឡាវ​មួយ​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងច្រើន។ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​មេសា​បាន​សរសេរ​ថា​ ទំនប់​សាយ៉ាបូរី ​ប្រសិនជា​ត្រូវ​បាន​សាងសង់​មែន​នោះ នឹង​ត្រូវ​បណ្តេញ​ប្រជាពលរដ្ឋ​ជាង​២១០០នាក់​ពី​លំនៅដ្ឋាន​ពួកគេ និង​បង្ក​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ចំពោះ​ប្រជាជន​ជាង​២សែន​នាក់ ​និង​គំរាម​កំហែង​ដល់​ពូជ​ត្រី​ប្រមាណ​៤១ប្រភេទ។​ ជា​សង្ខេប បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ផល​ប៉ះពាល់​ទាំងអស់​នឹង​ពាក់ព័ន្ធ​ដល់​ជីវភាព​ និង​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​រាប់លាននាក់​នៅក្នុង​តំបន់។

លោកឈិត សំអាត នាយក​ប្រតិបត្តិ​របស់​អង្គការ​វេទិការ​នៃអង្គការ​ក្រៅរដ្ឋាភិបាល​ស្តីពី​កម្ពុជា​ បាន​អត្ថាធិប្បាយ​ថា ការ​សម្រេច​របស់​ក្រុមជំនាញ​នៅពេលនេះ​ គឺជាការ​ទទួល​ស្គាល់​មួយ​ចំពោះក្តី​ព្រួយ​បារម្ភ​ទៅលើផលប៉ះពាល់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​ និងជីវិត​របស់​មនុស្សរាប់​លាន​នាក់​នៅក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ