អានតួអត្ថបទ
ថៃ

ការខូចខាត​ដោយទឹកជំនន់​មានចំនួន​រាប់ពាន់​លានដុល្លារ

ការ​គំរាម​ដោយ​ទឹក​ជំនន់​នៅ​បាងកក​បាន​ស្រុត​ចុះ​មួយ​កំរិត។​អាជ្ញាធរ​អះអាង​ថា​ ក្តាប់​បាន​ស្ថានភាព​នៅ​បាងកក​ ប៉ុន្តែ ​ទទួល​សារភាព​ថា ​តម្លៃ​នៃ​ការ​កសាង​ឡើង​វិញ ​មាន​ចំនួន​លើស​ពី​២ ៥០០ ​លាន​ដុល្លារ ​គឺ​ច្រើន​ជាង​ការ​វាយ​តម្លៃ​​ប៉ាន់ស្មាន​កាលពី​លើក​មុនៗ។

ទឹកជំនន់​នៅបាងកក​​បានស្រុត​ចុះ​មួយកំរិត​​ប៉ុន្តែ​ការ​កសាង​ឡើងវិញ​មានតម្លៃ​លើសពី​២ ៥០០​លាន​ដុល្លារ​
ទឹកជំនន់​នៅបាងកក​​បានស្រុត​ចុះ​មួយកំរិត​​ប៉ុន្តែ​ការ​កសាង​ឡើងវិញ​មានតម្លៃ​លើសពី​២ ៥០០​លាន​ដុល្លារ​ © RFI
ផ្សាយពាណិជ្ជកម្ម

 

“​ ថវិកា​ដំបូង​របស់​រដ្ឋាភិបាល​សំរាប់​ការកសាង​ឡើង​វិញ​ពុំ​គ្រប់​គ្រាន់​ទេ​ “​ ​ -នេះ​ជា​ការ​ទទួល​សារភាព​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ ​ ដោយ​លើក​ឡើង​អំពី​ការខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ចំនួន​ជាង​១០ម៉ឺន​លាន​បាត​ត្រូវ​ជា​២៥០០លាន​អឺរ៉ូ​។​រី​ឯ​ស្រប​តាម​សាកលវិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ​វិញ​ ​ ការខូច​ខាត​ដោយ​ទឹក​ជំនន់​មាន​ចំនួន​ប្រមាណ​ជា​១៥ម៉ឺន​លាន​បាត​ត្រូវ​ប្រមាណ​ជា​៣៥០០លាន​អឺរ៉ូ​គឺ​ចំនួន​ពី​១,៣​ទៅ​១,៥​%​នៃ​ផលិតផល​សរុប​ក្នុង​ប្រទេស​ រួម​ទាំង​ផល​ប៉ះ​ពាល់​ទៅ​លើ​វិស័យ​កសិកម្ម​ ​ ទេសចរណ៍​និង​ពាណិជ្ជកម្ម​ផង។

ស្រប​តាម​ធនាគារ​កណ្តាល​ថៃ​និង​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ជាតិ​ ​ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១១​នេះ​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ពី​១​ទៅ​១,៧​ពិន្ទុ​។

ទឹក​ជំនន់​ដ៏​កាច​សាហាវ​បំផុត​ពុំ​ធ្លាប់​កើត​មាន​រាប់​សិប​ឆ្នាំ​មក​ហើយ​ នៅ​ប្រទេស​ថៃ​ បាន​ធ្វើ​ឱ្យ​លិច​លង់​រោង​ចក្រ​រាប់​រយ​គឺ​ជា​ការវាយ​សំពង​យ៉ាង​ដំណំ​ទៅ​លើ​បណ្តាញ​ពិភពលោក​ខាង​ផ្គត់​ផ្គង់​ឩស្សាហកម្ម​ ជាអាទិ៍​ ឩស្សាហកម្ម​ផលិត​រថយន្ត​និង​ឩស្សាហកម្ម​ឈាន​មុខ​ផ្នែក​បច្ចេកវិជ្ជា​ជាន់​ខ្ពស់​ដែល​ត្រូវ​បាន​បន្ទន់​បន្សោយ​រួច​ស្រាប់​ទៅ​ហើយ​ដោយ​ការរញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​ នៅ​ថ្ងៃ​១១​មីនា​ នៅ​ប្រទេស​ជប៉ុន​។

“​ បទ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​ស្តី​ពី​ផលិតកម្ម​ឡើង​វិញ​បាន​យ៉ាង​ឆាប់​រហ័ស​បង្គួរ​ បន្ទាប់​ពី​មាន​រលក​យក្ស​ស៊ូណាមី​ នៅ​ខែ​មីនា​ផ្តល់​ក្តី​សង្ឃឹម​ ប៉ុន្តែ​ បទ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​ប្រហែល​ពុំ​អាច​មាន​ភ័ព្វ​ដូច​នេះ​ទេ​។​ពុំ​គ្រាន់​តែ​ តំបន់​រង​គ្រោះ​ធំ​ទូលំ​ទូលាយ​ជាង​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ​ ​ ​ ប៉ុន្តែ​វិស័យ​ជា​ច្រើន​ទទួល​រង​ផល​ប៉ះ​ពាល់​ “​ ​ -​នេះ​ជា​ការកត់​សំគាល់​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ​ យីង​ឡាក់​ ស៊ីណាវ៉ាត្រា​។​”​ ចាំ​បាច់​ត្រូវ​តែ​ជួយ​សង្គ្រោះ​តំបន់​សំខាន់ៗ​ផ្នែក​ខាង​សេដ្ឋកិច្ច​ ដោយ​បោះ​បង់​តំបន់​ពុំ​សូវ​សំខាន់​ “​ ​ -នេះ​ជា​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​ក៏​ជា​នាយក​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​។

ទឹក​ជំនន់​បាន​បណ្តាល​ឱ្យ​មាន​អ្នក​រង​គ្រោះ​ស្លាប់​៣១៥​នាក់​ហើយ​គិត​មក​ទល់​ថ្ងៃ​អង្គារ​១៨​តុលា​នេះ​ ​ ​ ធ្វើ​ឱ្យ​ខូច​ខាត​ដី​ស្រែ​ចំនួន​១០%​ក្នុង​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​ នៅ​លើ​ពិភពលោក​និង​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​ធំៗ​សំខាន់ៗ​ពុំ​អាច​ប្រើ​ប្រាស់​កើត​។

កង​ទ័ព​ថៃ​ត្រូវ​ពង្រឹង​ទំនប់​ដោយ​ដាក់​បន្ថែម​បាវ​ដី​ខ្សាច់​ចំនួន​មួយ​លាន​បាវ​ថែម​ទៀត​ នៅ​ថ្ងៃ​អង្គារ​នេះ​ ​ ដើម្បី​ការពារ​ទី​ក្រុង​បាងកក​ ​ ដោយ​ខ្លាច​បារម្ភ​តែ​ទំនប់​បច្ចុប្បន្ន​ធ្លាយ​ដោយ​ហេតុ​ទប់​កម្លាំង​ទឹក​ពុំ​ជាប់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ