អានតួអត្ថបទ

ថៃ​រង​ភេរវកម្ម​​បំផ្ទុះ​គ្រាប់បែក​កណ្តាលក្រុង​បាងកក

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១២​នាក់ និង​របួស​ជា​ច្រើន​នាក់ (តុល្យការ​បណ្តោះអាសន្ន) នៅ​ក្នុង​គ្រោះ​ថ្នាក់ ផ្ទុះ​គ្រាប់​បែក​មួយ​ នា​​ល្ងាច​ថ្ងៃ​ចន្ទ​នេះ វេលា​ម៉ោង​ជិត​ ៧​ល្ងាច​ ម៉ោង​នៅ​ក្នុងស្រុក ​មុខ​បរិវេណ ​ទី​សក្ការៈ ព្រះភូមិ ប្រាក់ព្រហ្ម  និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​កណ្តាលក្រុង​បាងកក។ នេះ​បើ​តាម​ប្រភព​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

បំផ្ទុះ​គ្រាប់​បែក នៅ​មុខ​វត្ត​អេរ៉ាវ៉ាន់ ក្រុង​បាងកក​ល្ងាច​ថ្ងែ​ទី ១៧ សីហា ២០១៥
បំផ្ទុះ​គ្រាប់​បែក នៅ​មុខ​វត្ត​អេរ៉ាវ៉ាន់ ក្រុង​បាងកក​ល្ងាច​ថ្ងែ​ទី ១៧ សីហា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

“​គឺ​ជា​គ្រាប់​បែក ផ្សំ​​ពី​ម្សៅ​ TNT  ដែល​ធ្វើ​ឡើង​ដោយ​ក្នុង​បំណង​វាយប្រហារ​លើ​ជន​បរទេស បំផ្លាញ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ចជាតិ" ! នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ប្រាវិត វង្សស៊ុវង្ស Prawit Wongsuwong។

 

ក្រោយ​ហេតុការណ៍​បំផ្ទុះម៉ូតូ​​ភ្លាម សាក​សព​ជា​ច្រើន​បានខ្ទាត​ដាច់​រាយ​ប៉ាយ​ នៅ​កន្លែង​កើត​ហេតុ មុខទី​​ព្រះភូមិ​ ​អេរ៉ាវ៉ាន់​ កណ្តាល​ក្រុង​បាងកក និង​ព័ទ្ធ​ជុំ​វិញ ដោយ​​មជ្ឈមណ្ឌ​ល​ពាណិជ្ជកម្ម​​ ព្រមទាំង​​អាគារ​ខ្ពស់ៗ​ កប់ពពក។ នេះ​បើ​តាមប្រភព​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង នៅ​ផ្ទាល់នឹង​កន្លែង។

លោក ចាក់ថីព ជីចិន្តា Chakthip Chijinda   មេប៉ូលិស​ក្រុង​បាងកក បាន​អះអាង ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​ថា បើ​តាម​ការ​សង្កេត​បឋម “មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ១០​នាក់ និង​​របួស​ជា​ច្រើន​នាក់”! ​ ហើយ​គ្រាប់បែក​​ទំនង​ជា​ត្រូវ​បាន​យក​មក​​​បង្កៃ​នៅ​ក្នុង​ទីលាន​អារាម។​​ ប៉ុន្តែ​ សម្រាប់​ពេល​ភ្លាមៗ​ដូច្នេះ គេ​ពុំ​ទាន់​អាច​បញ្ជាក់​ព័ត៌មាន និង​អំពី​ចំនួន​មនុស្ស​ស្លាប់​ពិត​ប្រាកដ​នៅ​ឡើយ​ទេ គឺ​បាន​ត្រឹម​ប្រកាស​ថាពិត​ជា​មាន​គ្រាប់​បែក​ផ្ទុះ​មួយ​គ្រាប់ ដែល​ប៉ូលិស​ថៃ​កំពុង​ត្រួត​ពិនិត្យ​និង​អង្កេត។

ប៉ូលិស និង​ក្រុម​សង្គ្រោះ​ជាច្រើន​​នាក់​បានរួស​រាន់​​មក​ដល់​កន្លែងកើត​ហេតុ និងដោយ​មាន​ជំនួយ​ពី​​យោធា​ផង ព្រោះ​សូម​បញ្ជាក់​ ក្រោយ​ស្នូរ​ផ្ទុះ ប៉ូលិស​ថៃ​បាន​រក​ឃើញ​គ្រាប់​បែក​មួយ​គ្រាប់​ទៀត បង្កៃ​នៅ​ជិត​កន្លែង​ផ្ទុះ​ទី​មួយ។

ពុំ​ទាន់​មាន​ក្រុម​ ឬ​ជន​ណា​ប្រកាស​ទទួល​សកម្មភាព​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ទេ ប៉ុន្តែ​ កន្លង​មក​​ ថៃតែង​បាន​ជួប​និង​ស្គាល់​នូវ​សកម្មភាព​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ ពី​សំណាក់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម បះបោរ​ចង់​ផ្តាច់​ទឹក​ដី​កំរិត​មធ្យម ​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស។

តែ​ថ្ងៃចន្ទនេះ គ្រាប់​បែក​បាន​ផ្ទុះ​នៅ​មុខ​ទី​សក្ការៈ​​អេរ៉ាវ៉ាន់ ជា​ទី​អារាម​បែប​ព្រហ្មសាសនា តែ​ជា​ទី​ពេញនិយម​ ទទួល​ស្វាគមន៍​​អ្នក​កាន់​ព្រះពុទ្ធ​សាសនា និង​ទេសចរ​រាប់​ពាន់​នាក់​ចូ​ល​ទស្សនាជា​រៀង​រាល់​ថ្ងៃ។ អារាម​នេះ​មាន​ទីតាំង​នៅ​តាម​បណ្តោយ​រុក្ខវិថី​ដ៏​ធំ​មួយ​របស់​ក្រុង​បាងកក ដែល​​ជា​បណ្តុំ​សណ្ឋាគារ​ល្អប្រណិតៗ ជាទី​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​ទេសចរ​បរទេស​ ពិសេស​ទេសចរ​មក​ពី​អាស៊ី​ខាង​កើត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ