អានតួអត្ថបទ
ឥណ្ឌា-អង់គ្លេស

ឥណ្ឌា-អង់គ្លេស៖​លោកស្រី Theresa May បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌាដើម្បី​រៀបចំ​នៅ​ក្រោយ Brexit

នៅ​ថ្ងៃ​ចន្ទ ទី៧ វិច្ឆិកា​នេះ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​ឥណ្ឌា។ គឺ​ជា​ទស្សនកិច្ច​លើកទី១ របស់​លោកស្រី​នៅ​ក្រៅ​ទឹកដី​អឺរ៉ុប និង​ចំ​ពេល​ដែល​អង់គ្លេស​កំពុង​រៀបចំ​ខ្លួន​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប។ គោលដៅ​អាទិភាព​របស់​លោកស្រី Theresa May នៅ​ក្នុង​ប្រទេស​ឥណ្ឌា គឺ​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា។

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May និង​សមភាគី​ឥណ្ឌា​លោក​ណារ៉េនដ្រា ម៉ូឌី
លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May និង​សមភាគី​ឥណ្ឌា​លោក​ណារ៉េនដ្រា ម៉ូឌី Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​អង់គ្លេស​ក្នុង​ខែ​កក្កដា នេះ​ជា​លើកទី១ ដែល​លោកស្រី Theresa May បាន​ដាក់​ជើង​ជាន់​ប្រទេស​មួយ​ដែល​មិនមែន​ជា​ទឹកដី​អឺរ៉ុប។ តែ​លោកស្រី​បាន​សន្យា​ថា អង់គ្លេស​នឹង​មិន​បែរ​ខ្នង​ដាក់​អឺរ៉ុប​ទេ នៅ​ពេល​ដែល​អង់គ្លេស​បាន​លែងលះ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នោះ។ “យើង​ចង់​ឲ្យ​អង់គ្លេស​ក្លាយ​ជា​ប្រទេស​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក” នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Theresa May ក្នុង​ទីក្រុង​ញូដែលី​នា​ថ្ងៃ​ចន្ទ ទី៧ វិច្ឆិកា​នេះ។

លោកស្រី​ Theresa May បាន​បន្ថែម​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​នឹង​ជួយ​បង្កើត​ការងារ បង្កើន​ការ​វិនិយោគ និង​បង្កើន​ផលិតកម្ម ហើយ​ដែល​ទាំង​អស់​នេះ​នឹង​ជួយ​បង្កើន​ជីវភាព និង​គុណភាព​ជិវិត​​រស់នៅ​របស់​ប្រជារាស្រ្ត​អង់គ្លសេ។ គេ​សង្កេត​ឃើញ​ថា លោកស្រី​ Theresa May បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រធាន​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាស​អង់គ្លេស រួម​ទាំង​អ្នកជំនួញ​អង់គ្លេស​គ្រាក់ៗ​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​ពេល​នេះ។

សូម​ជម្រាប​ជូន​ថា ដរាប​ណា​អង់គ្លេស​មិន​ទាន់​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ ដរាប​នោះ​អង់គ្លេស​មិន​អាច​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រទេស​បាន​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទស្សនកិច្ច​របស់​លោកស្រី Theresa May នៅ​ក្រៅ​ទឹកដី​អឺរ៉ុប​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា លោកស្រី​បាន និង​កំពុង​ផ្តើម​​រៀបចំ​ផែនការ​ជា​បណ្តើរៗ​ដើម្បី​ភាព​ម្ចាស់ការ​របស់​ប្រទេស​អង់គ្លេស។

នៅ​ខាង​ឥណ្ឌា​វិញ លោក​នាយករដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​បាន​ថ្លែង​ថា វា​ពិត​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​ឥណ្ឌា និង​អង់គ្លេស​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​សេដ្ឋកិច្ច​ចំណេះដឹង​សម្រាប់​សតវត្ស​ទី២១។ ក្នុង​នាម​ជា​អតីត​ម្ចាស់​អាណានិគម​លើ​ឥណ្ឌា អង់គ្លេស​ជា​ប្រទេស​វិនិយោគ​លំដាប់​ទី៣ នៅ​ឥណ្ឌា ហើយ​ឥណ្ឌា​ក៏​ជា​ប្រទេស​វិនិយោគ​លំដាប់​ទី៣ នៅ​អង់គ្លេស​ដែរ។ តែ​គេ​កត់សម្គាល់​ឃើញ​ថា ការ​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ពី​ឥណ្ឌា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ។

ជាក់ស្តែង​ជាមួយ​សហភាព​អឺរ៉ុប ឥណ្ឌា និង​អឺរ៉ុប​បាន​ចរចា​គ្នា​អស់​រយៈពេល​ជិត ១០ឆ្នាំ​ដើម្បី​អនុម័ត​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា តែ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ