អានតួអត្ថបទ

ឡាវបើក​អង្កេត​ការ​ជួញ​ដូរ​កីឡាករ​បាល់ទាត់​ក្មេង​ស្បែកខ្មៅ

សហព័ន្ធ​បាល់ទាត់​ឡាវ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ២១ កក្កដា​នេះ បើក​ការ​ស៊ើប​អង្កេត​មួយ ទាក់ទង​នឹង​រឿង​អាស្រូវ ឡាវ​ចុះ​ហត្ថលេខា​ជ្រើស​រើសយក​​​​កីឡា​ករ​បាល់ទាត់​​​អាហ្វ្រិក​ មិន​ទាន់គ្រប់​អាយុ មក​​​​ធ្វើ​ការ​ក្នុង​ក្លឹប​កីឡារបស់​ខ្លួន​ ព្រមទាំង​​​ផ្តល់​ប្រាក់​ខែ​មិន​សម​រម្យ។

កីឡាករ​បាល់ទាត់​នីហ្សេរីយ៉ា Elderson Echiejile ក្រោយ​ពេល​ទាត់​ចូល​ទី​បាន​មួយ​គ្រាប់
កីឡាករ​បាល់ទាត់​នីហ្សេរីយ៉ា Elderson Echiejile ក្រោយ​ពេល​ទាត់​ចូល​ទី​បាន​មួយ​គ្រាប់ REUTERS/Mike Hutchings
ផ្សាយពាណិជ្ជកម្ម

ដើមហេតុ​ដែល​នាំ​ឱ្យ​អាជ្ញាធរ​កុម្មុយនិស្ត​ឡាវ ចាប់​ផ្តើម​បើក​អង្កេត​រឿង​អាស្រូវ​ជ្រើសរើស​កីឡាករ​បាល់ទាត់​ឡាវ គឺ​បន្ទាប់​​ពី​​​​ទូរទស្សន៍​BBC បាន​ផ្សព្វផ្សាយទម្លាយ​ថា​មាន​ក្មេង​ជំទង់​អាហ្វ្រិក​ជា​ច្រើន​នាក់ កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​កីឡាបាល់ទាត់​ ចម្បារសាក់យូណាធីត ​​ នា​ខេត្ត​ប៉ាក់សេ ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។

 

ខ្លះ​១៥​ឆ្នាំ ខ្លះ​ទៀត ដូច​ករណី​ កេសេលី កាម៉ារ៉ា ជាតិ​នីហ្សេរីយ៉ា​​ទើប​តែ​១៤​ឆ្នាំ មាន​សរុប​ប្រមាណ​២៣​នាក់ បាន​បរិហារ​អំពី​​លក្ខខណ្ឌ​ ​ ទទួល​ឱ្យហាត់​រៀន​និង​​រស់​នៅ​យ៉ាប់​យឺន​ ក្នុង​បន្ទប់​ដេក​តូច​ចង្អៀត ៣០​នាក់​ក្នុង​មួយ​បន្ទប់ ហើយ​ខ្លះ​ត្រូវ​ក្រាល​ដេក​ផ្ទាល់​ដី​ផង។ 

 

បើ​តាម​ទូរទស្សន៍​នេះ​ដដែល កីឡាករ​អាហ្វ្រិក​ប្រមាណ​១៧​នាក់ ទើប​បាន​ចាក​ចេញ​ពី​ក្លឹបឡាវ​ កាលពី​បី​ខែ​មុន បន្ទាប់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​រក​ឃើញ​រឿង​អាស្រូវ​ជួញដូរ​កីឡាករ​ជំទង់​នេះ ប៉ុន្តែ​៦​នាក់​ផ្សេង​ទៀត​បាន​ជ្រើសរើស​បន្ត​លេង​ឱ្យ​ក្លឹប​ឡាវ​ដដែល។

ឆ្លើយ​នឹង​សំណួរ​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង អ្នក​ទទួល​ខុស​ត្រូវ​ក្លឹប​ បាន​ច្រាន​ចោលថា​មិន​បាន​ប្រើ​ប្រាស់​ប្រាក់​ខែ​ដើម្បី​ទាក់ទាញ​កីឡាករ​អាហ្វ្រិក​ក្មេងៗទេ។ ក្លឹប​បាល់ទាត់​ចម្បារសាក់យូណាយធីត បាន​បើក​កម្មវិធី​ជ្រើសរើស​កីឡាករ​ ​ពី​អាយុ​១៧​ទៅ​២០​ឆ្នាំ ដោយ​ផ្តល់​ការសិក្សា​ និង​ការ​ហ្វឹក​ហាត់​ ពី​​គ្រូ​បង្ហាត់​បរទេស​​។ ជា​មួយ​កិច្ចសន្យានេះ​ កីឡាករ​ម្នាក់ៗ​នឹង​បាន​ទទួល​មក​វិញ នូវ​ទី​ជម្រកស្នាក់នៅ ហូបចុក និង​ប្រាក់​ខែ​១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ដើម្បី​លើក​កម្ពស់​សមត្ថភាព​ក្រុម​ ក្លឹបកីឡា​​នៅ​អាស៊ីអាគ្នេយ៍ បាន​ទាក់ទាញ​​យក​កីឡាករ​អាហ្វ្រិក​កាន់​តែ​ច្រើនឡើងៗ​ ​ ព្រោះ​តម្លៃ​កីឡាករ​ថោក។ កីឡាករ​​អាហ្វ្រិក​ទាំងនេះ​ខ្លះ​ក៏​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ ព្រោះ​ទឹក​លុយ​កខ្វក់ ឬ​នៅ​ពេល​កិច្ចសន្យាការងារ​ត្រូវ​ផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ