អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ផ្ទុះ​ភ្នំ​ភ្លើង សម្លាប់​មនុស្ស​ពីរ​នាក់ នៅ​ឥណ្ឌូណេស៊ី

នៅ​កោះជ្វា​ប្រទេស​ឥណ្ឌូណេស៊ី ភ្នំភ្លើង​កេលុដ​បាន​ផ្ទុះ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ កុម្ភៈ ដោយ​បាន​សម្លាប់​មនុស្ស​វ័យចាស់​ពីរនាក់។ អាជ្ញាធរ​បាន​បញ្ជារ​ឲ្យ​ប្រជាជន​ជាង ២សែននាក់​ដែល​រស់នៅក្នុង​រយៈចម្ងាយ​១០​គីឡូម៉ែត្រ​ពី​មាត់ភ្នំភ្លើង ចាកចេញ​ពី​លំនៅឋាន។ ចរាចរណ៍​តាមផ្លូវ​អាកាស របស់​យន្តហោះ​ដែល​សំដៅ និង​ចេញពី​ឥណ្ឌូណេស៊ី​ក៏​ត្រូវ​បាន​ប្រកាស​ផ្អាក​មួយរយៈ ដោយសារ​កំសួល​ផ្សែងពុល ដែលព្រួសចេញ​ពី​​ឡាវ​ភ្នំ​ភ្លើង​កេលុដ។

ប្រជាជន​នៅ​Yogyakarta​បើក​បរ​នៅក្នុង​អ័ព្ទ​របស់​ផ្សែង​ផេះ​ដែល​ព្រួស​ចេញពី​មាត់​ភ្នំភ្លើង​កេលុដ កាលពីថ្ងៃ​សុក្រ​ទី ១៤ កុម្ភៈ
ប្រជាជន​នៅ​Yogyakarta​បើក​បរ​នៅក្នុង​អ័ព្ទ​របស់​ផ្សែង​ផេះ​ដែល​ព្រួស​ចេញពី​មាត់​ភ្នំភ្លើង​កេលុដ កាលពីថ្ងៃ​សុក្រ​ទី ១៤ កុម្ភៈ ©REUTERS/Dwi Oblo
ផ្សាយពាណិជ្ជកម្ម

នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ភ្នំភ្លើង​កេលុដ​បាន​ចាប់ផ្តើម​​សកម្មភាព ព្រួសផ្សែង និង​ថ្ម​ចេញ​ពី​ល្អាង ទៅ​លើ​ភូមិ​ដែល​សំបូរ​ដោយ​មនុស្ស​រស់នៅ បំផុត នៅ​លើ​កោះជ្វា។ តាម​ អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារ​បារាំង AFP ដែល​ស្ថិតនៅ​កន្លែងផ្ទាល់ ប្រជាជន ​ភ័យស្លន់ស្លោរ បាន​ចាកចេញ​ពី​ផ្ទះសម្បែង យ៉ាង​ប្រញាប់ប្រញាល់​បំផុត ជាមួយ​នឹង​ម៉ូតូ ឬ​រថយន្ត។

 
រហូត​មក​ដល់​ព្រឹកថ្ងៃ​សុក្រ អាជ្ញាធរ​បាន​ប្រកាស​មរណភាព​របស់​បុរសស្រ្តី​វ័យ​ចំណាស់​ពីរនាក់ ដែល​បាន​ស្លាប់​នៅក្នុង​ផ្ទះ ដែល​បាក់សង្កត់​ដោយ​ដុំថ្ម ព្រួស​ចេញពី​ភ្នំភ្លើង​កេលុដ។ យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ មនុស្ស​ជាង ២​សែន​នាក់ ដែល​រស់នៅក្នុង​ភូមិ ចំនួន ៣៦​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ផ្ទះសម្បែង ដែល​ស្ថិតនៅក្នុង​បរិវេណ ចម្ងាយ ១០​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង។

នៅថ្ងៃនេះ ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បាន​ប្រកាស​បិទ​ព្រលាន​យន្តហោះ​បី នៅ​កោះជ្វា។ គ្រប់​ជើងហោះហើរ ដែល​មក​ពី​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​ត្រូវ​បាន​លុបចោល ឬ​ប្តូរ​ខ្សែគោចរ។ ចរាចរណ៍​ពី​អូស្រ្តាលី សំដៅ​ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ ត្រូវ​បាន​ប៉ះពាល់​យ៉ាងខ្លាំង។ តាម​អាជ្ញាធរ ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ វាគ្រោះថ្នាក់​ខ្លាំងណាស់ បើ​គេ​ហោះ​នៅ​ក្បែរ​ផ្សែងភ្លើង។

ភ្នំភ្លើង​កេលុដ​ព្រួស​ផ្សែង ដីខ្សាច់ និង​ដុំថ្ម ដែល​អាច​ធ្លាក់​ក្នុង​បរិវេណ ១៥​គីឡូម៉ែត្រ។ តាម​អាជ្ញាធរ​ នៅក្នុង​ភូមិ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយប៉ុន្មាន​ពី​មាត់ភ្នំភ្លើង ផ្ទះ​របស់​ប្រជាជន​គ្របដណ្តប់​ដោយ​ផេះ​​របស់​ផ្សែង​ភ្នំភ្លើង ដែលមាន​កម្រាស់​៥​សង់ទីម៉ែត្រ។

នេះមិនមែន​ជា​លើកទីមួយទេ​ដែល​ភ្នំភ្លើង​កេលុដ​ចាប់មាន​​សកម្មភាព។ តាំងពី​សតវត្សរ៍ ទី ១៦ ភ្នំភ្លើង​កេលុដ​ផ្ទុះ ព្រួសភ្លើង និង​សម្លាប់​មនុស្ស​សរុប ១៥ ០០០​នាក់ ដែល​នៅក្នុង​នោះ ១០ ០០០​នាក់​ស្លាប់​នៅ​ឆ្នាំ ១៥៦៨។ កាលពី​ដើម​ខែ​កុម្ភៈ ភ្នំភ្លើង​នៅ​ស៊ីណាប៊ុង បាន​ផ្ទុះ និង​សម្លាប់​មនុស្ស​១៦នាក់។ ការរញ្ជួយដី និង​ផ្ទុះភ្នំភ្លើង​ជា​បាតុភូត​គ្រោះថ្នាក់​ធម្មជាតិ ដែល​ឥណ្ឌូណេស៊ី ឧស្សាហ៍​ជួប​ជាញឹកញយ​បំផុត។ ប្រទេស​នេះ​ដែល​ផ្តុំ​ដោយ​ប្រជុំកោះ ដែល​ស្ថិតនៅ​លើ​ខ្សែបន្ទាត់​ភ្នំភ្លើង នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កំពុង​មាន​ភ្នំភ្លើង​ដែល​នៅ​មាន​សកម្មភាព ចំនួន ប្រមាណ ១៣០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ