អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

នយោបាយ«ឈ្នះឈ្នះ»របស់​ថ្នាក់​ដឹកនាំ​ចិន ​នៅ​ចំពោះមុខ​អាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​តទៅ​ទៀត ដោយ​សូម​រ៉ាយរ៉ាប់​ពី​ទំនាក់ទំនង​រវាង​ចិន​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់​ថា អាស៊ាន។

ផែនទី​ប្រទេស​ជា​សមាជិក​អាស៊ាន
ផែនទី​ប្រទេស​ជា​សមាជិក​អាស៊ាន
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អតីតកាល ជាពិសេស​នៅ​ចន្លោះ​ទសវត្សរ៍​ទី​៦០ និង​ទសវត្សរ៍​ទី​៧០ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​តែងតែ​ចាត់​ទុក​ចិន​ថា​ជា​គ្រោះថ្នាក់​មួយ​ធំ។ កាល​ជំនាន់​នោះ ចិន​ជា​គ្រោះ​ថ្នាក់​កុម្មុយនិស្ត​សម្រាប់​ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬ​ភូមា។

ប្រទេស​ទាំង​នេះ​ខ្លាច​ចិន​ខ្លាំង និង​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ឆ្នាំ​១៩៧៥ នា​ពេល​ដែល​ឥណ្ឌូចិន​ទាំង​មូល​ក្លាយ​ជា​កុម្មុយនិស្ត។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៧៩ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​នាំ​គ្នា​ចាត់​ទុក​ចិន​ថា ជា​គ្រោះថ្នាក់​យោធា ពីព្រោះ​កាល​នោះ កងទ័ព​ចិន​បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​វៀតណាម​ដែល​ហ៊ាន​វាយ​រំលំ​របប​ខ្មែរ​ក្រហម​និង​ហ៊ាន​កាន់កាប់​ប្រទេស​កម្ពុជា។

សព្វ​ថ្ងៃ​នេះ អ្វីៗ​ក៏​ប្រែប្រួល​អស់​ហើយ។ បណ្តា​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ឈប់​ចាត់​ទុក​ចិន​ថា​ជា​គ្រោះថ្នាក់​ទៀត​ហើយ។ មិន​តែ​ប៉ុណ្ណោះ អាស៊ាន​ថែម​ទាំង​គាំទ្រ​ចិន និង​ទទួល​ស្គាល់​គោលការណ៍​ប្រទេស​ចិន​តែ​មួយ​ទៀត​ផង នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​បរិបទ​បែប​នេះ ចិន​រុញ​កូន​អុក​របស់​គេ​បន្តិច​ម្តងៗ​ចូល​មក​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​ការ​ទូត​សេដ្ឋកិច្ច​វប្បធម៌​និង​នយោបាយ​ដ៏​ប៉ិន​ប្រសប់។ ចិន​ប្រើ​អំណាច​ស្រទន់​The soft power និង​អនុវត្ត​នយោបាយ​«ឈ្នះឈ្នះ»ក្នុង​គោលដៅ​ពង្រីក​ឥទ្ធិពល និង​លាង​សម្អាត​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ អាស៊ាន​កក់ក្តៅ​ក្នុង​ចិត្ត និង​លែង​ភ័យព្រួយ​នៅ​ចំពោះ​មុខ​ប្រទេស​ចិន ពីព្រោះ​ថ្នាក់ដឹកនាំ​ចិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ជាង​ឥទ្ធិពល​មនោគម​វិជ្ជាហើយ​ពីព្រោះ​សុន្ទរកថា​របស់​ថ្នាក់​ដឹក​នាំ​ចិន​សំដៅ​ចង់​បាន​តែ​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​តំបន់​ជុំ​វិញ​ប្រទេស​ចិន។

នៅ​ចំពោះ​មុខ​អាស៊ាន ចិន​អនុវត្ត​នយោបាយ«ឈ្នះឈ្នះ»នៅ​លើ​វិស័យ​សេដ្ឋកិច្ច។ នៅ​ឆ្នាំ​១៩៩៧​ កិច្ច​ព្រមព្រៀង​មួយ​បាន​កំណត់​ក្របខ័ណ្ឌ​ស្ថាប័ន​នៃ​សហប្រតិបត្តិការ​រវាង​ចិន ជប៉ុន កូរ៉េខាងត្បូង និង​អាស៊ាន គឺ​ជា​អ្វី​ដែល​គេ​ហៅ​ថា​សហប្រតិបត្តិការ​អាស៊ាន​បូក​បី។ ក្រោយ​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៧-១៩៩៨ អាស៊ាន​បូក​បី​ក៏​បាន​ចុះ​ហត្ថលេខា​ទទួល​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រូបិយវត្ថុ​មួយ ដែល​គ្រោង​ឲ្យ​មាន​ការ​ខ្ចី​រូបិយប័ណ្ណ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បណ្តា​ប្រទេស​ហត្ថលេខី ពេល​ណា​អស្ថិរភាព​ខ្លាំង​កើត​ឡើង​ម្តងៗ​នៅ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ។

វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នៅ​ឆ្នាំ​១៩៩៧​ក៏​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ចិន​បង្ហាញ​នូវ​សាមគ្គីភាព​របស់​គេ​ចំពោះ​អាស៊ាន​ដែរ។ កាល​នោះ ចិន​មិន​ព្រម​បញ្ចុះ​ខ្លាំង​ពេក​ទេ​តម្លៃ​ប្រាក់​យ័ន (Yuan)របស់​ខ្លួន ពីព្រោះ​ចិន​ចង់​ជួយ​អូស​ទាញ​អាស៊ាន​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ។

សព្វ​ថ្ងៃ ចិន​បាន​និង​កំពុង​បន្ត​ទិញ​យ៉ាង​សន្ធឹកសន្ធាប់​ផលិតផល​របស់​អាស៊ាន ជាហេតុ​ធ្វើ​ឲ្យ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំង ជាពិសេស​តាំង​ពី​ឆ្នាំ​២០០២​មក។ ម្យ៉ាង​វិញ​ទៀត ចិន​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​អាស៊ាន ចាប់​ពី​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ត​ទៅ។

នៅ​លើ​វិស័យ​នយោបាយ​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ថ្នាក់​ដឹក​នាំ​ចិន​ប្រឹងប្រែង​អនុវត្ត​នយោបាយ​«ឈ្នះឈ្នះ»ដោយ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ស្ថិរភាព​និង​សន្តិភាព។ ចិន​បាន​ផ្លាស់​ប្តូរ​សុន្ទរកថា​ជា​ផ្លូវការ​នៅ​ក្នុង​វិវាទ​ជុំវិញ​ទី​ប្រជុំកោះ​Spratly​ និង​Paracel ដែល​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​ជា​វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដណ្តើម​គ្នា​ចង់​បាន។ ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩៩២ ចិន​បាន​ប្រកាស​ថា​ទីប្រជុំកោះ​ទាំង​ពីរ​នេះ ជា​កម្មសិទ្ធិ​​​របស់​ចិន ហើយ​ថា​នឹង​ប្រើ​កម្លាំង​យោធា បើសិន​ជា​អធិបតេយ្យ​នេះ​របស់​គេ ត្រូវ​ប្រទេស​ណា​មួយ​រំលោភ​បំពាន។ ផ្ទុយ​ទៅ​វិញ នៅ​ឆ្នាំ​២០០៤ ចិន​បាន​សន្យា​ប្រាប់​អាស៊ាន​ថា ខ្លួន​មាន​បំណង​ដោះស្រាយ​ជម្លោះ​ជុំវិញ​ទី​ប្រជុំកោះ​Sprtly និងParacel ដោយ​សន្តិវិធី​និង​តាម​ផ្លូវចរចា។

នៅ​ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ឆ្នាំ​២០០៤ វេន យ៉ាបៅ (Wen Jiabao) ដែល​ជា​នាយករដ្ឋ​មន្ត្រី​ចិន​បាន​ប្រដូច​ប្រទេស​ចិន​ទៅ​នឹង​សត្វ​ដំរី​ដ៏​ស្លូត​មួយ ដែល​គ្មាន​បំណង​អាក្រក់​ចង់​បៀតបៀន​អាស៊ាន​ឡើយ។

តាម​រយៈ​អំណាច​ស្រទន់ The soft power ចិន​ក៏​កំពុង​ពង្រីក​ឥទ្ធិពល​វប្បធម៌​របស់​ខ្លួន​ទៅ​លើ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែរ។ ខ្សែភាពយន្ត​ចិន សិល្បៈ​ធ្វើ​ម្ហូបអាហារ​ចិន និង​ផលិតផល​ឧបភោគបរិភោគ​made in China កំពុង​ជួយ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​ចិន ល្បី​សុសសាយ​ពេញ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។

ម្យ៉ាង​វិញ​ទៀត សហគមន៍​ចិន​នៅ​អាស៊ី​អាគ្នេយ៍​ក៏​ជួយ​ទាញ​ចិន​និង​អាស៊ាន​ឲ្យ​ខិត​ចូល​ជិត​គ្នា​ដែរ។ នៅ​អតីតកាល ជនជាតិ​ចិន​នៅ​អាស៊ី​អាគ្នេយ៍​ស្អប់​របប​ចិន​កុម្មុយនិស្ត។ ផ្ទុយ​ទៅ​វិញ សព្វថ្ងៃ កូន​ចៅ​ចិន​នៅ​ក្នុង​តំបន់​មាន​មោទនភាព​ចំពោះ​ឥទ្ធិពល​ខ្លាំងក្លា​នៃ​ប្រទេស​ដូនតា​ពួក​គេ ហើយ​មិន​រារែក​ឡើយ​ក្នុង​ការ​ទាក់​ទង​រកស៊ី​ជាមួយ​ចិន​កុម្មុយនិស្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ