អានតួអត្ថបទ
ចិន-ការពារជាតិ

ថវិកា​ការពារ​ជាតិ​របស់​ទីក្រុង​ប៉េកាំង​​កើន​ឡើង​​យ៉ាងខ្លាំង​​

ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃអាទិត្យ​នេះថា​ ​ ថវិកា​ការពារជាតិ​របស់​ប្រទេសចិន​នៅ​ឆ្នាំ២០១២​បាន​កើនឡើង​ខ្លាំង។​ ទាំងនេះ​ ពិតជា​នឹងនាំឲ្យ​កើតមាន​ក្តីបារម្ភ​នៅក្នុង​ប្រទេស​ជិតខាង​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។​ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​សហរដ្ឋ​អាមេរិក​បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន។

គណៈប្រតិភូ​នៃ​កងកម្លាំង​យោធាចិន​នៅ​ទីលាន​ Tiananmen ទៅចូលរួម​​​កិច្ច​ប្រជុំ​​ប្រចាំឆ្នាំ​​​នៅសភា​​ប្រជាមានិត​ចិន​​ថ្ងៃទី​​៤​មីនា​​ឆ្នាំ២០១២​​
គណៈប្រតិភូ​នៃ​កងកម្លាំង​យោធាចិន​នៅ​ទីលាន​ Tiananmen ទៅចូលរួម​​​កិច្ច​ប្រជុំ​​ប្រចាំឆ្នាំ​​​នៅសភា​​ប្រជាមានិត​ចិន​​ថ្ងៃទី​​៤​មីនា​​ឆ្នាំ២០១២​​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ថវិកា​ការពារជាតិ​របស់​ទីក្រុង​ប៉េកាំង​នៅឆ្នាំ២០១២​នេះ​នឹង​មាន​កំណើន​ប្រមាណ​១១,២%​ឬ​ត្រូវ​កើនឡើង​ដល់​៦៧០,២៧​ពាន់លានយ័ន​ ឬត្រូវជា​ ៨០,៦ពាន់លាន​អឺរ៉ូ។​ នេះជា​ការ​ប្រកាស​ឲ្យ​ដឹង​ដោយ​អ្នកនាំពាក្យ​នៃ​សភា​ប្រជាមានិតចិន។

 
អត្រា​កំណើន​នៃ​ថវិកា​ការពារជាតិ​របស់​ទីក្រុង​ប៉េកាំង​នៅឆ្នាំ២០១២​ដែលមាន​១១,២%​គឺ​មាន​លើស​ពី​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​នៅឆ្នាំ២០១១​ដែលមាន​ត្រឹមតែ​+៩,២%​។​ ដូច្នេះ​ ទាំងនេះ​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញថា​ ​ ទីក្រុង​ប៉េកាំង​កំពុង​តែ​ខិតខំ​ពន្លឿន​ការអភិវឌ្ឍន៍​កម្មវិធី​យោធា​របស់​ខ្លួន​ ​ ដើម្បី​ដេញ​ឲ្យទាន់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី។

ចំណែកឯ​លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិនវិញ​ ​ បាន​ខិតខំ​ថ្លែង​ពន្យល់ថា​ ​ “​ថវិកា​យោធា​នៃ​ប្រទេសចិន​តំណាងតែ​១,២៨%​នៃ​ផលិតផល​ដុល​សរុប​របស់​ប្រទេសចិន​ប៉ុណ្ណោះ​ ​ ឃើញថា​នៅមាន​តិចទាប​ជាង​បរិមាណ​នៃ​ថវិកា​យោធា​របស់​សហរដ្ឋ​អាមេរិក​ឬ​ប្រទេស​អង់គ្លេស​ដែលមាន​ដល់ទៅ​ជាង២%​នៃ​ផលិតផល​ដុល​ក្នុងប្រទេស​”​។

ជាផ្លូវការ​ ​ អត្រា​នៃ​កំណើន​ថវិកា​យោធា​របស់​ប្រទេសចិន​នៅឆ្នាំ២០១១​មាន​១២,៧%​ ​ នៅឆ្នាំ២០១០​មាន​៧,៥%​ ​ ឃើញថា​មានប្រមាណ​ជាង១០%​លើសពី​ថវិកាយោធា​នៃ​រយៈកាល​ម្ភៃឆ្នាំ​ចុងក្រោយនេះ។​ ​ ដូច្នេះ​សន្ទុះ​កំណើន​នៃ​ថវិកា​យោធា​ចិន​នេះ​ច្បាស់ជា​បង្កបង្កើត​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មហាសាគរ​ប៉ាស៊ីហ្វិក​ប៉ែក​ខាងលិច​ដែល​ទីក្រុង​ប៉េកាំង​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ពី​​មហិច្ឆតា​របស់ខ្លួន​ ​ ជាពិសេស​នៅ​ក្នុង​តំបន់​ទីប្រជុំកោះ​ដែល​កំពុតតែ​ឈ្លោះ​ដណ្តើម​គ្នា​រវាង​ប្រទេសចិន​ ​ ប្រទេស​ជប៉ុន​ ​ ប្រទេស​វៀតណាម​ ​ និង​ប្រទេស​ហ្វីលីពីន។

គួរបញ្ជាក់ថា​ ​ ក្រសួងការពារជាតិ​អាមេរិកាំង​បាន​ឲ្យ​សារៈ​សំខាន់​យ៉ាងខ្លាំង​ទៅលើ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​សហរដ្ឋ​អាមេរិក​បារម្ភ​ពី​ការ​ស្ទុះ​កើនឡើង​ខ្លាំង​នៃ​អានុភាព​យោធា​របស់​ប្រទេសចិន។
ហើយនៅ​ខែវិច្ឆិកា​កន្លងទៅ​ ​ លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ប្រកាស​ឲ្យដឹងថា​ ​ សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី។​ ទាំងនេះ​បាន​នាំឲ្យ​ទីក្រុង​ប៉េកាំង​ស្រែកថា​ ​ “អាមេរិក​កំពុង​ងាកទៅ​រក​សម័យ​សង្គ្រាម​ត្រជាក់”​។​ រីឯ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​គ្រោង​ផងទៀត​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​សិង្ហបុរី​ ​ នៅ​ប្រទេស​ហ្វីលីពីន​និង​នៅ​ប្រទេសថៃ។

បើយោងតាម​វិជ្ជាស្ថាន​ស្រាវជ្រាវ​អាមេរិកាំង​ ​ ថវិកា​យោធា​ចិន​នឹង​ស្គាល់​ការគុណ​ទ្វេ​ចាប់​ពីនេះ​ទៅទល់​ឆ្នាំ២០១៥​ ​ ហើយ​បរិមាណ​នៃ​ការចំណាយ​ទៅលើ​វិស័យ​យោធា​របស់​ប្រទេសចិន​នឹង​មានលើស​ពី​ថវិកា​យោធា​របស់​ប្រទេស​សំខាន់ៗ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ