អានតួអត្ថបទ
ភូមា

ស្រ្តី​សកម្មជន​ទាមទារ​ដីធ្លី​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ពី​បទ​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ

ស្រ្តី​ភូមា​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន ទៅលើ​អណ្តូងរ៉ែ​នៅ​ភូមា ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​ពី​ឆ្នាំ ក្នុង​បទ​បង្ក​ចលាចល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។ នេះ​បើតាម​ប្រភព​ពី​មេធាវី​របស់​ស្រ្តី​សកម្មជន កាលពី​ថ្ងៃ​សុក្រ​ទី ៣០ សីហា។ លោក​Robert San Aung មេធាវី​របស់​លោកស្រី Naw Ohn Hla បាន​និយាយ​រួចហើយថា លោក​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍។ 

រដ្ឋមន្រ្តីការបរទេសភូមា​ (ឆ្វេង) ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង នៅក្នុង​ប្រជុំ​កំពូល​អាស៊ានជាមួយ​ចិន នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី ២៩ សីហា ២០១៣
រដ្ឋមន្រ្តីការបរទេសភូមា​ (ឆ្វេង) ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង នៅក្នុង​ប្រជុំ​កំពូល​អាស៊ានជាមួយ​ចិន នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី ២៩ សីហា ២០១៣ ©REUTERS/Adrian Bradshaw
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​សំណុំរឿង​នេះ ចំណាត់ការ​របស់​តុលាការ​បាន​ប្រព្រឹត្ត​ទៅ​លឿន​ដូច​ផ្លេក​បន្ទោរ។ លោកស្រី Naw Ohn Hla ត្រូវ​បាន​តុលាការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី ១៣ សីហា នៅពេល​គាត់​កំពុង​ត្រៀម​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ស្ត្រី​ភូមា​ដទៃ ប្រឆាំង​នឹង​គម្រោង​ដ៏ចម្រូងចម្រាស​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម​អណ្តូងរ៉ែ​របស់​ក្រុមហ៊ុនចិន។ ពីរ​សប្តាហ៍​ក្រោយមក គឺ​នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៩ សីហា តុលាការ​ភូមា​បាន​ចោទប្រកាន់​គាត់​ពីបទ​បាន​ស្រែក​ប្រកាស ឬ​បង្កើត​ពាក្យ​ចចាម អារ៉ាម ដែល​អាច​បង្ក​ជា​ក្តីព្រួយបារម្ភ​សម្រាប់​រដ្ឋាភិបាល…

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​លោកស្រី​Ohn Hla ត្រូវ​អាជ្ញាធរ​ភូមា​ចាប់ដាក់​ពន្ធនាគារ។ ក្នុង​អតីតកាល គាត់​ត្រូវ​បាន​អាជ្ញាធរ ក្នុង​របបសឹក​ភូមា​ចាប់ឃាត់ខ្លួន និង​ដាក់​គុក​ជា​ច្រើន​ដង។ គាត់ទើប​តែ​ត្រូវ​បាន​គេ​ដោះលែង នៅក្នុង​អំឡុង​គោល​នយោបាយ​លើកលែង​ទោស​របស់​រដ្ឋាភិបាល​ភូមា​ថ្មី កាលពី​ឆ្នាំ ២០១២។

នៅឆ្នាំ​២០១២ លោកស្រី​ Ohn Hla​បាន​ចូលរួម​ជាមួយ​បាតុករ​ផ្សេងទៀត ដើម្បី​ប្រឆាំង​គម្រោង​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន ដែល​មាន​ចូលហ៊ុន​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ដោយ​ពួកកងទ័ព។ ប៉ុន្តែ ក្រុមបាតុករ​ត្រូវ​បាន​អាជ្ញាធរ​វាយបំបែក យ៉ាង​ហិង្សា រហូត​ធ្វើ​ឲ្យ​មនុស្ស​រងរបួស ដែល​ក្នុង​នោះ មាន​ព្រះសង្ឃ​១០​អង្គ។ រហូតមក​ដល់​ពេលនេះ ប្រជាជន​នៅ​បន្ត​ធ្វើ​បាតុកម្ម ម្កងម្កាល ប្រឆាំង​នឹង​គម្រោង​អាជីវកម្ម ដើម្បី​ទាមទារ​សិទ្ធិ​ទទួល​សំណង​សមរម្យ ពីរដ្ឋាភិបាល​ដែល​បាន​រឹបអូស​ដីធ្លី​របស់ពួកគេ យក​ទៅធ្វើ​អាជីវកម្ម​អណ្តូងរ៉ែ ជាមួយ​ក្រុមហ៊ុនចិន។

ការដាក់ទោស​លើ​សកម្មជន​ទាមទារ​ដីធ្លី ត្រូវ​បាន​គេ​មើល​ថា ជា​ចំណាត់ការ​ផ្ទុយ​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​ភូមាថ្មី ដែល​ធ្លាប់​បាន​សន្យា​ធ្វើ​កំណែទម្រង់ និង​ដោះលែង​អ្នកទោស​នយោបាយ ទៅតាម​ការទាមទារ​របស់​សហគមន៍​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ