អានតួអត្ថបទ
ស៊ីរី-ទុយនីស៊ី

គ្មាន​វត្តមាន​​រុស្ស៊ី​​និងចិន​ “ក្រុម​​ប្រទេស​​មិត្ត​​របស់​​ស៊ីរី”​​ជួប​ប្រជុំ​គ្នា​​​នៅទីក្រុង​​ទុយនីស​​

តើគេត្រូវ​បិទបញ្ចប់​អំពើ​ហិង្សា​នៅ​ប្រទេស​ស៊ីរី​ដោយវិធីណា?​ នៅថ្ងៃសុក្រ​ទី២៤​កុម្ភៈ​ឆ្នាំ២០១២នេះ​ “ក្រុមប្រទេស​មិត្ត​របស់​ស៊ីរី”​បានជួប​ប្រជុំគ្នា​នៅក្នុង​សន្និសីទ​មួយ​នៅទីក្រុង​ទុយនីស​ ​ ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកតំណាង​នៃ​ប្រទេស​ជាង៦០​ ​ ក្រោមការ​ផ្តួចផ្តើម​របស់​ក្រុមប្រទេស​សម្ព័ន្ធ​អារ៉ាប់​។​ ទាំងនេះ​ក្នុងគោល​បំណង​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ជួយ​ប្រជាជន​ស៊ីរី។

លោក​ ​Nabil al-Arabi (ឆ្វេង)​ អគ្គលេខាធិការ​​នៃ​សម្ព័ន្ធ​​អារ៉ាប់​ដែលជា​​អ្នកមាន​​គំនិត​​ផ្តួចផ្តើម​សន្និសីទ​​​​នៅទីក្រុង​​​ទុយនីស​ ​​
លោក​ ​Nabil al-Arabi (ឆ្វេង)​ អគ្គលេខាធិការ​​នៃ​សម្ព័ន្ធ​​អារ៉ាប់​ដែលជា​​អ្នកមាន​​គំនិត​​ផ្តួចផ្តើម​សន្និសីទ​​​​នៅទីក្រុង​​​ទុយនីស​ ​​ Reuters / Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

ក្រុម​បក្សប្រឆាំង​ស៊ីរី​សំខាន់ៗ​នឹង​មាន​អ្នកតំណាង​របស់​ខ្លួន​ចូល​រួម​ប្រជុំ​នៅ​ក្នុង​សន្និសីទ​នៅ​ទីក្រុង​ទុយនីស​នៅ​ថ្ងៃសុក្រនេះ។​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ សម្រាប់​ប្រទេស​លោកខាងលិច​ដែល​បាន​តាម​ដាន​សំណុំរឿង​ស៊ីរី​នេះ​យ៉ាង​ល្អិតល្អន់។​ ផ្ទុយទៅវិញ​ ​ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ពុំព្រម​ចូលរួម​សន្និសីទ​នេះឡើយ។

 
ទីក្រុង​ប៉េកាំង​ទើបនឹង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បដិសេធ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ ទីក្រុង​ម៉ូស្គូ​ឯណោះវិញ​បាន​ថ្លែងប្រាប់​មុន​ទីក្រុង​ប៉េកាំង។​ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​នឹង​ពុំ​បញ្ជូន​អ្នកតំណាង​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​សន្និសីទ​នៅ​ទីក្រុង​ទុយនីស​ឡើយ។​ មហាអំណាច​ទាំងពីរ​នេះ​ជាអ្នកគាំទ្រ​របបគ្រប់គ្រង​ស៊ីរី​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ដោយ​ពុំយល់ព្រម​ឲ្យ​មាន​ការ​ជ្រាតជ្រែក​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ីរី​ឡើយ។

ដើមឡើយ​ ​ គោលបំណង​នៃ​សន្និសីទ​នៅទីក្រុង​ទុយនីស​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​របបគ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​ ​ឲ្យ​បញ្ឈប់​ធ្វើការ​វាយបង្ក្រាប​ដ៏​ហិង្សា​ទៅលើ​ប្រជាជន​ស៊ីរី។​ ក៏ប៉ុន្តែ​ ដោយហេតុតែ​ស្ថានភាព​ធ្លាក់ចុះ​កាន់តែ​ដុនដាបទៅៗ​ នៅតាម​តំបន់​ជាច្រើន​ជាពិសេស​នៅទីក្រុង​ហូម្ស​(​ដែល​ប្រជាជន​ទទួល​រង​ការវាយប្រហារ​គ្មាន​ស្រាកស្រាន្ត​តាំងពី​ថ្ងៃទី​៤កុម្ភៈ​មក​ នៅក្នុង​សង្កាត់​បាប​ អាមរ៉ូ​ដែលមាន​អ្នកកាសែត​ពីរនាក់​ស្លាប់​នៅ​ថ្ងៃពុធ​កន្លងទៅ​)។​ ទាំងនេះ​បាន​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​នៅក្នុង​របៀបវារៈ។

បញ្ហា​ដែល​ចាំបាច់​បន្ទាន់​ដែល​ត្រូវ​ដោះស្រាយ​នៅ​ពេលនេះ​គឺ​បញ្ហា​មនុស្សធម៌​។​ ប្រទេស​បារាំង​បាន​អំពាវនាវ​ជាច្រើនថ្ងៃ​មកហើយ​ ឲ្យ​រៀបចំ​ឲ្យមាន​ច្រកផ្លូវ​មនុស្សធម៌​ ​ សម្រាប់​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ស៊ីរី​រងគ្រោះ។​ ប៉ុន្តែ​ផែនការ​នេះ​បាន​ត្រូវ​បដិសេធ​ដោយ​ទីក្រុង​ម៉ូស្គូ​ ​ ដោយ​បារម្ភ​ខ្លាច​ក្រែង​អធិករណ៍​ស៊ីរី​នេះ​ក្លាយទៅជា​អធិករណ៍​រ៉ាំរ៉ៃ។

បើយោងតាម​អ្នកការទូត​អឺរ៉ុប​ខ្លះ​ ​ ការ​រៀបចំ​ឲ្យមាន​ច្រកផ្លូវ​មនុស្សធម៌​នេះ​តម្រូវ​ឲ្យ​មាន​អន្តរាគមន៍​យោធា​។​ គឺ​អន្តរាគមន៍​យោធា​នេះឯង​ដែល​ប្រទេស​លោកខាងលិច​ចង់​ចៀសវាង​ពុំឲ្យ​មាន​នៅក្នុង​តំបន់​ ​ ទោះបីជា​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​( CNS )​ដែលជា​ក្រុម​ប្រឆាំង​ស៊ីរី​មួយ​ដ៏​សំខាន់​បាន​ចាប់​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​យោធា​ក៏​ដោយ។
 

ដូច្នេះ​ ​ ស្និសីទ​នៅ​ទីក្រុង​ទុយនីស​នេះ​គឺ​ពិតជា​ឱកាស​មួយ​ដ៏​ប្រពៃ​សម្រាប់​ធ្វើការ​អំពាវនាវ​ឲ្យ​ក្រុមបក្ស​ប្រឆាំង​ស៊ីរី​ទាំងអស់​ចេះ​រួបរួម​គ្នា​ ​ ដើម្បី​រិះរក​មធ្យោបាយ​និង​ធ្វើ​សកម្មភាព​រួមគ្នា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ របបគ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​នៅ​ប្រទេស​ស៊ីរី។​ ហើយ​អ្វី​ដែល​ជាការ​ចាំបាច់​បន្ទាន់​នៅពេលនេះ​គឺ​ការរិះរក​មធ្យោបាយ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​ “ការឈប់បាញ់គ្នា”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ