អានតួអត្ថបទ
អាមេរិក-អូស្រ្តាលី

អាមេរិក-អូស្រ្តាលី៖​លោកTrump និង​លោក Turnbull តឹង​សរសៃ ក ដាក់​គ្នា​រឿង​កិច្ចព្រមព្រៀង​ជនភៀសខ្លួន

លោក​ប្រធានាធិបតី​អាមេរិក Donal Trump និង​លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី Malcolm Turnbull កំពុង​បន្ត​ដំឡើង​សម្លេង​ដាក់​គ្នា​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​ជាមួយ​អូស្រ្តាលី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៦។ តែ​លោក​ដូណាល់ ត្រាំ​មាន​បំណង​លប់​ចោល​កិច្ចព្រមព្រៀង​នេះ​ដោយ​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង « ល្ងីល្ងើ »។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ផ្តើម​ចេញ​ពី​ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ ទី២៧ មករា។ បន្ទាប់​មក​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី Malcolm Turnbull នា​ចុង​សប្តាហ៍​កន្លង​ទៅ ឥស្សរជន​ទាំង​ពីរ​បាន​និយាយ​ច្រើន​លើ​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​ដែល​អាមេរិក​ជំនាន់​លោក​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​ជាមួយ​អូស្រា្តលី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៦។

នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ អាមេរិក​បាន​យល់​ព្រម​ទទួល​យក​ជនភៀសខ្លួន​មួយ​ភាគ​ដែល​អូស្រ្តាលី​បាន​រក្សា​ទុក​ក្នុង​ជំរំ​លើ​កោះ​ចំនួន​ពីរ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ជនភៀសខ្លួន​ទាំង​នោះ ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​តាម​ទូក​មក​ពី​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អាហ្វហ្កានីស្ថាន។ យោង​តាម​កាសែត​អាមេរិក Washington Post ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី២ កុម្ភៈ​ឲ្យ​ដឹង​ថា លោក​ដូណាល់ ត្រាំ និង​លោក Malcolm Turnbull បាន​តឹង​សរសែ ក ដាក់​គ្នា​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នេះ ហើយ​លោកត្រាំ​ថែម​ទាំង​បាន​បង្រួម​រយៈពេល​សន្ទនា​ជាមួយ​លោក Turnbull ទៀត​ផង។

បន្ទាប់​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ កុម្ភៈ​ដដែល លោក​ត្រាំ​បាន​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​បន្ថែម​ដោយ​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ដោយ​ហៅ​ជា​កិច្ចព្រមព្រៀង « ល្ងីល្ងើ » និង​ចោទ​អូស្រ្តាលី​ពី​បទ​ចង់​បញ្ជូន​ពួក​ភេរវជន​ជា​យថាហេតុ​ទៅ​អាមេរិក។ នៅ​ក្នុង​បណ្តាញ​សង្គម Twitter ដដែល លោក​ត្រាំ​បាន​ចោទ​ជា​សំណួរ​ថា តើ​អស់​លោក​ជឿ​ដែរ ឬ​ទេ​ថា លោក​អូបាម៉ា​សុទ្ធ​ចិត្ត​ទទួល​យក​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​រាប់ពាន់​នាក់​ពី​អូស្រ្តាលី?។

យ៉ាង​ណា​ក៏​ដោយ លោក John Hewson អតីត​អ្នកតំណាងរាស្រ្ត​អូស្រ្តាលី​បាន​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​អូស្រ្តាលី​ត្រូវ​តែ​មាន​វិធានការ​ថ្មី​ឲ្យ​ស្រប​នឹង​បរិបទ​នយោបាយ​ថ្មី​របស់​អាមេរិក​ក្រោម​លោក​ត្រាំ។ តាម​លោក John ជំហរ​ផ្លាស់ប្តូរ​របស់​លោក​ត្រាំ​មិនមែន​មាន​តែ​ជាមួយ​អូស្រ្តាលី​ទេ តែ​ក៏​មាន​ជាមួយ​អង្គការ​អូតង់ អង្គការ​សហប្រជាជាតិ ប្រទេស​ចិន ឬ​មួយ​ក៏​ប្រទេស​ផ្សេង​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Turnbull បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​សុក្រ ទី៣ កុម្ភៈ​ដោយ​មាន​ជំនឿ​ថា លោក​ត្រាំ​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ