អានតួអត្ថបទ
ជប៉ុន

លោក​ Yoshihiko​ Noda​ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​

បន្ទាប់​ពីការលាឈប់ពីមុខ​តំណែងនាពេលថ្មីៗ​របស់លោកនាយករដ្ឋមន្ត្រី Naoto Kan មក​គណបក្ស កាន់រដ្ឋអំណាច គឺ​គណបក្ស ប្រជាធិបតេយ្យ​ ទើប​នឹង​រកឃើញ អ្នកត្រូវ​ជំនួស​គាត់ គឺ គ្មាននរណា ក្រៅពីបច្ចុប្បន្ន​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ លោក Yoshihiko Noda។

ពី​ឆ្វេង​​ទៅ​ស្តាំ៖​ លោក​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​ថ្មី​ Yoshihiko Noda .លោក​នាយករដ្ឋមន្រ្តី​លាឈប់​ពី​មុខ​តំណែង​ Naoto Kan​និង​លោករដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ Banri Kaieda ថ្ងៃទី​២៩​សីហា​២០១១ Tokyo។
ពី​ឆ្វេង​​ទៅ​ស្តាំ៖​ លោក​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​ថ្មី​ Yoshihiko Noda .លោក​នាយករដ្ឋមន្រ្តី​លាឈប់​ពី​មុខ​តំណែង​ Naoto Kan​និង​លោករដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ Banri Kaieda ថ្ងៃទី​២៩​សីហា​២០១១ Tokyo។ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

 
អាយុ ៥៤​ឆ្នាំ លោក Yoshihiko Noda  ជា​បច្ចុប្បន្ន​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ប្រាកដ​ជា​នាយក​រដ្ឋមន្ត្រី ស្តីទី​មួយ​រូប និង​រ៉ាប់រង​អវសាននៃ​អាណត្តិ​របស់​លោក Naoto Kan។ ​ការ​បោះឆ្នោត​ថ្មី​ជ្រើសរើស​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ចន្លោះ​ពេល​មួយ​ឆ្នាំ​ទៀត។

ចាប់ពី​ឥឡូវ​នេះ ទៅ​ដល់​ពេល​នោះ លោក Yoshihiko Noda   នឹង​អនុវត្ត​តាម​ឥត​ល្អៀង នយោបាយ​​នៃ​ក្រសួង​ហិរញ្ញវត្ថុ។ គាត់​នឹង​សាកល្បង ដំឡើង​ពន្ធដារ​ជាពិសេស ពន្ធអាករ​លើ​តម្លៃ​បន្ថែម TVA ដែល​មិនលើស​ពី​៥% ទេ ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ឲ្យ​ការ​​សាងសង់​ឡើង​វិញ​មណ្ឌល​បំផ្លិច​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី​កាលពី​ថ្ងៃ ១១ មីនា។ លោក Yoshihiko Noda ត្រូវ​តែ​កាត់​បន្ថយ បំណុល​សាធារណៈ​ដែល​នៅ​ចុង​ឆ្នាំ ២០១១​នេះ នឹង​មាន​ចំនួន ២៣០ % នៃ​ផលិតផល​សរុប​ក្នុង​ប្រទេស​ជប៉ុន។

ដើម្បី​កាត់​បន្ថយ​បំណុល​នេះ គេ​ត្រូវ​បង្កើន ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម TVA ជា​បី​ដង​គឺ​ពី​១៥​ទៅ​១៧%-ស្របតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI។ ប៉ុន្តែ ដើម្បី​ធ្វើការ​នេះ លោក Yoshihiko Noda  ​ក៏ត្រូវ​ចាត់​​វិធានការ​ផ្តល់​សន្ទុះ​ថ្មី​ឲ្យ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។ កំណើន​សេដ្ឋកិច្ច​ដែល​នៅ​ងាប់​ស្តូក​មួយ​កន្លែង​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

គាត់​ត្រូវ​ប្រយុទ្ធ​ទល់​នឹង​ការ​ស្ទុះ​ហក់​ឡើង​ថ្លៃ​នៃ​ប្រាក់យេន។ សហគ្រាស​ជប៉ុន​ប្រើ​ប្រាក់​យេន​ថ្លៃ ដើម្បី​រើ​ផលិតកម្ម​ខ្លួន​ទៅ​ធ្វើ នៅ​ទី​ដទៃ និង​ទិញ​លោះ​យក​សហគ្រាស​នៅ​បរទេស ដែល​ជាហេតុ​បណ្តាល​ឲ្យ​កើត​មាន​ក្តី​ព្រួយ​បារម្ភ ច្រើន​នៅ​ប្រទេស​ជប៉ុន។

ការ​ឡើង​កាន់​រដ្ឋអំណាច​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០០៩ ជា​ជំនួស​ពួក​អ្នក​មុន​ខ្លួន ដែល​បាន​ក្តាប់​រដ្ឋអំណាច​ជាង​កន្លះ​សតវត្ស ពុំ​បាន​កែ​បំបាត់​ការ​ផុងលុង​ខ្លួន​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជប៉ុន​ទេ។ ស្របតាម​អ្នក​ធ្វើ​អត្ថាធិប្បាយ Koichi Ichiyama     « ប្រជាជន​​ជប៉ុន​មិន​អើពើ​ទេ.​គេ​មិន​រង់ចំា​អ្វី​ឬ​ក៏​ស្ទើរ​តែ​អ្វី​សោះ ពី​អនាគត​នាយករ​ដ្ឋមន្ត្រី ពីព្រោះ​ប្រមុខ​រដ្ឋាភិបាល​លាឈប់​ពី​មុខ​តំណែង Naoto Kan គ្មាន​សមត្ថភាពនឹង​ប្រឈមមុខ​ទល់​នឹង​គ្រោះធម្មជាតិ​ទេ ជាពិសេស​ទៅ​ទៀត​ទល់​នឹង​គ្រោះ​ថ្នាក់ nucléaire គាត់​បាន​វ័ណ្ឌ​ជើង​ខ្លួន​ឯង ជា​ហេតុ​ធ្វើ​​ឲ្យ​សភាពការណ៍​រឹតតែ​ធ្ងន់​ធ្ងរ ហើយ​ប្រជាជន​ជប៉ុន​ជិនណាយ​នឹង​គណបក្ស​កណ្តាលនិយម លំអៀង​ទៅ​ខាង​ឆ្វេង​ដែល​កាន់​រដ្ឋអំណាច ហេតុ​នេះ​ហើយ​​បាន ជាគេ​មិន​អើពើ»។

គណបក្ស​កណ្តាល​និយម​លំអៀង ទៅ​ខាង​ឆ្វេង​គ្មាន​សមត្ថភាព​នឹងខ័​ណ្ឌ​បញ្ចប់​ការ​ឃុបឃិត​គ្នា​រវាង​រដ្ឋ​និង​វិស័យ​ឯកជន ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដោយ​គ្រោះថ្នាក់​នៅ​រោង​ចក្រ Fukushima​ជាទី​ដែល ក្រុមហ៊ុន Tepco នៅ​តែ បន្ត​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​ខ្លួន ដោយ​មានការ​គាំពារ​ពី​ខាង​រដ្ឋការ​ដ៏ខ្លាំងក្លា​ដែល​បដិសេធ​ពុំ​ព្រម​សហការ​ជាមួយ គណបក្ស​ប្រជាធិបតេយ្យ​កាន់​រដ្ឋអំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ