អានតួអត្ថបទ
សហភាពអឺរ៉ុប-អ៊ីរ៉ង់-នុយក្លេអ៊ែរ

សហភាព​អឺរ៉ុប​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់​ហើយនិង​គំរាម​ទៅលើ​វិស័យ​ប្រេងកាត​

អឺរ៉ុប​បាន​ធ្វើការ​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​ ​​ ដោយ​ហេតុ​តែ​បញ្ហាក​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស​។​ ទាំងនេះ​ពីរថ្ងៃ​ក្រោយពី​មាន​ការវាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​អង់គ្លេស​នៅ​ទីក្រុង​តេហេរ៉ង់​។​ សហភាព​អឺរ៉ុប​គំរាមថា​ ​ នឹង​ធ្វើការ​វាយលុក​ចាប់ពី​ពេលនេះ​ទៅទល់​ចុងខែ​មករា​ឆ្នាំ២០១២​ទៅលើ​វិស័យ​ប្រេងកាត​ដែលជា​វិស័យ​ដ៏​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​អ៊ីរ៉ង់។

លោកស្រី​ Catherine Ashton​ ប្រមុខការទូត​នៃ​សហភាព​អឺរ៉ុប
លោកស្រី​ Catherine Ashton​ ប្រមុខការទូត​នៃ​សហភាព​អឺរ៉ុប REUTERS/Thierry Roge
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហភាព​អឺរ៉ុប​ដែលជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល​កាលពី​ម្សិលមិញ​បាន​សម្រេច​ធ្វើ​ការ​ពង្រឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ ​ ដោយ​ចាត់​វិធានការ​ឃាត់ផ្អាប់​ទុក​នូវ​ប្រាក់​ដែលមាន​នៅក្នុង​ធនាគារ​របស់​ក្រុមហ៊ុន​ឬ​អង្គការ​អ៊ីរ៉ង់​ប្រមាណ​១៤៣​ ​ ហើយនិង​ចុះឈ្មោះ​ជនអ៊ីរ៉ង់​៣៧នាក់​បន្ថែមទៀត​ទៅក្នុង​បញ្ជីខ្មៅ​ហាម​ពុំ​ផ្តល់​ទិដ្ឋាការ​សម្រាប់​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស។

 
ទាំងនេះ​បន្ថែម​ទៅលើ​ទណ្ឌកម្ម​ដែល​សហភាព​អឺរ៉ុប​បានដាក់​រួចហើយ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​មាន​ដូចជា៖
-​ ​ ការឃាត់ផ្អាប់​ទុក​នូវ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ឬ​អង្គការ​អ៊ីរ៉ង់​ចំនួន​២៩០។
-​ ​ ចុះឈ្មោះ​ជន​៧៦នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ ទៅក្នុង​បញ្ជីខ្មៅ​ហាម​ពុំ​ផ្តល់​ទិដ្ឋាការ​សម្រាប់​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស។

ចំណែកឯ​សហរដ្ឋ​អាមេរិកវិញ​ ​ សេតវិមាន​បាន​សម្តែង​ការអបអរ​នឹង​ការ​ពង្រឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ដោយ​សហភាព​អឺរ៉ុប​ ​ ហើយនិង​ការ​ប្រកាស​ឲ្យដឹង​នៅថ្ងៃ​ជាមួយគ្នា​នូវ​ទណ្ឌកម្ម​អឺរ៉ុបថ្មី​ដាក់​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី។

មិនតែ​ប៉ុណ្ណោះ​ ​ សហភាពអឺរ៉ុប​បាន​ទាំង​រៀបចំ​រួចជា​ស្រេច​នូវ​ទណ្ឌកម្ម​វគ្គទីពីរ​ដែល​ធ្វើសំដៅ​ទៅលើ​វិស័យ​ប្រេងកាត​ដែល​ជា​វិស័យ​ដ៏​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ ​ ដូច​មាន​ការគូស​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ អាឡាំង​ ហ្ស៊ូពេ​ នៅ​ទីក្រុង​ព្រុចសែល​ថា​ ​ “​សហភាព​អឺរ៉ុប​បាន​សម្រេច​ចាត់​វិធានការ​ពង្រឹង​ទណ្ឌកម្ម​ទៅលើ​ហិរញ្ញវត្ថុ​និង​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់”​។

រីឯ​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​វិញ​បាន​បញ្ជាក់​បន្ថែមថា​ ​ “​វិធានការ​ពង្រឹង​ទណ្ឌកម្ម​ធ្វើសំដៅ​ទៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អ៊ីរ៉ង់​ ​ វិស័យ​ដឹក​ជញ្ជូន​និង​វិស័យ​ថាពល​ ​ ហើយនិង​ទៅលើ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ ​ ចាប់ពី​ពេលនេះ​ទៅទល់​ជំនួប​លើកក្រោយ​នៃ​រដ្ឋមន្ត្រី​នៃ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៣០មករា​ឆ្នាំ២០១២​ខាងមុខនេះ។

ទីក្រុង​ប៉ារីស​ ​ ទីក្រុង​ប៊ែរឡាំង​ ​ និង​ទីក្រុង​ឡុងដ្រឹ៍​គាំទ្រ​វិធានការ​ហាម​ឃាត់​ពុំឲ្យ​ប្រទេស​អ៊ីរ៉ង់​នាំប្រេងកាត​ចេញ​ទៅលក់​ក្រៅ​ប្រទេស។​ ក៏​ប៉ុន្តែ​វិធានការនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រទេស​មួយចំនួន​ដែល​មាន​ការ​ពឹងផ្អែក​ទៅលើ​ប្រេងកាត​របស់​ប្រទេស​អ៊ីរ៉ង់។​ គួរកត់​សម្គាល់ថា​ ​ ប្រទេស​អេស្ប៉ាញ​នាំ​ចូល​ប្រេងឆៅ​អ៊ីរ៉ង់​ស្មើនឹង​១៤,៦%​នៃ​តម្រូវការ​របស់ខ្លួន។​ ប្រទេស​ក្រិក​១៤%​ ​ ហើយនិង​១៣,១%​សម្រាប់​ប្រទេស​អ៊ីតាលី។

ប្រទេស​ចិនឯណោះ​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​ក្តីបារម្ភ​របស់​គេ​នៅ​ចំពោះមុខ​ស្ថានការណ៍​នៃ​ប្រទេស​អ៊ីរ៉ង់​ក្រោយពី​មាន​ការ​វាយប្រហារ​ទៅលើ​ស្ថានទូត​អង់គ្លេស​នៅ​ទីក្រុង​តេហេរ៉ង់​នៅ​ប៉ុន្មាន​ថ្ងៃមុននេះ។

គួរបញ្ជាក់ថា​ ​ ប្រទេសចិន​និង​ប្រទេស​រុស្ស៊ី​ដែលជា​មិត្ត​របស់​ប្រទេស​អ៊ីរ៉ង់​តែង​មាន​ជំហរ​ជួយ​គាំទ្រ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។​ ហើយនារយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ ​ ប្រទេសចិន​និង​ប្រទេស​អ៊ីរ៉ង់​បាន​ក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នឹងគ្នា​ទៀតផង។​ ទាំងនេះ​ក៏​ដោយហេតុតែ​មានការ​ដកខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​ដោយ​ក្រុមហ៊ុន​សំខាន់ៗ​របស់​ប្រទេស​លោកខាងលិច​ ​ ដោយ​មូលហេតុ​ទណ្ឌកម្ម​ដាក់​ទៅលើ​ប្រទេស​អ៊ីរ៉ង់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ