អានតួអត្ថបទ
ចិន

អត្រា​អតិផរណា​ដ៏ខ្ពស់​ពុំដែលកើត​មាន​នៅ​ប្រទេស​ចិន​នារយៈ​ពេល​​​បីឆ្នាំ​ចុងក្រោយ​នេះ​

សម្រាប់​ខែកក្កដា​ឆ្នាំ២០១១​កន្លង​ទៅនេះ​ ​ អត្រា​អតិផរណា​បាន​ស្ទុះ​កើនឡើង​ដល់​កម្រិត​មួយ​ដ៏​ខ្ពស់​ពុំដែល​កើតមាន​នៅ​ប្រទេសចិន​នារយៈ​ពេល​បីឆ្នាំ​ចុងក្រោយ​នេះ​ ​ ពោលគឺ​មាន​ដល់ទៅ​៦,៥%​ក្នុង១ឆ្នាំ។​ នេះ​ជាការ​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​នេះ​ដោយ​ការិយាល័យ​ជាតិ​ខាង​ស្ថិតិ។ 

ប្រជាជន​​ចិន​​ក្រីក្រ​​ត្រូវ​​ចំណាយ​​ដល់ទៅ​​១/៣​​នៃ​ថវិកា​​​របស់​​ខ្លួន​​សម្រាប់​​ទិញ​ម្ហូប​​អាហារ​​បរិភោគ​
ប្រជាជន​​ចិន​​ក្រីក្រ​​ត្រូវ​​ចំណាយ​​ដល់ទៅ​​១/៣​​នៃ​ថវិកា​​​របស់​​ខ្លួន​​សម្រាប់​​ទិញ​ម្ហូប​​អាហារ​​បរិភោគ​ © REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ខែមិថុនា​ឆ្នាំ២០០៨មក​ ​ គេ​ពុំដែល​ឃើញ​សោះឡើយ​អត្រា​អតិផរណា​ដ៏​សែន​ខ្ពស់​បែបនេះ​នៅ​ប្រទេសចិន។​ ក្រោយពី​បាន​ប្រកាស​ឲ្យដឹង​នៅខែ​មិថុនា​ឆ្នាំ២០១១​ថា​ទំនិញ​បាន​ឡើងថ្លៃ​ប្រមាណ​៦,៤%​ ​ រដ្ឋាភិបាល​ចិន​ដែលបាន​ប្រកាស​កំណត់​ពុំឲ្យ​មាន​អត្រា​អតិផរណា​លើសពី​៤%​ក្នុង១ឆ្នាំ​ ​ ស្រាប់តែ​នៅពេលនេះ​ ការិយាល័យ​ជាតិ​ខាង​ស្ថិតិ​បាន​ប្រកាសថា​ ​ ទំនិញ​បាន​ឡើងថ្លៃ​ប្រមាណ​៦,៥%​ក្នុង១ឆ្នាំ​សម្រាប់​ខែកក្កដា​ឆ្នាំ២០១១​កន្លងទៅ។​ តួលេខ​ទំនិញ​ឡើងថ្លៃ​សម្រាប់​ខែកក្កដា​ឆ្នាំ២០១១​នេះ​ ​ ពិតជា​បណ្តាល​ឲ្យ​គេ​បារម្ភ​យ៉ាងខ្លាំង​ដល់​ហានិភ័យ​សង្គម​និង​នយោបាយ​ដែល​អាច​កើតមាន។​ ដោយហេតុថា​ ​ ទំនិញ​ឡើងថ្លៃ​ខ្លាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន​ក្រីក្រ​ ​ ហើយ​ទាំងនេះ​ក្នុង​ខណៈពេល​ដែល​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ចេះតែ​ឃ្លាត​ពីគ្នា​កាន់តែ​ឆ្ងាយទៅៗ​នៅក្នុង​សង្គម​ចិនថ្មី។

 
តួលេខ​អត្រា​អតិផរណា​ដ៏​សែន​ខ្ពស់​នេះ​ក៏បាន​ផងទៀត​ធ្វើឲ្យ​អ្នកដឹកនាំ​ចិន​រឹតតែ​បារម្ភ​កាន់តែ​ខ្លាំងឡើងៗ​ ​ នៅ​ចំពោះមុខ​ហានិភ័យ​អស្ថិរភាព​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ ​ ក្នុងខណៈពេល​ដែល​ពិភពលោក​កំពុង​តែ​ប្រឈមមុខ​ទល់នឹង​ខ្យល់ព្យុះ​សង្ឃរា​បោកបក់​ទៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​ ​ ក្រោយពី​មាន​ការ​បញ្ចុះ​ចំណាត់ថ្នាក់​ពី​ “AAA”​ របស់​សហរដ្ឋ​អាមេរិក​ដោយ​ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ប្រាក់បំណុល​Standard and Poor’s ​ហើយនិង​បញ្ហា​ប្រាក់​បំណុល​ដ៏​ច្រើន​មហិមា​របស់​ប្រទេស​អឺរ៉ុប​សំខាន់ៗ។

បញ្ហា​ម្ហូបអាហារ​ឡើងថ្លៃ​ដល់ទៅ​១៤,៨%​នៅខែ​កក្កដា​ឆ្នាំ២០១១​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្រទាប់​វណ្ណៈ​ប្រជាជន​ចិន​ក្រីក្រ​ដែល​ត្រូវ​ចំណាយ​ដល់ទៅ​១/៣​នៃ​ថវិកា​​របស់​ខ្លួន​សម្រាប់​ទិញ​ម្ហូប​អាហារ​បរិភោគ។​ នេះ​បើយោងតាម​ការិយាល័យ​ជាតិ​ខាងស្ថិតិ។

គួរកត់​សម្គាល់ថា​ ​ នារយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ ​ មាន​ចលនា​ជាច្រើន​ប្រឆាំង​នឹង​ទំនិញ​ឡើងថ្លៃ​នៅ​ប្រទេស​ចិន​ ​ មាន​ជាអាទិ៍​អ្នកបើកបរ​តាក់ស៊ី​និង​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​រាប់​ពាន់​រាប់​ម៉ឺននាក់​បាន​នាំគ្នា​សម្ដែង​ការ​ប្រឆាំង​នឹង​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ។

នៅទីបំផុត​ ​ លោក​នាយក​រដ្ឋមន្ត្រីចិន​Wen Jiabao ​បាន​សម្រេច​ប្រកាស​នៅខែ​មិថុនា​កន្លង​ទៅថា​ ​ រដ្ឋាភិបាលចិន​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ពុំឲ្យ​មាន​អត្រា​អតិផរណា​លើសពី​៥%​ឡើយ​ក្នុង១ឆ្នាំ។​ ប៉ុន្តែ​ នៅពេលនេះ​គេ​ហាក់ដូច​ជា​គ្មាន​បាន​ឃើញ​ផ្លែផ្កា​នៃ​វិធានការ​របស់​រដ្ឋាភិបាល​សោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ