អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ចិន​ចង់​ធ្វើ​ជា​រៀមច្បង​គំរូ​សម្រាប់​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត ​ទៅ​ទៀត ដោយ​សូម​ពិនិត្យ​មើល​ទៅ​លើ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ទាំង​ពីរ។

ផ្សាយពាណិជ្ជកម្ម

តាំងពី​ឆ្នាំ​២០០២​មក ឧបទ្វីប​កូរ៉េ​ជា​តំបន់​ប្រកប​ដោយ​អស្ថិរភាព ពីព្រោះ​សហគមន៍​អន្តរជាតិ​សង្ស័យ​ថា​កូរ៉េ​ខាង​ជើង​លួច​ផលិត​គ្រាប់បែក​ បរមាណូ។ ក្តីសង្ស័យ​បាន​ក្លាយ​ជា​ការពិត នៅ​ខែ​តុលា​ឆ្នាំ​២០០៦ នា​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​ពិសោធ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​ មួយ​បង្អស់។

ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ​បាន​ផ្តើម​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាងជើង​ស្គាល់​ភាព​រអាក់រអួល។ ចិន​រឹងរឹត​តែ​អាម៉ាស់​មុខ​ នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​ពិសោធ​អាវុធ​នុយក្លេអ៊ែរ​​​ម្តង​ទៀត នៅ​ឆ្នាំ​២០០៩​ រួច​ហើយ​បាន​ដើរ​ចេញ​ពី​តុ​ចរចា​ប្រាំ​មួយ​ភាគី រវាង​សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន​និង​កូរ៉េ​ទាំង​ពីរ​នៅ​ខែ​មេសា​ឆ្នាំ​២០០៩។ មូលហេតុ គឺ​មក​ពី​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​ជា​អ្នក​ចេញ​មុខ​រៀបចំ​កិច្ចចរចា​ប្រាំមួយ​ភាគី ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។ និយាយ​បែប​ផ្សេង ចិន​បាន​ចេញ​មុខ​ធានា​ថា ខ្លួន​អាច​បញ្ចុះ​បញ្ចូល​​កូរ៉េ​ខាងជើង​ឲ្យ​លះ​បង់​ចោល​បាន​មហិច្ឆតា​នុយក្លេអ៊ែរ។ នៅ​ក្នុង​ន័យ​នេះ ការ​សាក​ល្បង​​​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​និង​ការ​ដើរ​ចេញ​ពី​តុ​ចរចា​របស់​ប្រទេស​នេះ ស្តែង​ឲ្យ​ឃើញ​នូវ​បរាជ័យ​នៃ​ការទូត​ចិន​និង​ធ្វើ​ឲ្យ​ចិន​បាក់​មុខ។

តាម​ពិត ថ្នាក់​ដឹក​នាំ​ចិន​មិន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ ពីព្រោះ​ប្រការ​នេះ​នឹង​អាច​ញ៉ាំង​ឲ្យ​ជប៉ុន កូរ៉េ​ខាង​ត្បូង ​ឬ​ក៏​តៃវ៉ាន់ ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ដែរ ឬ​ក៏​នឹង​អាច​ញ៉ាំង​ឲ្យ​សហរដ្ឋអាមេរិក​ចូល​មក​លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​បញ្ហា​ឧបទ្វីប​កូរ៉េ។ រី​ឯ​អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម យ៉ុងអ៊ីល វិញ​ យល់​ឃើញ​ផ្សេង យល់​ឃើញ​ថា ប្រទេស​ខ្លួន​ចាំបាច់​ត្រូវ​តែ​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ ដើម្បី​កុំ​ឲ្យ​សត្រូវ ​ជាពិសេស​សហរដ្ឋ អាមេរិក​មក​រំលំ​របប​កុម្មុយនិស្ត​របស់​ខ្លួន​បាន។

ទន្ទឹមនេះ ចិន​ក៏​ឈឺ​ក្បាល​និង​ក្រពុល​មុខ​ខ្លាំង​ដែរ ដោយហេតុ​តែ​កូរ៉េ​ខាង​ជើង​ចេះ​តែ​បន្ត​រករឿង​កូរ៉េ​ខាង​ត្បូង ជាអាទិ៍​តាម​រយៈ​ការ​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​មីនា​ឆ្នាំ​២០១០។ កាល​នោះ ទោះ​ជា​មាន​ការ​ប្រកែក​ដោះសា​ពី​ខាង​ទីក្រុង​ព្យុងយ៉ាង យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា នាវា​ដែល​លិច​និង​ដែល​បណ្តាល​ឲ្យ​មាន​ស្លាប់​នាវិក​កូរ៉េ​ខាង​ត្បូង​៤៦​នាក់​ត្រូវ​បាន​បាញ់​កំទេច​ដោយ​នាវា​មុជទឹក​របស់​កូរ៉េ​ខាង​ជើង​មែន។

មិន​តែ​ប៉ុណ្ណោះ ដោយហេតុ​តែ​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ទៅ​លើ​កូរ៉េ​ខាង​ត្បូង​អ៊ីចឹង​ហើយ បាន​ជា​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា នៅ​ម្តុំ​សមុទ្រ​លឿង។ សមយុទ្ធ​ទាំង​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ចម្ងាយ​ប្រមាណ​តែ​៥០០​គ.មពី​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ មិន​អាច​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ទេ។

ចង់​ឬ​មិន​ចង់ របប​នយោបាយ​កូរ៉េ​ខាង​ជើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​ពឹងពាក់​ប្រទេស​ចិន​ត​ទៅ​ទៀត។ ពឹងពាក់​ចិន ដើម្បី​បន្ត​ទប់ទល់​នឹង​អរិភាព​ពី​សំណាក់​បស្ចិមលោក ជា​ពិសេស​សហរដ្ឋអាមេរិក។ ពឹងពាក់​ចិន ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​នៃ​ប្រទេស ពីព្រោះ​កូរ៉េ​ខាងជើង​ត្រូវការ​ជំនួយ​ថវិកា ស្បៀង​អាហារ​និង​ថាមពល​ពី​ប្រទេស​ចិន។ ពឹងពាក់​ចិន ពីព្រោះ​ត​ទៅ​ថ្ងៃ​មុខ កូរ៉េ​ខាង​ជើង​នឹង​ច្បាស់​ជា​ជ្រើស​យក​គំរូ​អភិវឌ្ឍន៍​របស់​ចិន នោះ​គឺ​បើក​ចំហ​សេរីភាព​សេដ្ឋកិច្ច ផ្ទុយ​ទៅ​វិញ​បំបិទ​សិទ្ធិ​នយោបាយ​និង​បន្ត​ឲ្យ​មាន​គណបក្ស​តែ​មួយ គឺ​បក្ស​កុម្មុយនិស្ត។

តាំង​ពី​ឆ្នាំ​២០០៣​មក ចិន​បាន​និង​កំពុង​បន្ត​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង​ជើង។ ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ទទួល​កិច្ចសន្យា​សេដ្ឋកិច្ច​មួយ​ចំនួន នា​ឱកាស​ទស្សនកិច្ច​ជា​បន្តបន្ទាប់​របស់​ប្រធានាធិបតី​ចិន ហ៊ូ ជិនតៅ និង​របស់​នាយករដ្ឋមន្ត្រីវេន យ៉ាបៅ នៅ​កូរ៉េ​ខាង​ជើង​តាំង​ពី​ឆ្នាំ​២០០៦​មក។ ទន្ទឹម​នេះ ចិន​បន្ត​សាងសង់​ឲ្យ​កូរ៉េ​ខាង​ជើង​ផ្លូវ​ថ្នល់​និង​ផ្លូវ​ដែក ជា​ពិសេស​នៅ​តាម​តំបន់​បណ្តោយ​ព្រំដែន។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​វិបត្តិ​កូរ៉េ​ខាង​ជើង ចិន​ក្រពុល​មុខ​កាន់​តែ​ខ្លាំង ពីព្រោះ ត្រូវ​បន្ត​ដើរ​តួ​នាទី​ជា​ប្រទេស​មិត្ត​របស់​ទីក្រុង​ព្យុងយ៉ាង​ផង និង​ត្រូវ​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ផង។
ការ​បន្ត​ធ្វើ​ជា​មិត្ត​របស់​កូរ៉េ​ខាង​ជើង​ជា​ការ​មួយ​ចាំ​បាច់ សម្រាប់​ថ្នាក់​ដឹក​នាំ​ចិន។ ម្យ៉ាង​គឺ​មក​ពី​មូលហេតុ​ប្រវត្តិសាស្រ្ត ដែល​ចង​យ៉ាង​ជាប់​របប​កុម្មុយនិស្ត​ប៉េកាំង​និង​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ ម្យ៉ាង​ទៀត គឺ​មក​ពី​ចិន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​កូរ៉េ​ខាង​ជើង យល់​ដឹង​ថា បើ​សិន​ជា​របប​ព្យុងយ៉ាង​មាន​បញ្ហា ដោយហេតុ​តែ​វិបត្តិ​សេដ្ឋកិច្ច​ឬ​ក៏​អស្ថិរភាព​នយោបាយ​ធ្ងន់ធ្ងរ ប្រជាជន​កូរ៉េ​ខាង​ជើង​រាប់​លាន​នាក់​នឹង​ច្បាស់​ជា​ភៀស​ខ្លួន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​ចិន​មិន​ខាន​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា ថ្នាក់ដឹកនាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​បន្ត​ផ្តល់​ជំនួយ​ដល់​កូរ៉េ​ខាង​ជើង និង​បន្ត​ការពារ​ថ្នាក់ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ត​ទៅ​ទៀត។ ទន្ទឹម​នេះ ចិន​ដែល​កំពុង​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ក៏​ត្រូវ​តែ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ដែរ មិន​អាច​ចេះ​តែ​អង្គុយ​ការពារ​កូរ៉េ​ខាងជើង​អ៊ីចឹង​ទៅ​កើត​ទេ។

ចិន​ចង់​ឃើញ​និង​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​រាប់អាន​កូរ៉េ​ខាង​ជើង។ ក៏​ប៉ុន្តែ ឥរិយាបថ​​វិជ្ជមាន​ឬ​អវិជ្ជមាន​របស់​ពិភពលោក ក៏​អាស្រ័យ​ទៅ​លើ​មារយាទ​របស់​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​ជើង​ដែរ។ ឧទាហរណ៍​ចិន​ក៏​ជា​កុម្មុយនិស្ត វៀតណាម​ក៏​ជា​កុម្មុយនិស្ត ហើយ​កូរ៉េ​ខាង​ជើង​ក៏​ជា​កុម្មុយនិស្ត​ដូច​គ្នា តែ​ហេតុអ្វី​បាន​ជា​សហគមន៍​អន្តរជាតិ​រាប់រក​ចិន​និង​វៀតណាម តែ​បែរ​ខ្នង​ដាក់​កូរ៉េ​ខាង​ជើង?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ