អានតួអត្ថបទ
អ.ស.ប-ស៊ីរី-រុស្ស៊ី

ស៊ីរី៖ ប្រតិកម្ម​លោកខាងលិច​ក្រោយពី​វេតូ​របស់​រុស្ស៊ី​និងចិន​នៅអ.ស.ប.​

ប្រទេសរុស្ស៊ី​និង​ប្រទេសចិន​បាន​ប្រើ​សិទ្ធិ​វេតូ​របស់ខ្លួន​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​ ប្រឆាំង​ទល់នឹង​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ដើម្បី​ថ្កោលទោស​ទៅលើ​ការវាយ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​បាតុករ​ស៊ីរី​ដោយ​ទាហាន​របស់​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​។​ នេះជា​លើក​ទីពីរហើយ​នារយៈពេល​បួនខែ​ចុងក្រោយនេះ​ដែល​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ ​ ដើម្បី​ប្រឆាំង​ទល់នឹង​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.។

លោក​ប្រមុខការទូត​រុស្ស៊ី​  Sergueï Lavrov
លោក​ប្រមុខការទូត​រុស្ស៊ី​ Sergueï Lavrov (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

ប្រទេស​រុស្ស៊ី​តាមរយៈ​សំឡេង​របស់​លោក ​Vitaly Churkin ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អ.ស.ប.​បាន​ថ្លែង​ឲ្យដឹងថា​​ ​ ផែនការ​របស់​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ដែល​ទាមទារ​ឲ្យ​កងកម្លាំង​យោធា​ស៊ីរី​ដកខ្លួនថយ​គឺជា​ផែនការ​ពុំ​ត្រឹមត្រូវ​ ​ ដោយហេតុថា​ ​ “​នៅពេលដែល​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​ដកខ្លួនថយ​ ​ នៅពេលនោះ​ក្រុមប្រដាប់​អាវុធ​នៃ​ពួកអ្នក​ប្រឆាំង​ស៊ីរី​ក៏​បាន​ឆ្លៀតមក​កាន់កាប់​ទីកន្លែង​។​ ដូច្នេះ​ គ្មានអ្វី​មក​បង្ខំ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​អនុម័ត​តាម​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​តំបន់​មួយនេះឡើយ។​ សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​តំបន់​មួយនេះ​ ​ ពុំមែនជា​គម្ពីរ​ Coran ​អ៊ីស្លាម​ ហើយក៏​ពុំមែនជា​គម្ពីរ​ Bible ​សម្រាប់​អ្នកកាន់​គ្រឹស្ត​សាសនា​ដែរ »។​ នេះ​ជាពាក្យសំដី​របស់​លោក ​Vitaly Churkin ឯកអគ្គរដ្ឋទូត​រុស្ស៊ី​​ប្រចាំ​អ.ស.ប.។

 
ម្យ៉ាងទៀត​ប្រទេស​រុស្ស៊ី​នៅតែ​មិន​បោះបង់​សម្ព័ន្ធមិត្ត​ស៊ីរីចាស់​របស់គេ​ ​ ដោយនៅ​បន្ត​ធ្វើការ​លក់​សព្វាវុធ​ឲ្យ​ទៅ​ទីក្រុង​ដាម៉ាស​។​ គួរកត់​សម្គាល់ថា​ ​ ប្រទេស​ស៊ីរី​គឺជា​អតិថិជន​ដ៏​សំខាន់​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ ​ ទីក្រុង​ដាម៉ាស​នាំចូលពី​រុស្ស៊ី​នូវ​រថក្រោះ​ ​ កាំភ្លើង​តូចធំ​និង​យន្តហោះ​ប្រដេញ​ ​ ហើយនៅ​សប្តាហ៍​នេះទៀត​ទីក្រុង​ម៉ូស្គូ​បាន​បញ្ជាក់​ទៀតថា​ ​ គេនៅ​តែ​បន្ត​ធ្វើការ​នាំចេញ​នូវ​សព្វាវុធ​លក់ទៅឲ្យ​ប្រទេស​ស៊ីរី។

ពិសេស​ជាងនេះ​គឺ​ប្រទេស​រុស្ស៊ី​នឹង​ពុំព្រម​សោះឡើយ​ឲ្យ​គេ​លូកដៃ​ចូលទៅក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ីរី​ឬ​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ។​ ទាំងនេះ​បណ្តាល​មកពី​មូលហេតុអ្វី?​ ទាំងនេះ​ក៏​ពីព្រោះតែ​រដ្ឋអំណាច​រុស្ស៊ី​បច្ចុប្បន្ន​កំពុង​ត្រូវ​ធ្វើការ​ប្រឈមមុខ​ទល់នឹង​បាតុកម្ម​និង​ការងើប​ប្រឆាំង​បះបោរ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ក្រោមការ​ដឹកនាំ​របស់​លោក​មេដវេដេវ​និង​លោក​ពូទីន​។

មូលហេតុ​អស់ទាំង​នេះហើយ​ដែលបាន​ជំរុញ​ឲ្យ​លោក​ប្រមុខ​ការទូត​រុស្ស៊ី​ Serguei Lavrov ថ្លែង​ប្រកាស​ហើយ​ប្រកាស​ទៀត​ប្រឆាំង​ទល់នឹង​ការប្រើ​កម្លាំង​យោធា​ដើម្បី​ធ្វើ​អន្តរាគមន៍​ ​ ហើយនិង​រាល់​សេចក្តី​សម្រេចចិត្ត​ដែល​គ្រោង​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ទៅលើ​របបគ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ដែលទាំងនេះ​អាចនាំ​ឲ្យ​ឈានទៅរក​សេណារីយោ​បែប​លីប៊ី។

លោក​ប្រមុខ​ការទូត​រុស្ស៊ី​ Serguei Lavrov​ នៅតែ​បន្ត​មាន​ជំនឿ​ទៅលើ​ការរិះរក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​នៅក្នុង​វិបត្តិ​ស៊ីរី​ដ៏​ហិង្សានេះ។​ គឺនៅក្នុង​ទស្សនវិស័យ​នេះហើយ​ដែល​លោក​ប្រមុខ​ការទូត​រុស្ស៊ី​នឹង​ធ្វើដំណើរ​នៅ​ថ្ងៃអង្គារ​ខាងមុខ​ទៅ​ទីក្រុង​ដាម៉ាស​ដើម្បី​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ។

សម្រាប់​ទីក្រុង​ប៉េកាំង​ ​ ការប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​ទល់នឹង​គម្រោង​សេចក្តី​សម្រេចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​គឺ​ធ្វើឡើង​ដើម្បី​​អនុញ្ញាត​ឲ្យ​មាន​ការបន្ត​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដោយ​សន្តិវិធី​។​ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការចិន​ឈ្មោះ​ “ចិនថ្មី”​បាន​គូស​បញ្ជាក់ទៀតថា​ ​ "​គេ​ត្រូវការ​ពេលវេលា​និង​អំណត់​អត់ធន់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ឲ្យ​វិបត្តិ​ស៊ីរី​ ​ និងដើម្បី​កុំឲ្យ​ប្រជាជន​ស៊ីរី​ទទួល​រងគ្រោះ​តទៅទៀត”។

សូមបញ្ជាក់ថា​ ​ នេះជាលើក​ទីពីរហើយ​ដែល​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​ទល់នឹង​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.​ ​ ដើម្បី​ថ្កោលទោស​ទៅលើ​អំពើ​ហិង្សា​នៃ​របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ដែលបាន​បណ្តាល​ឲ្យ​ប្រជាជន​ស៊ីរី​ប្រមាណ​៦ពាន់នាក់​ស្លាប់​។

ឯកអគ្គរដ្ឋទូត​ជាច្រើន​ប្រទេស​បារម្ភ​ខ្លាចក្រែង​ការប្រើ​វេតូ​របស់​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិននេះ​ ​ ធ្វើឲ្យ​ប្រធានាធិបតី​ស៊ីរី​ បាស្ហារ​អាល-អាស្សាដ​ ភ័ន្តយល់ថា​ ​ ជាការ​សញ្ញា​ភ្លើងខៀវ​អាចឲ្យ​របបគ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​បន្ត​ធ្វើការ​វាយ​បង្ក្រាប​បាតុករ​កាន់តែ​ខ្លាំងឡើងៗ​បន្ថែមទៀត។

សម្រាប់​លោកស្រី​ប្រមុខការទូត​អាមេរិក​ ហ៊ីឡារី​គ្លីនតុន​ ​ “ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​ត្រូវមាន​ការទទួល​ខុសត្រូវ​ក្នុង​ការប្រើ​សិទ្ធិវេតូ​របស់ខ្លួន​ ​ ហើយបើ​គ្មាន​សកម្មភាព​រួមគ្នា​មួយ​របស់​សហគមន៍​អន្តរជាតិ​ទេ​ ​ នោះ​ខ្ញុំ​បារម្ភ​ខ្លាច​កើតមាន​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី”។

រីឯ​ប្រមុខ​ការទូត​អង់គ្លេស​ លោក​ William Hague ​វិញ​បានថ្លែងថា​ “​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​ជាអ្នក​បាន​បោះបង់​ប្រជាជន​ស៊ីរី​ ​ ហើយនិង​ជាអ្នក​គាំទ្រ​របប​គ្រប់គ្រង​ដ៏​សាហាវ​របស់​បាស្ហារ​អាល-អាស្សាដ”។

ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​វិញ​បាន​ថ្លែង​ព្រមាន​នៅ​ល្ងាចថ្ងៃ​សៅរ៍​ម្សិលមិញថា​ ​ “ប្រទេស​បារាំង​ពុំ​ព្រម​ចុះញ៉ម​នឹង​វេតូ​របស់​រុស្ស៊ី​និង​ចិន​ឡើយ។​ ទីក្រុង​ប៉ារីស​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​ជាដៃគូ​ដើម្បី​បង្កើត​ឲ្យ​មាន​ “ក្រុមប្រទេស​មិត្ត​របស់​ប្រជាជន​ស៊ីរី”។

“ក្រុមប្រទេស​មិត្ត​របស់​ប្រជាជន​ស៊ីរី”​នេះ​ នឹង​នាំមក​នូវ​ជំនួយ​ពី​​សហគមន៍​អន្តរជាតិ ​ ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​គំនិត​ផ្តួចផ្តើម​របស់​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់។​ ​“ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់”​ ដែល​បាន​អនុម័ត​កាលពី​ថ្ងៃទី២២​មករា​កន្លងទៅ​នូវ​ផែនការ​មួយដើម្បី​បិទបញ្ចប់​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​ស៊ីរី​ ​ ជូន​សំឡេង​ឲ្យ​ប្រជាជន​ស៊ីរី​អាច​បញ្ចេញ​មតិ​របស់ខ្លួន​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកដឹកនាំ​ ​ ឲ្យ​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​ចាកចេញ​ពី​តំណែង​ ​ ដោយរក្សា​ទុកនូវ​រចនា​សម្ព័ន្ធ​របស់​រដ្ឋ​ ​ ដើម្បី​បញ្ចៀស​កុំឲ្យ​ប្រទេស​ស៊ីរី​ធ្លាក់ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល។

ពិតមែន​ដែល​ការរិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​តាមរយៈ​អ.ស.ប.​នៅតែ​គាំងស្ទះ​មកទល់ពេល​នេះ​មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​ ​ បើ​អ្នកប្រឆាំង​ស៊ីរី​មាន​លទ្ធភាព​ផ្សេងទៀត​ ក្រៅពី​សេចក្តី​សម្រេច​ចិត្ត​របស់​អ.ស.ប.​ ​ នោះពួកគេ​ច្បាស់ជា​យក​លទ្ធភាព​នោះ​មកប្រើ​ហើយ​ ​ គេពុំឲ្យ​ខាត​ពេលវេលា​ដល់ទៅ​ជិត១ឆ្នាំ​ ​ ហើយនិង​បាន​បណ្តាល​ឲ្យ​មាន​ប្រជាជន​ស៊ីរី​ស្លាប់ដល់​ទៅ​៦ ០០០នាក់​នោះទេ។

យើង​ក្រឡេក​ទៅមើល​ស្ថានភាព​របស់​ប្រទេស​ស៊ីរី។​ ប្រទេស​ជិតខាង​របស់​ស៊ីរី​មាន៖​ ប្រទេស​តួកគី​ ​ លីបង់​ ​ អ៊ីស្រាអែល​ ​ អ៊ីរ៉ង់​ ​ អ៊ីរ៉ាក់​ និង​ប្រទេស​ហ្សកដានី។​ ក្នុង​ចំណោម​ប្រទេស​ទាំងនោះ​ ​ ប្រទេស​ប្រឆាំង​របបគ្រប់គ្រង​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ ​ ហើយមាន​លទ្ធភាព​ជាងគេ​គឺ​ ប្រទេស​តួកគី​ ​ ដែលជា​សមាជិក​នៃ​បក្សសម្ព័ន្ធ​អូតង់​ ​ ពុំអាច​ធ្វើ​អន្តរាគមន៍​អ្វីកើតឡើយ​ ​ បើគ្មាន​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​អន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ីរី​ទេនោះ។​ ប្រទេស​អ៊ីស្រាអែល​វិញ​ ​ ជាសត្រូវ​សួពូជ​របស់​ប្រទេស​អារ៉ាប់​ ​ រិតតែ​គ្មាន​លទ្ធភាព​ទៅទៀត។​ ងាកទៅ​មើល​ប្រទេស​អ៊ីរ៉ាក់​ ​ គេកំពុង​តែ​ត្រូវ​ដោះស្រាយ​វិបត្តិ​ដ៏​វឹកវរ​ផ្ទៃក្នុង​របស់​គេ។​ ប្រទេស​លីបង់​និង​ប្រទេស​ហ្សកដានី​ជា​ប្រទេស​តូចតាច។​ នៅ​សល់តែ​ប្រទេស​អ៊ីរ៉ង់​ ​ ក៏​ប៉ុន្តែ​អ៊ីរ៉ង់​ជា​ប្រទេស​មិត្ត​របស់​របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ។

ដូច្នេះ​ ​ ឃើញថា​គេគ្មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​​ខិតខំ​បញ្ចុះ​បញ្ចូល​ឬ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​ឲ្យ​ប្តូរប្រែ​ឥរិយាបថ​ ​ ឈប់​ប្រើ​វេតូ​ហើយ​ងាកមក​គាំទ្រ​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ