អានតួអត្ថបទ

មានការ​ឆ្លង​​​ហ្ស៊ីកាមួយ​ករណី​ទៀត នៅ​ម៉ាឡស៊ី​លើ​ស្ត្រី​មាន​ផ្ទៃពោះ

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ប្រកាស​នៅថ្ងៃពុធ​នេះ ថា​មាន​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ​កើត​ជំងឺ​ហ្ស៊ីកា មួយ​ករណីដំបូង នៅ​ក្នុង​ប្រទេស​។ មាន​អាយុ​២៧​ឆ្នាំ នាង​ជាប្រជាជន​រស់​នៅ​​ក្នុង​តំបន់​ជិត​ខាង​ជាប់​របង​ប្រទេស​សិង្ហបុរី ដែល​ផ្ទុះ​កើត​និង​ឆ្លង​មេរោគ​ហ្ស៊ីកា​ជាច្រើន​ករណី នា​រយៈ​ពេល​ចុងក្រោយនេះ។

​យុទ្ធនាការ​បាញ់​មូស​ក្រោយ​មាន​ករណី​ផ្ទុះ​ឆ្លង​មេរោគ​ហ្ស៊ីកា
​យុទ្ធនាការ​បាញ់​មូស​ក្រោយ​មាន​ករណី​ផ្ទុះ​ឆ្លង​មេរោគ​ហ្ស៊ីកា REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ស្ត្រី​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេរោគ​ហ្ស៊ីកានេះ​ ទើប​ពរ​ពោះ​ជា​លើក​ដំបូង និង​ផ្ទៃពោះ​​ប្រមាណ​ជាពី​បី​ទៅ​បួន​ខែ​ប៉ុណ្ណោះ។ ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ គេ​នៅពុំ​ទាន់​ដឹង​​ទេថា​តើ ស្រ្តី​ម៉ាឡេស៊ី​រូប​នេះ បាន​ឆ្លង​មេរោគ​ហ្ស៊ីកា តាម​ណា និង​នៅ​ទីណាឡើយ។ ប៉ុន្តែ​គេ​បាន​ដឹង​ថា នាង​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី កាលពី​៦​ខែ​មុន ចំណែក​ស្វាមីនាង​ធ្វើ​ដំណើរ​ចុះ​ឡើង​ជា​ញឹកញយ​ទៅ​ទីនោះ។

កាលពី​ថ្ងៃ​សៅរ៍​ ម៉ាឡេស៊ី​ទើប​បាន​ប្រកាស​ថា​មាន​ករណីឆ្លង​​​​ហ្ស៊ីកាដំបូង​ នៅ​​ក្នុង​ស្រុក​​ លើ​បុរស​ម្នាក់​អាយុ​៦១​ឆ្នាំ​ និង​បាន​ស្លាប់​ព្រោះ​មាន​ជំងឺ​ជាប់​នឹង​ខ្លួន​ស្រាប់​ផង។

ជំងឺ​ហ្ស៊ី​កា​ ដែល​ចម្លង​ដោយ​មូសខ្លា​ខាំ និង​តាម​ឈាម ឬ​ការ​រួម​រក្ស បាន​សំងំ​អភិវឌ្ឍន៍​ដោយ​គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ឡើយ​ សម្រាប់​អ្នក​ជំងឺ​បួន​ភាគ​ប្រាំ​ ក្រៅ​អំពី​ការ​ឡើង​សញ្ញា​រមាស់​កន្ទួល​លើ​ស្បែក ឬ​ការ​ឈឺ​ចុក​ចាប់​សន្លាក់​ដៃជើង និង​សាច់​ដុំ​តិច​តួច ដូច​ចង់​គ្រុន។ ប៉ុន្តែ ក្នុងករណីកើត​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ដូច​ករណី​ស្ត្រី​ម៉ាឡេស៊ី​ថ្ងៃ​នេះ នាង​អាច​ប្រឈម​នឹង​គ្រោះ​ហានិភ័យ​ខ្ពស់ ដោយ​កូន​នៅ​ក្នុង​ផ្ទៃ​អាច​លូត​លាស់​មិន​ត្រឹម​ត្រូវ​ ជាពិសេស​កើត​​មក​មាន​ខួរក្បាល​តូចខុស​ប្រក្រតី ឬ​ហៅ​ថា​ជំងឺ​ក្បាល​តូច។

ម៉ាឡេស៊ី​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រាត​ត្បាតខ្លាំង​នៃ​ជំងឺឆ្លង​តាម​មូស​ខ្លា​គ្រុន​ឈាម បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​គិត​ថា​នឹង​អាច​មាន​ករណី​ឆ្លង​ហ្ស៊ីកាកើន​ឡើង​ច្រើន​នៅ​ក្នុង​ប្រទេស​ ​ដូច​ករណី​ប្រទេស​សិង្ហបុរី​ជិត​ខាង​ដែរ។ អាជ្ញាធរ​បាន​បង្កើន​ការ​តាមដាន និង​ត្រួតពិនិត្យ​​​តាម​ច្រក​ព្រំដែន​ ដោយ​ណែនាំ​ឱ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ទៅ​មន្ទីរ​ពេទ្យ​ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​យ៉ាង​យូរ ដើម្បី​ផ្ទៀងផ្ទាត់​ឆែក​រក​ថាមាន​រោគ​សញ្ញា​ហ្ស៊ីកាឬអត់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ