អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិក​និងចិន​ដំឡើង​សំឡេង​ដាក់គ្នា​មុនជំនួប​កំពូល​អាស៊ីបូព៌ា​

ប៉ុន្មាន​ថ្ងៃ​មុន​ការ​ផ្តើម​ឡើង​នៃ​ជំនួប​កំពូល​អាស៊ាន​និង​ជំនួប​កំពូល​អាស៊ី​បូព៌ា​នៅ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី ​ចិន​និង​សហរដ្ឋ​អាមេរិក ស្រាប់​តែ​ដំឡើង​សំឡេង​ដាក់​គ្នា។ ​មូលហេតុ​គឺ​មក​ពី​សហរដ្ឋអាមេរិក​ដែល​ក្លាយ​ទៅ​ជា​សមាជិក​ផ្លូវការ​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា ​បាន​ប្រកាស​ថា ​ត្រូវ​តែ​លើក​យក​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​មក​ពិភាក្សា។ ​ចិន​ដែល​ជា​ភាគី​ជម្លោះ​ប្រកាស​ថា ​សហរដ្ឋ​អាមេរិក​គ្មាន​សិទ្ធិ​មក​លូកលាន់​ក្នុង​រឿង​នេះ​ទេ។

មុន​ជំនួប​កំពូល​អាស៊ាន​និងជំនួប​កំពូល​អាស៊ីបូព៌ា​នៅបាលី​ចិន​និង​សហរដ្ឋ​អាមេរិក​ស្រាប់តែ​ដំឡើង​សំឡេង​ដាក់គ្នា​
មុន​ជំនួប​កំពូល​អាស៊ាន​និងជំនួប​កំពូល​អាស៊ីបូព៌ា​នៅបាលី​ចិន​និង​សហរដ្ឋ​អាមេរិក​ស្រាប់តែ​ដំឡើង​សំឡេង​ដាក់គ្នា​ © RFI
ផ្សាយពាណិជ្ជកម្ម

សម្រាប់​សហរដ្ឋអាមេរិក​ដែល​ចាប់​ពី​ពេល​នេះ​ត​ទៅ ជា​សមាជិក​ផ្លូវការ​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា គេ​ត្រូវ​តែ​ហ៊ាន​លើក​យក​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​មក​ពិភាក្សា​ដោយ​ចំហ។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយ​តប​ភ្លាមៗ​ថា ទីក្រុង​វ៉ាស៊ីនតោន​គ្មាន​សិទ្ធិ​មក​លូកលាន់​ក្នុង​បញ្ហា​ទាំង​នេះ​ទេ និង​ថា ចិន​មាន​បំណង​ចង់​បន្ត​ចរចា​ជាមួយ​ភាគី​ជម្លោះ​នីមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា។ សូម​រំឭក​ថា ចិន​កំពុង​ទាស់ទែង​គ្នា​ជាមួយ​ហ្វីលីពីន​និង​វៀតណាម។ ពួក​គេ​ដណ្តើម​គ្នា​កាន់កាប់​ទី​ប្រជុំកោះ​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។

មក​ទល់​ពេល​នេះ ចិន​ចង់​បាន​ដំណោះស្រាយ​ទ្វេភាគី រីឯ​ហ្វីលីពីន​និង​វៀតណាម​វិញ ចង់​បាន​ដំណោះស្រាយ​ពហុភាគី។ វត្តមាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​របស់​សហរដ្ឋ​អាមេរិក ទន្ទឹម​គ្នានឹង​វត្តមាន​របស់​ចិន នៅ​ក្នុង​វេទិកា​អាស៊ាន​ក៏​ដូច​ជា​ក្នុង​វេទិកា​អាស៊ី​បូព៌ា កំពុង​ធ្វើ​ឲ្យ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​នេះ​ប្រែ​ក្លាយ​ជា​អធិករណ៍​តំបន់​និង​ផ្តើម​ធ្វើ​ឲ្យ​មហាយក្ស​ចិន​និង​សហរដ្ឋ​អាមេរិក​ទាស់​សំដី​គ្នា។

គួរ​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​បន្ត​ពង្រឹង​និង​ពង្រីក​វត្តមាន​របស់​ខ្លួន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចាត់​ទុក​ថា​ជា​អាទិភាព​យុទ្ធសាស្រ្ត នៅ​ក្នុង​នយោបាយ​ការ​បរទេស​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ