អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​កូរ៉េ៖ ​ការ​ឈ្លានពាន​របស់​កូរ៉េ​ខាង​ជើង​និង​អន្តរាគមន៍​របស់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្តលើកឡើង អំពី​សង្រ្គាម​កូរ៉េ កាល​ពី​ឆ្នាំ​១៩៥០-១៩៥៣ ដោយ​ផ្តោត​ទៅលើ​ប្រតិបត្តិការ​ឈ្លានពាន​របស់​កូរ៉េ​ខាងជើងទៅលើ​កូរ៉េ​ខាង​ត្បូង និង​ការ​ចូល​ធ្វើ​អន្តរាគមន៍​របស់​​​សហរដ្ឋ​អាមេរិក។

ខ្សែស្រប​ទី៣៨ គឺ​ជា​ព្រំដែន ដែល​បែងចែក​កូរ៉េ​ជា​ពីរ ចាប់តាំង​ពី​ឆ្នាំ​១៩៤៨
ខ្សែស្រប​ទី៣៨ គឺ​ជា​ព្រំដែន ដែល​បែងចែក​កូរ៉េ​ជា​ពីរ ចាប់តាំង​ពី​ឆ្នាំ​១៩៤៨
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​កូរ៉េ​បាន​ចាប់ផ្ទុះឡើង នៅ​​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៥០ នៅពេល​ដែល​កងទ័ព​កូរ៉េ​ខាងជើង​បើក​ការ​វាយប្រហារ​ឆ្លងកាត់​ខ្សែស្រប​ទី៣៨ ចូល​ឈ្លានពាន​ទៅលើ​កូរ៉េ​ខាង​ត្បូង។ គីម អ៊ីលស៊ុង ដែល​មាន​បំណង​ចង់​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​យក​មក​​ដាក់​ក្រោម​របបដឹកនាំ​កុម្មុយនិស្ត បាន​សម្រេច​បើក​ការ​វាយប្រហារ​លើ​កូរ៉េ​ខាង​ត្បូង ដោយ​មក​ពី​កត្តា​សំខាន់ៗ៣៖ (១) តុល្យភាព​កម្លាំង​ទ័ព​ដែល​ផ្អៀងខ្លាំង​មក​ខាង​កូរ៉េ​ខាងជើង (២) ការគាំទ្រ​ពី​សំណាក់​ សូវៀត​និង​ចិន និង (៣) ​ភាព​ខ្ជីខ្ជា​របស់​អាមេរិក​ដែល​ហាក់​មិន​ទុក​បញ្ហា​កូរ៉េ​ជាចំណុច​សំខាន់​​សម្រាប់​ផលប្រយោជន៍​ជាតិ។

សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​បាន​ព្រមព្រៀង​គ្នា​ដកថយ​ចេញ​ពី​ឧបទ្វីបកូរ៉េ នៅ​ឆ្នាំ​១៩៤៩ ក៏ប៉ុន្តែ ក្រោយ​ពី​អាមេរិក​ដក​កងទ័ព​ចេញ​ទៅ កូរ៉េ​ខាង​ត្បូង​មាន​កងទ័ព​មិនដល់ ១០ម៉ឺននាក់​ផង ហើយ​កងទ័ព​នោះទៀតសោត​ក៏​មិនសូវ​មាន​ការ​ហ្វឹកហ្វឺន​ខ្ពស់ ហើយ​ភាគច្រើន​មាន​បទពិសោធន៍​ខាង​បេសកកម្ម​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុងស្រុក ជាជាង​បទពិសោធន៍​ខាង​ប្រយុទ្ធ។ ទាំងនេះ គឺ​មួយផ្នែក​ជា​កំហុស​របស់​​សហរដ្ឋ​អាមេរិក ដែល​មិនចង់​ពង្រឹង​កម្លាំង​ទ័ព​កូរ៉េ​ខាង​ត្បូង ដោយសារ​តែ​នៅ​ពេលនោះ ​អាមេរិកបារម្ភ​ខ្លាចកូរ៉េ​ខាង​ត្បូង​ប្រើ​កម្លាំង​ទ័ព​ចូល​ឈ្លានពាន​កូរ៉េ​ខាងជើង ហើយ​ទាញ​អាមេរិក​ឲ្យ​ចូល​ក្នុង​សង្រ្គាម​ទល់​នឹង​សហភាព​សូវៀត។ ម្យ៉ាងវិញ​ទៀត ស៊ីងម៉ាន់ រី ថ្វីដ្បិត​តែ​បាន​​ឡើង​មក​​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​តាមរយៈ​ការ​បោះឆ្នោត ក៏ប៉ុន្តែ ក្រោយ​ពី​បាន​អំណាច​ក្នុងដៃ ក៏​ស្រាប់តែ​បាន​ដឹកនាំ​ប្រទេស​តាមបែប​ផ្តាច់ការ​ ដោយ​ប្រើ​កង​កម្លាំង​ប្រដាប់អាវុធ​ទៅ​បង្រ្កាប​អ្នក​នយោបាយ​ប្រឆាំង ដែល​ផ្ទុយ​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ដែល​អាមេរិក​ចង់បាន។

ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក សហភាព​សូវៀត​បាន​ដកថយ​ចេញ​ពី​កូរ៉េ ដោយ​បន្សល់​ទុក​នូវ​កងទ័ព​កូរ៉េ​ខាងជើង​ចំនួន ១៣ម៉ឺន ៥ពាន់នាក់ ដែលទទួល​បាន​ការ​ហ្វឹកហ្វឺន​ និង​បទពិសោធន៍​ខ្ពស់ ព្រមទាំង​បំពាក់​ទៅដោយ​គ្រឿងសព្វាវុធ​ទំនើបៗ រួមមាន​ រថក្រោះ កាំភ្លើងធំ និង​ប្រព័ន្ធ​កាំជ្រួច​ទំនើបៗ។ សូវៀត​ក៏​បាន​រក្សា​ទុក​ផងដែរ​​នូវ​ជំនាញការ​យោធា​ឲ្យ​នៅ​ជួយ​កងទ័ព​កូរ៉េ​ខាងជើង។

ដោយ​មើលឃើញ​ពី​តុល្យភាព​កម្លាំងទ័ព​ប្រកបដោយ​អំណោយផល​នេះហើយ ទើប​មេដឹកនាំ​កូរ៉េ​ខាងជើង​មានគំនិត​ចង់​ចូល​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង តាំង​ពីឆ្នាំ​១៩៤៩ ហើយ​ គីម អ៊ីលស៊ុង បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ នៅ​ខែ​មីនា ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​សហភាព​សូវៀត​ឲ្យ​គាំទ្រ​គម្រោងនេះ។ ក៏ប៉ុន្តែ ពីដំបូង ស្តាលីន​មិន​គាំទ្រ​​ដោយសារ​តែ​នៅពេលនោះ​អាមេរិក​មិន​ទាន់​ដក​កងទ័ព​ចេញ​អស់​ពី​កូរ៉េ​ខាង​ត្បូង ហើយ​ស្តាលីន​ខ្លាច​សង្រ្គាម​នៅ​កូរ៉េ​ទាញ​សូវៀត​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សង្រ្គាម​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក។
 

នៅ​ដើម​ឆ្នាំ​១៩៥០ ស្តាលីន​បាន​ប្តូរ​ជំហរ​មកវិញ ដោយសារ​តែស្តាលីន​បាន​មើលឃើញ​ថា ស្ថានភាព​យុទ្ធសាស្រ្ត​​​មាន​ការ​ប្រែប្រួល​ខុស​ពី​មុន។ កងទ័ព​អាមេរិក​ទាំងអស់​ត្រូវ​បាន​ដកចេញ​ពី​កូរ៉េ​ខាង​ត្បូង នៅ​ខែ​មិថុនា ឆ្នាំ​១៩៤៩។ នៅ​ខែ​កញ្ញា​ សូវៀត​បាន​ធ្វើ​ការ​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​ប្រកប​ដោយ​ជោគជ័យ បិទបញ្ចប់​ភាព​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផ្តាច់មុខ​របស់​អាមេរិក។​ ហើយ​នៅ​ខែ​តុលា បក្ស​កុម្មុយនិស្ត​ចិន​បាន​បណ្តេញ​រដ្ឋាភិបាល​ចាង កាយចៀក ឲ្យ​រត់​ទៅ​តៃវ៉ាន់ ហើយ​ចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ម៉ៅ សេទុង។

ជោគជ័យ​របស់​ពួកកុម្មុយនិស្ត​នៅ​ចិន​ធ្វើ​ឲ្យ​ស្តាលីន​គិត​ថា ចិន​គឺ​ជា​ប្រទេស​ជា​យុទ្ធសាស្រ្ត​ដ៏សំខាន់មួយ ក៏ប៉ុន្តែ អាមេរិក​មិន​ចូល​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គួមីនតាង​ដែល​ជា​សម្ព័ន្ធមិត្ត ដោយ​​ទុក​បណ្តោយ​ឲ្យ​បក្ស​កុម្មុយនិស្ត​ឡើងកាន់​អំណាច។ ដូច្នេះ ចំពោះ​កូរ៉េ​ដែល​ជា​ប្រទេស​តូចតាច​មួយ​នោះ អាមេរិក​​ក៏​ប្រាកដ​ជា​នឹង​មិន​លូកដៃ​ប្រឡូក​ក្នុង​សង្រ្គាម ដើម្បី​ជួយ​កូរ៉េ​ខាង​ត្បូង​នោះដែរ។ ស្តាលីន​កាន់តែ​មាន​ភាព​ប្រាកដ​ក្នុងចិត្ត​​ថែម​ទៀត​ចំពោះ​ការ​សន្និដ្ឋាន​នេះ​ នៅ​ក្រោយ​ពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក គឺ​លោក Dean Acheson បាន​​ថ្លែង​ជា​សាធារណៈ នៅ​ខែ​​មករា ឆ្នាំ​១៩៥០ ដោយ​មិន​រាប់បញ្ចូល​ឧបទ្វីបកូរ៉េ ទៅក្នុង​ចំណោម​​ទីតាំង​យុទ្ធសាស្រ្ត​​​​ដែល​អាមេរិក​ត្រូវ​ការពារ​ដោយ​កម្លាំង​ទ័ព។

នៅ​ខែ​មេសា ឆ្នាំ​១៩៥០ ស្តាលីន​ក៏​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​គីម អ៊ីលស៊ុង ចូល​ឈ្លាន​ពាន​កូរ៉េ​ខាង​ត្បូង ហើយ​​គម្រោង​ឈ្លានពាន​នេះ​ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​​បក្ស​កុម្មុយនិស្ត​ចិន​ផងដែរ ក្រោយ​ពី គីម អ៊ីលស៊ុង បាន​ជួប​ជាមួយ​ ម៉ៅ សេទុង នៅ​ខែ​ឧសភា។

នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ ទី២៥ មិថុនា កងទ័ព​កូរ៉េ​ខាង​ជើង ដោយ​មាន​ជំនួយ​ពី​កងកាំភ្លើង​ធំ និង​កងរថក្រោះ ក៏​បាន​បើក​ការ​វាយ​លុក​ឆ្លងព្រំដែន​ចូល​ឈ្លានពាន​​​កូរ៉េ​ខាង​ត្បូង ហើយ​​ក្នុងរយៈពេល​តែ ៣ថ្ងៃ​ កូរ៉េ​ខាង​ជើង​ក៏​បាន​វាយ​ចូល​ដណ្តើម​បាន​​រដ្ឋធានី​សេអ៊ូល​។

កងទ័ព​កូរ៉េ​ខាង​ត្បូង ដែល​គ្មាន​ទាំង​កាំភ្លើងធំ គ្មាន​ទាំង​រថក្រោះ ហើយ​​គ្មានទាំង​អាវុធ​ទំនើប​សម្រាប់​បាញ់​រថក្រោះផងនោះ ត្រូវ​កងទ័ព​កូរ៉េ​ខាង​ជើង​វាយ​បំបាក់​ឲ្យ​រត់ខ្ចាត់ខ្ចាយ ហើយ​ គ្រាន់តែ​ក្នុង​រយៈពេល ៥ថ្ងៃ កងទ័ព​កូរ៉េ​ខាង​ត្បូង ដែល​ពីដំបូង​មាន​ចំនួន​ជិត ១០ម៉ឺននាក់ ត្រូវ​ធ្លាក់​មក​សល់​ត្រឹមតែ​ប្រមាណ​ជាង ២ម៉ឺននាក់​ប៉ុណ្ណោះ។ កងទ័ព​ដែល​នៅ​សេសសល់ រួមជាមួយ​​នឹង​មន្រ្តី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក៏​នាំគ្នា​ដកខ្លួន​ថយ​ចេញ​ពី​រដ្ឋធានី​សេអ៊ូល រត់ទៅ​ទៅ​ប្រមូលផ្តុំគ្នា​នៅ​ក្នុង​ក្រុង​ពូសាន (Pusan) ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង នៃ​ឧបទ្វីបកូរ៉េ។ ក្រៅពី​ក្រុង​ពូសាន ឧបទ្វីប​កូរ៉េ​ទាំងមូល​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​កូរ៉េ​ខាងជើង។

នៅ​សហរដ្ឋ​អាមេរិក ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​ពី​ការវាយលុក​របស់​កូរ៉េ​ខាងជើង លោក​ប្រធានាធិបតី Harry Truman បាន​កោះ​ប្រជុំ​មន្រ្តី​ជំនិតៗ ហើយ​បានយល់ស្រប​គ្នា​​ថា អ្វី​ដែល​កំពុង​កើតឡើង​នៅ​កូរ៉េ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​សហភាព​សូវៀត ក្នុងការ​ពង្រីក​ឥទ្ធិពល​កុម្មុយនិស្ត។ ​លោក​ប្រធានាធិបតី Harry Truman បាន​លើក​ឡើង​នូវ​ហេតុផល​ថា ប្រសិនបើ​អាមេរិក​​​មិនហ៊ាន​ប្រឈមមុខ​នឹង​សង្រ្គាម ហើយ​​ឈរឱបដៃ​ទុក​បណ្តោយ​ឲ្យ​ពួក​កុម្មុយនិស្ត​កាន់កាប់​ឧបទ្វីប​កូរ៉េ​នោះ ស្តាលីន​ប្រាកដ​ជា​បានចិត្ត​កាន់តែ​ខ្លាំង​ គឺ​ដូច​ហ៊ីត្លែរ​កាល​ពី​មុន​សង្រ្គាម​លោក​លើកទី២​អ៊ីចឹង ដែល​នៅ​ពេលនោះ បារាំង និង​អង់គ្លេស​ ដែល​មិនចង់​ជួប​សង្រ្គាម​ក៏​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​ចូល​ឈ្លានពាន​​ប្រទេស​តូចតាចនៅ​អឺរ៉ុប​តាមចិត្ត តែ​នៅទីបំផុត សង្រ្គាម​នៅតែ​ត្រូវ​កើតឡើង។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាមេរិក​សម្រេច​ថា​ត្រូវ​តែ​បញ្ជូន​ទ័ព​ឲ្យ​មក​ជួយ​កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ លោក Harry Truman ចង់​ឲ្យ​ប្រតិបត្តិការ​នេះ​ត្រូវ​ធ្វើឡើង ក្រោម​​អាណត្តិ​របស់​អ.ស.ប។
 

ក្រុម​ប្រឹក្សា​សន្តិសុខ​បើឆ្នោត​អនុម័ត​សេចក្តីសម្រេច​ស្តីពី​សង្រ្គាម​កូរ៉េ ដោយ​គ្មាន​វត្តមាន​សហភាព​សូវៀត ដែល​ធ្វើ​ពហិការ​មិនចូល​ប្រជុំ​ចាប់តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥០
ក្រុម​ប្រឹក្សា​សន្តិសុខ​បើឆ្នោត​អនុម័ត​សេចក្តីសម្រេច​ស្តីពី​សង្រ្គាម​កូរ៉េ ដោយ​គ្មាន​វត្តមាន​សហភាព​សូវៀត ដែល​ធ្វើ​ពហិការ​មិនចូល​ប្រជុំ​ចាប់តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥០

នៅថ្ងៃ​ទី២៥ មិថុនា ថ្ងៃ​ដែល​កូរ៉េ​ខាងជើង​ចូល​ឈ្លានពាន​កូរ៉េ​ខាងត្បូង ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ ហើយ​​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​ថ្កោលទោស​អំពើ​ឈ្លានពាន​របស់​កូរ៉េ​ខាង​ជើង ហើយ​២ថ្ងៃ​ក្រោយ​មក ក្រុមប្រឹក្សា​សន្តិសុខ​ក៏បាន​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ​ទៀត​ស្នើសុំ​ឲ្យ​ប្រទេស​ជាសមាជិក​បញ្ជូន​ទ័ព​ទៅ​ជួយ​កូរ៉េ​ខាង​ត្បូង។ សហភាព​សូវៀត គឺ​ជា​សមាជិក​អចិន្រ្តៃយ៍​​​ដែល​មាន​សិទ្ធិវ៉េតូ ក៏ប៉ុន្តែ ​បាន​ធ្វើ​ពហិការ​មិនចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥០ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការណ៍​ដែល​គេ​នៅ​បន្ត​ឲ្យ​សាធារណរដ្ឋ​ចិន (ចិនតៃវ៉ាន់) នៅ​បន្ត​កាន់កាប់​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​មិន​ព្រម​ផ្ទេរ​អាសនៈ​នេះ​ទៅ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិតចិន (ចិនដីគោក) ដែល​ឡើង​មក​កាន់​អំណាច​តាំង​ពី​ខែ​តុលា ឆ្នាំ​១៩៤៩។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមប្រឹក្សា​សន្តិសុខ​អាច​អនុម័ត​សេចក្តីសម្រេច​ ស្តីពី​សង្រ្គាម​កូរ៉េ​នេះ​បាន។

គិត​ជា​សរុប មាន​ប្រទេស​ចំនួន ១៤ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​អ.ស.ប​នៅ​កូរ៉េ ក្រោម​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំង ១៤​នេះ រួមមាន បារាំង អង់គ្លេស ប៊ែលហ្ស៊ិក ហូឡង់ ក្រិក តួកគី កាណាដា អូស្រ្តាលី នូវែលសេឡង់ អាហ្វ្រិក​ខាង​ត្បូង អេត្យូពី កូឡុំប៊ី ថៃ និង​ហ្វីលីពីន។ គិតជា​សរុប កងកម្លាំង​អ.ស.ប ដែល​ចូល​ធ្វើ​អន្តរាគមន៍ ក្នុង​សង្រ្គាម​កូរ៉េ មាន​ចំនួន​ប្រមាណ ៣០ម៉ឺននាក់ ក្នុងនោះ​ ២៦ម៉ឺននាក់ មកពី​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ