អានតួអត្ថបទ
ចិន

ចិន៖​អតីត​មេធាវី​ជាំង ធៀនយុង​ជាប់​ចោទ​ពី​បទ​ទម្លាយ​រឿងសម្ងាត់​របស់​រដ្ឋ​ឲ្យ​បរទេស

នៅ​ក្នុង​ប្រទេស​ចិន ក្រុមគ្រួសារ​របស់​លោក​ជាំង ធៀនយុង​ទើប​បាន​ទទួល​ដំណឹង​ពី​លោក​ជាំង ធៀនយុង បន្ទាប់​ពី​បាន​បាត់​ដំណឹង​សូន្យឈឹង​តាំង​ពី​ខែ​វិច្ឆិកា​មក។ គឺ​ជា​ដំណឹង​មិន​ល្អ​ទាល់​តែ​សោះ ព្រោះ​សកម្មជន​សិទ្ធិមនុស្ស និង​ជា​អតីត​មេធាវី​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​រឿងសម្ងាត់​របស់​រដ្ឋ​ទៅ​បរទេស។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្លាក់​មក ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​បាត់ខ្លួន​លោក​ជាំង ធៀនយុង។

មេធាវី​ចិន​លោកជាំង ធៀនយុង​កំពុង​ឆ្លើយ​ជាមួយ​ក្រុម​អ្នកាសែត​ក្នុង​ក្រុង​ប៉េកាំង ថ្ងៃទី២ ឧសភា ឆ្នាំ ២០១២
មេធាវី​ចិន​លោកជាំង ធៀនយុង​កំពុង​ឆ្លើយ​ជាមួយ​ក្រុម​អ្នកាសែត​ក្នុង​ក្រុង​ប៉េកាំង ថ្ងៃទី២ ឧសភា ឆ្នាំ ២០១២ AFP PHOTO/Mark RALSTON
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល ២៥ថ្ងៃ​គត់​ដែល​ក្រុមគ្រួសារ​របស់​លោក​ជាំង ធៀនយុង​បាន​បាត់​ដំណឹង​សូន្យឈឹង​ពី​លោក​យុង។ ដំណឹង​ចុង​ក្រោយ​ដែល​សកម្មជន​សិទ្ធិមនុស្ស និង​អតីត​មេធាវី​រូប​នេះ​បាន​ជួប​ក្រុម​គ្រួសារ​តាម​ទូរស័ព្ទ គឺ​នៅ​ពេល​ដែល​លោក​ត្រៀម​ឡើង​ជិះ​រថភ្លើង​ពី​ស្ថានីយ៍​ចាងសា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃទី២១ វិច្ឆិកា។ តែ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ដដែល លោក​ជាំង ធៀនយុង​មិន​បាន​ផ្តល់​ដំណឹង​ឲ្យ​គ្រួសារ ហើយ​គ្រួសារ​ក៏​មិន​បាន​ទទួល​ដំណឹង​អ្វី​បន្តិច​សោះ​ពី​លោក​ជាំង ធៀនយុង។

សូម​ជម្រាប​ជូន​ថា​ក្នុង​នាម​ជា​មេធាវី​ម្នាក់ លោក​ជាំង ធៀនយុង​ច្រើន​ចេញ​មុខ​ការពារ​សំណុំរឿង​រសើបៗ ដូច​យ៉ាង​ការពារ​ជនរងគ្រោះ​ដោយ​ម្សៅទឹកដោះគោ​មាន​ជាតិ​ពុល​ក្នុង​ឆ្នាំ ២០០៨ ឬ​មួយ​ការពារ​សកម្មជន​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​ដែល​ខ្វាក់ភ្នែក​លោក Chen Guangcheng ដែល​ភៀសខ្លួន​ទៅ​រស់នៅ​អាមេរិក​ជា​ដើម។ តាម​អង្គការ Amnesty International ឲ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​ដក់​ហូត​អាជ្ញាបណ្ណ​មេធាវី​ពី​លោក​ជាំង ធៀនយុង​ក្នុង​ឆ្នាំ ២០០៩ ដោយសារ​តែ​សកម្មភាព​សិទ្ធិមនុស្ស​របស់​លោក។ ថ្មីៗ​មុន​ពេល​បាត់​ដំណឹង លោក​ជាំង ធៀនយុង​បាន​ទៅ​សួរ​សុខទុក្ខ​ក្រុមគ្រួសារ​លោក​ស៊ី យ៉ាង​ដែល​ជា​មេធាវី​សិទ្ធិមនុស្ស​ម្នាក់​ទៀត​កំពុង​ជាប់​ក្នុង​គុក។

យ៉ាង​ណា​ក៏​ដោយ ភរិយា​លោក​ជាំង ធៀនយុង​គឺ​លោកស្រី​ជីង បៀនលីង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចោទ​ស្វាមី​លោកស្រី​ពី​បទ​រំលោភបំពាន​លើ​កិច្ចការ​សម្ងាត់​របស់​រដ្ឋ​ជា​រឿង​មិន​ពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ លោកស្រី​លីង​បាន​បន្ថែម​ថា ប្រសិន​បើ​ស្វាមី​របស់​លោកស្រី​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋកម្ម​អ្វី​មួយ​នោះ គេ​គួរ​តែ​ផ្តល់​ព័ត៌មាន​ឲ្យ​ក្រុមគ្រួសារ​បាន​ដឹង​មុន​ផង ពោល​មិនមែន​លាក់​តាំង​ពី​ជិត ១ខែ​ដូច​នេះ​ទេ។ បើ​តាម​មនុស្ស​ជំនិត​របស់​លោក​ជាំង ធៀនយុង​ឲ្យ​ដឹង​ថា រដ្ឋអំណាច​ចិន​មិន​សប្បាយ​ចិត្ត​នឹង​ជំនួប​រវាង​លោក​ជាំង ធៀនយុង និង​ក្រុមអ្នកជំនាញ​សហប្រជាជាតិ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ខែ​សីហា។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ចិន​បើក​ការ​សើបអង្កេត​ជុំវិញ​ការ​បាត់ខ្លួន​លោក​ជាំង ធៀនយុង។ លោក​យុង​ក៏​ដូច​ជា​អ្នករួមអាជីព​ផ្សេង​ទៀត​បាន​ទទួល​រង​គំនាប​ពី​អាជ្ញាធរ​ជា​ច្រើន​ខែ​កន្លង​មក​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ