អានតួអត្ថបទ

ឥណ្ឌូណេស៊ីកាត់​ទោស​ដាក់ពន្ធនាគារ​ជនជាតិ​អ៊ុយហ្គួរបីនាក់ពីបទ​ភេរវនិយម

ជនជាតិ​ចិន ដើមកំណើត​អ៊ុយហ្គួរ ​បី នាក់ ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី កាត់​ទោស​នៅ​ថ្ងៃ​ចន្ទ​នេះ ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ ពី​បទ​ភេរវនិយម បន្ទាប់​ពី​ប៉ុន​ប៉ង​ស្វែងរក​ជួប​ក្រុម​អ៊ីស្លាម​​ជ្រុលនិយម ដែល​មាន​មេខ្លោង​ប្រកាស​ភ្ជាប់​ខ្លួន​ទៅ​អង្គការ​រដ្ឋ​អ៊ីស្លាម។

ប៉ូលិស​ចិន​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ ដោយ​សង្ស័យ​ខ្លាច​បង្ក​ភេរវកម្ម
ប៉ូលិស​ចិន​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ ដោយ​សង្ស័យ​ខ្លាច​បង្ក​ភេរវកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ខ្លួន​បាន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៤​កន្លង​ទៅ នៅ​កោះ​ស៊ូឡាវេស៊ី ភាគ​ខាង​កើត​ប្រទេស​ ពេល​ដែល​ជន​ទាំង​បី​នាក់ កំពុង​សាក​ល្បង​ស្វែង​រក​ជួប​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម ស៊ីយៃ អាប៊ូ វ៉ារដះ សន់តូហ្សូ (Syaihk Abu Wardah Santoso) ប្រមុខ​ចលនា​អ៊ីស្លាម​ជ្រុលនិយមនៅ​ឥណ្ឌូណេស៊ី​ខាង​កើត ម៉ូចាហ៊ីឌីន (Moudjahidines)។

 

សន់តូហ្សូ ជា​មនុស្ស​ដែល​ឥណ្ឌូណេស៊ី​តាម​ស្វែង​បំផុត។ ចលនា​អ៊ីស្លាម​ជ្រុលនិយម​នេះ មាន​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ប៉ូហ្សូ- សេឡែប និង​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​ជ្រុលនិយម​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ឥណ្ឌូណេស៊ី។ ក្រុម​នេះ​បាន​ធ្វើ​ការ​វាយប្រហារ​ផ្តាច់​ជីវិត​ជា​ញយ​លើ​កង​កម្លាំង​ប៉ូលិស។

ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រធាន​តុលាការ​ស្រុក​ស៊ូមាត្រា បាន​សម្រេច​ប្រកាស​ដាក់​ទោស​ជនអ៊ុយហ្គួរ​ទាំង​បី ថា​បាន​រំលោភ​ច្បាប់​ប្រឆាំង​ភេរវនិយម​​ និង​ត្រូវ​ជាប់​ទោស​ពី​បទ​បាន​ទាក់​ទង​នឹង​ពួក​អាក្រក់​ មាន​សកម្មភាព​ជា​ភេរវជន។ មិន​តែ​ប៉ុណ្ណោះ ជន​អ៊ុយហ្គូរ​ទាំង​បី បាន​ថែម​ទាំង​រំលោភ​ច្បាប់​អន្តោប្រវេសន៍ ដោយ​ហ៊ាន​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ តាំង​ខ្លួន​ជា​ជនជាតិ​តួកគី សុំ​ទិដ្ឋាការ​ចូល​ឥណ្ឌូណេស៊ី។ ដំណើរ​មក​កាន់​ឥណ្ឌូណេស៊ី ដែល​មាន​កម្មវត្ថុ​តែ​មួយ​គត់ គឺ​ដើម្បី​ចូល​ក្នុង​ចលនា​អ៊ីស្លាមជ្រុលនិយម ម៉ូចាហ៊ីឌីន និង​ដើម្បី​ធ្វើ​ភេរវកម្ម។ ជា​លទ្ធផល ជន​ទាំង​បី ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ ម្នាក់​៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦៧៥០​អឺរ៉ូ។

អ៊ុយហ្គួរ​ ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម ដែល​មាន​រស់​នៅ​ច្រើន​ក្នុង​ខេត្ត​ស៊ីនជាំង​ប្រទេស​ចិន ត្រូវ​រង​សង្កត់​យ៉ាង​ខ្លាំង​ ពី​សំណាក់​​ក្រុង​ប៉េកាំង និង​តែង​ត្រូវ​បាន​អាជ្ញាធរ​​ចិន​ ចង្អុលមុខ​ថា​ជា​ភេរវជន។ ​ឥណ្ឌូណេស៊ី ប្រទេសកាន់​សាសនា​អ៊ីស្លាម​ដ៏​ច្រើន​ជាងគេនៅលើ​ពិភពលោក ថ្វី​បើ​បាន​ស្ងប់​ស្ងាត់​តាំងពី​ឆ្នាំ​២០០៩​ក្តី ក៏​មាន​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្មតឹង​រ៉ឹង​ខ្លាំង​ ព្រោះ​ការ​គំរាម​កំហែង​ភេរកម្ម​នៅ​តែ​​មាន​ច្រើន ប្រឆាំង​នឹង​ឥណ្ឌូណេស៊ី​ផ្ទាល់ ជាពិសេស​ប្រឆាំង​នឹង​ប៉ូលិស និង​ទេសចរ​​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ