អានតួអត្ថបទ

​សមុទ្ទចិន​ខាង​ត្បូង ៖ ចិន​ពង្រាយ​មីស៊ីល ពេល​អាមេរិក​និ​ងអាស៊ាន​ចង់​ចាត់​វិធានការ​ជាក់​ស្តែង

ជំនួប​កំពូលអាស៊ាន អាមេរិក​ បាន​បិទ​បញ្ជប់ ជា​មួយ​ការ​អំពាវនាវ​របស់​​លោក​អូបាម៉ា ឱ្យ​ប្រទេស​ថៃ វិល​ត្រលប់​ទៅ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ និង​ជាពិសេស​បាន​ប្រកាស​ចង់ចាត់​​វិធានការ​ ជាក់​ស្តែង​ ដើម្បី​កាត់​បន្ថយ​សម្ពាធ​តាន​តឹង​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​។ ប៉ុន្តែ​ ក្នុង​ពេល​ដែល​ អាមេរិក​និង​អាស៊ាន ចង់​ដោះស្រាយ​ជម្លោះ ​ដោយ​សន្តិវិធី គេ​បាន​ទទួល​ព័ត៌មាន​មក​ថា ចិន​ទំនង​ជា​កំពុង​ពង្រាយ​មីស៊ីល​នៅ​សមុទ្ទ​ចិនខាង​ត្បូង។

លោក​អូបាម៉ា និង​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ទាំង​១០​របស់​អាស៊ាន
លោក​អូបាម៉ា និង​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ទាំង​១០​របស់​អាស៊ាន ©Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​នេះ បាន​បិទ​បញ្ចប់​ទៅ ​ដោយ​មាន​សេចក្តី​ថ្លែងការណ៍​រួម សន្យា​សហការ​កាន់​តែ​ស្អិត​ល្មួត លើ​គ្រប់​វិស័យ ចំនួន​១៧​ចំណុច សំខាន់ៗ ដូច​ជា​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​លើ​ផ្នែក​អធិបតេយ្យភាព បូរណភាពដែនដី សមភាព និង​ឯករាជភាព​នយោបាយ ច្បាប់​អន្តរជាតិ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អាកាសធាតុ ការ​​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព​ នៅ​តំបន់ នៅ​លើ​ពិភពលោក ក្នុង​ដែន​ទឹក​ តាមបណ្តាញ​អ៊ីនធ័រនែត និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម។

អាស៊ាន​ដៃគូ​យុទ្ធសាស្ត្រ​និង​ជា​និរន្ត​របស់​អាមេរិក

លោក​ប្រធានាធិបតី​អាមេរិក ​បានប្រកាស​នៅ​ល្ងាច​មិញ អំពី​វិធានការ​មួយ​ចង្កោម​សម្រាប់​​ជំរុញ​សេដ្ឋកិច្ច​​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​មាន​​សេដ្ឋកិច្ច​ក្មេង​ខ្ចី មាន​កំណើន​លឿន​ អាច​ក្លាយ​ជា​ដៃ​គូ​​ពាណិជ្ជកម្ម​កាន់​តែ​សំខាន់ឡើងៗ​សម្រាប់​អាមេរិក និង​ពិភពលោក។ ដើម្បី​សម្រេច​បំណង​នេះ ការិយាល័យ​សេដ្ឋកិច្ចបី​នឹង​ត្រូវ​បើក​នៅ ក្រុង​ហ្សាការតា បាងកក និង​សិង្ហបុរី ដើម្បី​សម្របសម្រួល​សកម្មភាព​សេដ្ឋកិច្ច​រវាង​សហគ្រិន វិនិយោគិន ក្រុមហ៊ុន​និង​អ្នក​ផ្សេង។

លោក​អូបាម៉ា​ក៏​បាន​សន្យា​ ​ជា​លក្ខណៈ​ដាច់​ដោយ​ឡែក​​ពី​អាស៊ាន ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ទៀត ថា​អាមេរិក​នឹង​​គាំទ្រ​ដោយ​ឥត​ងាក​រេ សមាជិក​អាស៊ាន​ណា​ ដែល​ដឹកនាំ​​ប្រទេស​ល្អ មាន​ការ​ទទួល​ខុស​ត្រូវ គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស ដោយ​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ជាពិសេស​ដល់​​ពល​រដ្ឋ​​​ភូមាក្នុង​ដំណើរ​ស្វែង​រក​ប្រធានាធិបតី​ថ្មិ ការ​ផ្សះផ្សា​ជាតិ មិន​បិទ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ និង​បាន​អំពាវនាវ​ឱ្យ​ថៃ​វិល​ត្រលប់​មក​កាន់​របប​ប្រជាធិបតេយ្យ មាន​រដ្ឋាភិបាល​ជា​ស៊ីវិល។

​វិធានការ​ជាក់ស្តែង ក្នុង​វិបត្តិ​សមុទ្ទ​ចិន​ខាង​ត្បូង

ថ្វីបើ​ជំនួប​នេះ សម្រេច​បាន​​នូវ​កិច្ចព្រមព្រៀង​គ្នា​ពង្រឹង​ពង្រីក​ភាព​ជា​ដៃ​គូ​គ្នា​​រវាង​អាស៊ាន​និង​អាមេរិកមែន ក៏​ប៉ុន្តែគោល​គំនិត​សំខាន់ៗ​របស់​លោក​អូបាម៉ា គឺ​ការ​អោប​ក្រសោប​អាស៊ាន ដើម្បី​ទប់​មហិច្ឆតា​ចិន និង​ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ ដែល​បង្ក​ឡើង​ដោយ​ជម្លោះនៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជា​ផ្លូវ​ចរាចរណ៍​អន្តរជាតិ​ដ៏​សំខាន់​ តំណាង​ឱ្យ៤០%​នៃ​​សកម្មភាពផ្លូវ​សមុទ្ទ​ពិភពលោក។

​តាំង​ពី​ជំនួប​កំពូល​​មិន​ទាន់​បើក​ទ្វារ​ម្ល៉េះ ដែល​​អាមេរិក​បដិសេធ​ដាច់​ខាត​ ថា​មិន​មែន​​ហៅ​អាស៊ាន​មក​ជួប​ដើម្បី​ផ្តុំ​កម្លាំង​ប្រឆាំង​នឹង​ចិន​ទេ ព្រោះ​អាមេរិក​មិន​ត្រូវ​ការ​​​ប្រឈម​មុខ​​នឹង​ចិន ដោយ​ត្រង់ៗ​ នាំ​ឱ្យ​ខូច​ប្រយោជន៍​ធំឡើយ តែ​​ចង់​ដើរ​តួ​ជា​ទី​ពំនាក់​របស់​ប្រទេស​តូចៗ ឬ​ប្រើ​ប្រទេស​តូចៗ​ឱ្យជួយ​ទប់​ឥទ្ធិពល​គូ​ប្រជែង។​ ហើយ​ដើម្បី​លើក​ទឹក​ចិត្ត​អាស៊ាន អាមេរិក​បាន​សន្យា​ថា​នឹងបន្ត​ហោះ​ហើរ បណ្តែត​ខ្លួន និង​បង្ហាញ​វត្តមាន​នៅ​គ្រប់​ទិស​ទី ដែល​មាន​ច្បាប់​អន្តរជាតិ​អនុញ្ញាត ដើម្បីការពារ​និង​គាំទ្រ​សិទ្ធិ​របស់​ប្រទេស​នីមួយៗ។

លោក​អូបាម៉ា បានប្រើ​ភាសា​ការទូត​ច្រើន ណែនាំ​សមាជិក​អាស៊ាន ដើម្បី​ជា​សារ​វាយប្រហារ​សំដៅ​លើ​ចិ អំពាវនាវ​ឱ្យ​​មាន​វិធានការ​ជាក់ស្តែង ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី។ វិធានការ​នោះ​គឺ បញ្ឈប់​ការ​រៀប​ចំ​ថ្មី សាង​សង់​ថ្មី​ បញ្ចប់​ការ​បំពាក់​អាវុធ​នៅ​តំបន់​ជាប់​ជម្លោះ។

ចិន​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល

ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អាមេរិក FoxNews បានជូន​ដំណឹង​ដំបូង​គេ អំពី​ការ​ដាក់​ពង្រាយ​មីស៊ីល នៅ​​លើ​កោះ យ៉ុងស៊ីង Yongxing ឬ​កោះ​ព្រៃនៃ​ប្រជុំ​កោះ​ប៉ារ៉ាសែល ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ ​បន្ទាប់​មក​ទើប​មន្ទីរ​ប៉ង់តាហ្កោន​និង​ក្រសួង​ការពារជាតិ​តៃវ៉ាន់​បញ្ជាក់​តាម​ក្រោយ។ បើ​តាម​ប្រភព​អាមេរិក មីស៊ីល​​ពីរ​គ្រឿង មាន​កាណុង​បាញ់​៨ ប្រភេទ HQ-9 ជា​ប្រព័ន្ធ​មីស៊ីល​ការពារ​អាកាស​បាញ់​ពី​ដី បាន​ចម្ងាយ​២០០គីឡូម៉ែត្រ ត្រូវ​បាន​ទៅ​ដាក់​ពង្រាយ​លើ​កោះ​ យ៉ុងស៊ីង ក្នុង​តំបន់​ប្រជុំ​កោះ​ប៉ារ៉ាសែល នៃ​សមុទ្ទចិន​ខាង​ត្បូង នៅ​ពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ។ ប៉ុន្តែ​ ​ក្រុង​ប៉េកាំង​ច្រាន​ចោល​​​ដាច់​ខាត ព័ត៌មាន​នេះ​ និង​បាន​បន្ទោស​សារព័ត៌មាន​បស្ចឹម​ប្រទេស​​ថា​ចេះ​តែ​បង្កើត​​រឿង។

តៃ​វ៉ាន់​បាន​ខឹង​សម្បារ​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​និង​អ្នក​ឯកទេស​ នេះមិន​មែន​ជា​លើកទីមួយ​ទេ ដែល​ចិន​បាន​ចាត់​វិធានការ​ដាក់​ពង្រាយ​​មីស៊ីល​នៅប្រជុំ​កោះ​ប៉ារ៉ាសែល ដែល​ចិន​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៤​មក។

ត្រឹម​មីស៊ីល​បាញ់​ពី​ដី ទំនង​ជា​គ្មាន​ការ​គំរាម​កំហែង​អ្វីខ្លាំង​ទេ។ ក្នុង​ពេល​ដែល​សមាជិក​អាស៊ាន​ មាន​ជាប់​ជម្លោះ​ដែនដី​ជាមួយ​ចិន ស្វែង​រក​ការ​គាំទ្រ​ពី​អាមេរិក​ នៅ​អាមេរិក ចិន​ក៏​ទំនង​ជា​ត្រូវ​ការ​បញ្ចេញ​ចម្លើយ​តប​វិញ តាម​រយៈ​ការដាក់​ពង្រាយ​មីស៊ីល ដើម្បី​បញ្ជាក់​ពី​សេរីភាព​ និង​ភាព​ជា​អ្នក​គ្រប់គ្រង​តែ​ម្នាក់​ឯង​លើ​តំបន់សមុទ្ទ​ចិន​ខាង​ត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ