អានតួអត្ថបទ

ប្រមុខ​ការទូត​ភូមា​ លោកស្រី​អ៊ុងសានស៊ូជី បំពេញ​ទស្សនកិច្ច​ជាលើក​ដំបូង​នៅ​អាមេរិក

ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ និង​ជា​និម្មិតរូប​នៃលទ្ធិប្រជាធិបតេយ្យរបស់​ពិភពលោក លោកស្រី​ អ៊ុង សានស៊ូជី នឹង​ត្រូវ​ទទួល​ស្វាគមន៍​​ដោយ​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន នា​ថ្ងៃ​ពុធ​នេះ ក្នុង​នាម​ជា​ប្រមុខ​ការទូតភូមា ដែល​មាន​​អំណាច​ពិត​ជា ​ប្រមុខ​ដឹកនាំ​ប្រទេស។​​

លោក Barack Obama  និង​លោកស្រី  Aung San Suu Kyi កាល​នៅ​ជា​ប្រធានបក្ស​ប្រឆាំង​ភូមា (រូបថត​ថ្ងៃទី​១៤​វិច្ឆិកា២០១៤)
លោក Barack Obama និង​លោកស្រី Aung San Suu Kyi កាល​នៅ​ជា​ប្រធានបក្ស​ប្រឆាំង​ភូមា (រូបថត​ថ្ងៃទី​១៤​វិច្ឆិកា២០១៤) Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោកស្រី អ៊ុងសានស៊ូជី និង​លោក អូបាម៉ា ដែល​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ដូចគ្នា ​ស្គាល់​គ្នា​ច្បាស់​លាស់ និង​ត្រូវ​ជួប​ពិភាក្សា​គ្នា​មួយ​ទល់​មួយ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​សេតវិមាន​​ ដែល​មាន​អត្ថន័យ​និងការ​ចាប់​អារម្មណ៍​ដូច​ទទួលស្វាគមន៍​ប្រមុខ​ដឹកនាំ​រដ្ឋ​យ៉ាង​ដូច្នោះ។ មាន​ថានៈ​ជា​ផ្លូវការ​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​មែន តែ​លោកស្រី មាន​តួនាទី​សំខាន់​ទី​ពីរ ជា​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋ​ ដែល​ផ្តល់​អំណាច​ឱ្យ​លោកស្រី អាច​​បញ្ជា​​ដឹកនាំ​​រដ្ឋាភិបាល​បាន​ ដើម្បី​បង្វៀង​​បម្រាមចែង​ក្នុង​រដ្ឋធម្មនុញ្ញហាម​មិន​ឱ្យ​លោកស្រី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ភូមា ព្រោះ​មាន​កូន​កាន់​សញ្ជាត​បរទេស។

នៅ​៥​ខែ​មុន​ចាក​ចេញ​ពី​អំណាច និង​ដោយ​ទើប​ត្រលប់​មក​ពី​​បំពេញ​ទស្សនកិច្ច​ថ្មីៗ​នៅ​អាស៊ី​ ផង លោកអូបាម៉ា ចង់ប្រែ​ក្លាយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ អ៊ុង សានស៊ូជី ទៅ​ជា​ការ​លើក​តម្កើង​​ដំណើរ​អន្តរកាល​ឆ្ពោះ​ទៅរក​គន្លង​​លទ្ធិប្រជាធិបតេយ្យ​​ដ៏​លឿន​ស្លេវ​របស់​ភូមា។ ការលើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​អាមេរិក​បាន​ដាក់​ប្រឆាំង​នឹង​របប​សឹក​ភូមា តាំង​ពី​១៩៩០​មក ក៏​ទំនង​ក្លាយ​ជា​​ប្រធានបទ​​ ដ៏​សំខាន់​​មួយ​ នាជំនួប​ថ្ងៃនេះ។

ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ដែល​យោធា​នៅ​តែ​រក្សាឥទ្ធិពល​និង​​អំណាច​​ខ្លាំង​​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ (មួយ​ភាគ​បួន​នៃ​អសនៈ​នៅ​ក្នុង​សភា​​ជា​យោធា គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោត) វ៉ាស៊ីនតោន​ពិត​ជា​ពិបាក​ស្វែង​រក​ផ្លូវ​កណ្តាល​ រវាង​ភូមា​មិន​ទាន់​មាន​​ប្រជាធិបតេយ្យ​ត្រឹមត្រូវ និង​ទណ្ឌកម្ម​ដែល​មិន​ប៉ះពាល់​ដល់​ការ​វិនិយោគ​បរទេស​ ដើម្បី​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ខ្លាំងណាស់។

បើ​តាម​ទីប្រឹក្សា​លោកអូបាម៉ា​ម្នាក់ រាល់​ការ​សម្រេចចិត្ត​ទាក់ទង​នឹង​ទណ្ឌកម្ម​អាមេរិកលើ​ភូមា រំពឹង​ទាំង​ស្រុង​ទៅ​លើកិច្ចសហប្រតិបត្តិការ​របស់​លោកស្រី​អ៊ុងសាងស៊ូជី។ ហើយ​ចំណុច​ខ្ទាស់​ខ្លាំង​របស់​អាមេរិក គឺ​ស្ថានភាព​​របស់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ដែល​លោកស្រី​ បិទ​មាត់រហូត​មក​​ និង​​​ទើប​ពឹង​ពាក់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កូហ្វី អាណាន់​ឱ្យ​ជួប​ដោះស្រាយ​កាលពី​ដើម​ខែ​កញ្ញា ប៉ុណ្ណោះ។​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ