អានតួអត្ថបទ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រមើល​ឃើញ​​សេដ្ឋកិច្ច​ពិភពលោក​អាប់អួរ

សេដ្ឋកិច្ច​ពិភពលោក​អា​ច​នឹងធ្លាក់​ចុះ​ ខុស​ពី​ការ​រំពឹង​ទុក ដោយ​ហេតុ​តែ​វិបត្តិ​​បោក​បក់​នៃ​ទីផ្សារ​មូលប័ត្រ និងបើ​​គ្មានការ​ចាត់​ចែង​អន្តរកាល​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ! ​អង្គការ​មូលនិធិ​រូបិយវត្ថុ​បានផ្សព្វផ្សាយការ​ព្យាករ​​ ​នៅ​ថ្ងៃ​អង្គារ​នេះបញ្ចុះ​កំណើន​​សេដ្ឋកិច្ច​ និង​បានចេញ​សេចក្តី​​ព្រមាន​ ក្រោយ​ឃើញ​ចិន​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​ និង​ភាព​មិន​ច្បាស់​លាស់​​របស់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ផ្សេង​ទៀត។

លោក Maurice Obstfeld  ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​របស់​FMI ប្រកាសបញ្ចុះ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០១៦ មក ត្រឹម ៣,៤%
លោក Maurice Obstfeld ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​របស់​FMI ប្រកាសបញ្ចុះ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០១៦ មក ត្រឹម ៣,៤% AFP PHOTO / IMF - Stephen Jaffe
ផ្សាយពាណិជ្ជកម្ម

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហាក់​មាន​ទុទ្ទិដ្ឋនិយមខ្លាំង ! ​ អង្គការ​បាន​បញ្ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៦ មក​ត្រឹម​៣,៤% និង​៣,៦%​នៅ​ឆ្នាំ​២០១៧។ មិន​តែ​ប៉ុណ្ណោះ អង្គការ​​ប្រមើល​មើល​ឃើញ​ថា​ ពិភពលោក​អាច​នឹង​ដើរ​លើ​គន្លង​សេដ្ឋកិច្ចដ៏​រអាក់​រអួល ជាពិសេស​សម្រាប់​ក្រុម​ប្រទេស​កំពុង​អភិឌ្ឍន៍​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង។ ក្រុម​ប្រទេស​ដែល​តំណាង​ឱ្យ​ដល់​ទៅ​៧០%​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល មាន​កំណើន​សេដ្ឋកិច្ច​បន្ថយ​ល្បឿន ជា​ទូទៅ។

 

ដំបូង​គេ​បង្អង់គឺ​ចិន ! ចិន​កំពុង​ឆ្លង​អន្តរកាល​ឆ្ពោះ​ទៅ​រក​គំរូ​សេដ្ឋកិច្ច ដែល​​ពឹង​លើ​ការ​ចំណាយ​ក្នុង​ស្រុក។ ការនេះ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​រង្គោះរង្គើ​ និង​បាន​ផ្តល់​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត ព្រោះ​តម្លៃ​វត្ថុធាតុ​ដើម​ដាំ​ដូង តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ក្រោម​៣០​ដុល្លារ​ក្នុង​ធុង តម្លៃ​ផលិត​ផល​ក្នុង​វិស័យ​ជា​ច្រើន​ក៏​ត្រូវ​ធ្លាក់​ចុះ (អ្នក​ទិញ​សប្បាយ តែ​អ្នក​ធ្វើ​យំ​មិន​ចេញ)។ ថ្វី​ដ្បិត​តែ​មូលនិធិ​រូបិយវត្ថុ​មិន​បញ្ចុះ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ចិន​ឆ្នាំ​២០១៦​ (៦,៣%)​មែន ប៉ុន្តែ​បាន​ព្រមាន​ថា​ការ​បន្ថយ​ល្បឿន​​មាន​លក្ខណៈ​ខ្លាំង​ជាង​ការ​គិត។

បន្ថែម​ពី​ការ​ជាប់​ទណ្ឌកម្ម​ ​​​​រុស្ស៊ី ក៏​ដូច​ជា​ប្រេស៊ីល ដែល​មាន​សេដ្ឋកិច្ចដើរ​ថយ​ក្រោយហើយ​ ត្រូវ​ប្រឈម​នឹង​ភាព​មិន​ជាក់លាក់​នយោបាយ​ទៀត។ មហាយក្ស​នៅ​អាហ្វ្រិក​ឡាទីន ប្រេស៊ីល គ្មាន​កំណើន​សេដ្ឋកិច្ច​បាន​អូស​ទាញ​ប្រទេស​ក្នុង​តំបន់​ឱ្យ​ដើរ​ថយ​ក្រោយ​ជាមួយ​ដែរ។ មាន​តំបន់​អាហ្វ្រិក​មួយ​ប៉ុណ្ណោះ ដែល​មាន​ទិដ្ឋភាព​សេដ្ឋកិច្ច​ស្រស់​ថ្លា​ជាង​គេ ជាមួយ​នឹង​កំណើន​ ៤%​នៅ​ឆ្នាំ​២០១៦។

ចំណែក​ខាង​ប្រទេស​ឧស្សាហកម្ម​វិញ អាមេរិក​នៅ​តែ​នាំ​មុខ​គេ​ខ្លាំង ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​តិច​តួច។ រីឯ​តំបន់​អឺរ៉ូ​របស់​អឺរ៉ុប ផ្តើម​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ​ហើយ។ តែ​លំហូរ​អន្តោប្រវេសន៍​កំពុង​ក្លាយ​ជាបន្ទុក​ធ្ងន់ ជាពិសេស​លើ​ទីផ្សារការងារ បូក​ផ្សំ​នឹង​វិបត្តិ​ភេរវកម្ម​ និង​អស្ថិរភាព​នៅ​តំបន់​ដើម​បូព៌ា​ទៀត មូលនិធិ​រូបិយវត្ថុ​ពិត​​មាន​ហេតុផលគ្រប់​គ្រាន់ ​ត្រូវ​​​​​ខ្វល់​ខ្លាច​​ភាព​តាន​តឹងពាក់ព័ន្ធ​នឹង​​ភូមិសាស្ត្រ​នយោបាយ​ ​​រាលដាលទៅ​​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​និង​ដល់​ពាណិជ្ជកម្ម​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ