អានតួអត្ថបទ
អាស៊ី

ប្រជាជន​អាស៊ី​រត់មក​រស់នៅ​ក្នុងទីក្រុង​កាន់តែ​ច្រើនឡើងៗ​

មុនដំណាច់​ឆ្នាំនេះ​ពោលគឺ​នៅរវាង​ថ្ងៃទី​៣១តុលា​ឆ្នាំ២០១១​ ពិភព​ផែនដី​យើង​នឹងមាន​មនុស្ស​រស់នៅ​ប្រមាណ​៧ពាន់លាន​នាក់​ ​ នេះ​បើយោងតាម​អង្គការ​សហប្រជាជាតិ។​ ហើយ​ទារក​ដែល​ត្រូវ​ក្លាយជា​មនុស្ស​ទី៧​ពាន់លាន​ដែល​រស់នៅ​លើ​ពិភពលោក​ យើងនេះ​ប្រហែល​ជា​អាចនឹង​កើត​នៅក្នុង​ទីក្រុង​មួយ​នៃ​ទ្វីប​អាស៊ី។​ ទាំងនេះ​ ​ ក៏​ដោយហេតុ​តែ​មាន​ចលនា​នគរូបនីយកម្ម​ដ៏​ធំធេង​ពុំដែល​កើតមាន​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ។

ប្រជាជន​​អាស៊ី-ប៉ាស៊ីហ្វិក​​ប្រមាណ​៤៣%​​ក្លាយជា​​ “ប្រជាជន​​រស់នៅ​ក្នុង​ទីក្រុង​”​​ មានជាអាទិ៍​ទីក្រុងហុង​ កុង ​
ប្រជាជន​​អាស៊ី-ប៉ាស៊ីហ្វិក​​ប្រមាណ​៤៣%​​ក្លាយជា​​ “ប្រជាជន​​រស់នៅ​ក្នុង​ទីក្រុង​”​​ មានជាអាទិ៍​ទីក្រុងហុង​ កុង ​ ©​ reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទ្វីប​អាស៊ី​ ​ ប្រជាជន​បាន​នាំគ្នា​ជ្រួល​រត់​មក​រស់នៅ​ក្នុង​ទីក្រុង​យ៉ាង​ច្រើន​មហិមា​ពុំចេះ​ឈប់ឈរ​ ​ ប្រៀបបាន​ទៅនឹង​ “រលកយក្ស”​ស៊ូណាមី។​ ទាំងនេះ​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ការរស់នៅ​ឲ្យ​បាន​ល្អប្រសើរ​ជាង​ជីវភាព​​រស់នៅ​តាម​ជនបទ​ដាច់ស្រយាល។

 
មូលហេតុ​នេះហើយ​ដែលបាន​បណ្តាល​ឲ្យ​ប្រជាជន​អាស៊ី-ប៉ាស៊ីហ្វិក​ប្រមាណ​៤៣%​ក្លាយជា​ “ប្រជាជន​រស់នៅក្នុង​ទីក្រុង​”​ ​ ហើយ​ក្នុង​ចំណោម​ទីក្រុង​១០​ដែល​ធំជាង​គេ​ក្នុង​លោក​ ​ មាន​ទីក្រុង​ចំនួន៦​ដែល​ឋិត​នៅក្នុង​ទ្វីបអាស៊ី។

បើយោងតាម​ការប្រមាណ​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ​ នៅរវាង​ឆ្នាំ២០២២​ ​ ជាលើក​ទីមួយ​ដែល​ទ្វីប​អាស៊ី​នឹង​មាន​​ “ប្រជាជន​រស់នៅក្នុង​ទីក្រុង​”​ច្រើន​ជាង​​រស់នៅ​តាម​ជនបទ។​ ហើយ​ក្នុង​រយៈកាល​តិចជាង​២០ឆ្នាំ​ ​ នឹងមាន​ប្រជាជន​ប្រមាណ​១ ១០០លាននាក់​រត់​មក​រស់នៅ​ក្នុង​ទីក្រុង​បន្ថែមទៀត​ ​ ឬ​ត្រូវជា​១៣៧ ០០០នាក់​ក្នុង១ថ្ងៃ។

បញ្ហា​ដែលត្រូវ​ដោះស្រាយ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ពិតជា​មាន​ច្រើន។​ គេត្រូវ​ដោះ​ស្រាយ​នៅពេល​ជាមួយ​គ្នា​នូវ៖

-​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។
-​បញ្ហា​នគរូបនីយកម្ម។
-​បញ្ហា​បង្កើត​សេវា​សាធារណៈ​សម្រាប់​បម្រើ​“ប្រជាជន​រស់នៅក្នុង​ទីក្រុង”​។
-​បញ្ហា​កាត់បន្ថយ​ភាពក្រីក្រ។
-​បញ្ហា​ការពារ​គ្រោះមហន្តរាយ។
-​បញ្ហា​ការពារ​បរិស្ថាន។​,,,,,។ល។,,,,,

ដើម្បី​ធ្វើការ​ប្រឈមមុខ​ទល់នឹង​បញ្ហា​អស់ទាំងនេះ ​ ​​ ប្រទេស​ឥណ្ឌា​ចាំបាច់​ត្រូវតែ​សាង​សង់​​ទីក្រុង​ធំៗ​ដែល​មាន​ទំហំ​ប៉ុន​ទីក្រុង​អាមេរិកាំង​ស្ហ៊ីកាហ្គោ​មួយឆ្នាំមួយៗ​ ​ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​ក្នុង​ទីក្រុង​​ ​​ ក្នុង​វិស័យ​លំនៅដ្ឋាន​ ​ សេវា​សាធារណៈ​ ​ ,,,,,,។ល។,,,,,,,

ចំណែកឯ​ប្រទេសចិន​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​លោក​ ​ នឹង​សាងសង់​ទីក្រុង​ធំៗ​១០០ប្លាយ​ថ្មីទៀត​ ​ សម្រាប់​ប្រជាជន​ចិន​រត់មក​រស់នៅ​ក្នុង​ទីក្រុង។​ ទាំងនេះ​ នឹង​បណ្តាល​ឲ្យ​ពិភពលោក​ទាំងមូល​មាន​ទីក្រុង​ធំៗ​ដល់ទៅ​ជាង៦០០​ដែល​បង្កើត​ផលិផល​ដុល​សរុប​ស្មើនឹង​៦០%​នៃ​ផលិតផល​ដុល​ពិភពលោក​នៅ​រយៈពេល​១៥ឆ្នាំ​ខាងមុខនេះ។

ចលនា​ដ៏​ធំធេង​នៃ​ប្រជាជន​រស់នៅ​តាមជនបទ​ដែល​រត់មក​រស់នៅ​ក្នុង​ទីក្រុង​ ​ ថ្វីដ្បិតតែ​បង្ក​បង្កើត​ឲ្យ​មាន​បញ្ហា​កង្វះ​លំនៅដ្ឋាន​ ​ បញ្ហា​ចរាចរណ៍​គាំងស្ទះ​ ​ បញ្ហា​ឧស្ម័ន​ពិសពុល​ ​ ឬ​បញ្ហា​ឧក្រិដ្ឋកម្ម​ជាដើម​ ​ ក៏​នគរូបនីយកម្ម​នេះ​បាន​មក​ជួយ​រុញ​ច្រាន​ឲ្យ​មាន​ការជឿន​លឿន​ក្នុង​វិស័យ​សង្គម​និង​សេដ្ឋកិច្ច​ដែរ។

សម្រាប់​ប្រជាជន​នៃ​ប្រទេស​ក្រីក្រ​ក្នុងលោក​ ​ “ទីក្រុង”​គឺពិត​ជា​ទីជម្រក​និង​ដំណាក់ការ​មួយ​ដ៏​ប្រពៃ​សម្រាប់​ពួកគេ​ ​ ក្នុងការ​ឈាន​ទៅរក​ភាព​សម្បូណ៌​សប្បាយនឹងគេ។​ ក៏​ប៉ុន្តែ​ យើង​បាន​ដឹង​ហើយថា​ ​ ការចាកចេញ​ពី​ពិភព​ជនបទ​មក​រស់នៅ​ក្នុង​ទីក្រុង​ពុំ​មែន​ជាការ​ងាយស្រួល​ឡើយ​ ​ អ្នកទីក្រុង​ថ្មីថ្មោង​ទាំងនោះ​ពុំអាច​ស្គាល់​សុភមង្គល​សម្បូណ៌​សប្បាយ​ជា​ស្វ័យប្រវត្ត​ឡើយ។​ អតីត​អ្នកស្រែ​ចំការ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ទៅរស់​យ៉ាង​សែន​វេទនា​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​នៃ​ទីក្រុង​ធំៗ។

បើយោងតាម​តួលេខ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​អាស៊ី-ប៉ាស៊ីហ្វិក​ ​ មាន​ប្រជាជន​អាស៊ី​ក្នុង​ទីក្រុង​ជាង៤០%​រស់នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​នៃ​ទីក្រុង​ធំៗ​ ​ គ្មាន​ប្រាក់ចំណូល​ត្រឹមត្រូវ​ ​ គ្មាន​លំនៅដ្ឋាន​ស្រួលបួល​ ​ គ្មាន​សេវា​មូលដ្ឋាន​សម្រាប់​បំពេញ​តម្រូវការ​របស់ខ្លួន។​ ជាក់ស្តែង​ ​ រូបភាព​ដ៏​សែន​ខ្លោច​ផ្សា​ដែល​​សង្កេត​ឃើញមាន​នៅតាម​សំណង់​អនាធិបតេយ្យ​នៃ​ទីក្រុង​ធំៗ​នៅ​អាស៊ី​ ​ ដូចជា​នៅ​ទីក្រុង​ម៉ានីល​ ​ ញូវ​ដែលី​ ​ ឬ​ទីក្រុង​ដាក្កា​​នៃ​ប្រទេស​បង់ក្លាដែស​ជាដើម។

ក៏ប៉ុន្តែ​នៅទ្វីអាស៊ី​ជាទូទៅ​ ​ នៅ​ប្រទេស​ចិន​ ​ នៅទីក្រុង​ហុងកុង​ ​ ឬនៅ​សិង្ហបុរី​ ​ កំណើន​សេដ្ឋកិច្ច​និង​នគរូបនីយកម្ម​តែង​ចងភ្ជាប់​មក​ជាមួយ​នូវ​ការអភិវឌ្ឍន៍​នៃ​គុណភាព​នៃ​ការ​រស់នៅ។​ ដោយហេតុថា​ ​ អ្នករស់នៅ​ក្នុង​ទីក្រុង​មាន​ភ័ព្វសំណាង​ច្រើន​ជាង​អ្នកស្រែ​ចំការ​ក្នុង​ការ​ទទួលបាន​នូវ​ការសិក្សា​និង​ការអប់រំ​ដែល​ជា​ល័ក្ខខ័ណ្ឌ​ដ៏​ចាំបាច់​ក្នុង​ការ​ឈាន​ទៅរក​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ​ សង្គមកិច្ច​និង​សុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ