អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖​លោកស្រី​អតីត​ប្រធានាធិបតី​ប៉ាក់ គុនហេ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន?

នៅ​កូរ៉េខាងត្បូង រដ្ឋអាជ្ញា​បាន​ស្នើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោកស្រី​អតីត​ប្រធានាធិបតី​ប៉ាក់ គុនហេ។ សំណើ​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចៅក្រម​បាន​ធ្វើ​ការ​ចោទ​សួរ​លោកស្រី​ក្នុង​សំណុំរឿង​ពុករលួយ និង​ការ​រំលោភ​អំណាច។ គឺ​ជា​សំណុំរឿង​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​ខ្ទាត​ចេញ​ពី​តំណែង​ជា​ស្ថាពរ​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តុលាការ​ក្រុង​សេអ៊ូល​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ​ចំពោះ​សំណើ​របស់​រដ្ឋអាជ្ញា តែ​បើ​តុលាការ​យល់ស្រប នោះ​លោកស្រី​ប៉ាក់ គុនហេ​នឹង​ក្លាយ​ជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី៣ ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​បទពុករលួយ។

Reuters
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៦៥ឆ្នាំ និង​បាន​ខ្ទាត​ពី​តំណែង​ប្រធានាធិបតី​ជា​ស្ថាពរ​មែន តែ​លោកស្រី​ប៉ាក់ គុនហេ​នៅ​មិន​ទាន់​រួច​ខ្លួន​ពី​សំណាញ់​តុលាការ​នៅ​ឡើយ​ទេ។ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​រដ្ឋអាជ្ញា​នា​ថ្ងៃ​ចន្ទ ទី២៧ មីនា រដ្ឋអាជ្ញា​បាន​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោកស្រី​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា លោកស្រី​បាន​ប្រព្រឹត្តកំហុស​ឆ្គង​ធ្ងន់ធ្ងរ​ជា​ច្រើន​ក្នុង​ពេល​កាន់​អំណាច​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ។ កំហុស​ឆ្គង​ទាំង​នោះ​រួម​មាន ការ​រំលោភ​អំណាច ការ​ប្រើ​សិទ្ធិ​ប្រធានាធិបតី​ដើម្បី​ទទួល​សំណូក​ពី​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ឬ​មួយ​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់ និង​សំខាន់ៗ​ទាក់ទង​នឹង​កិច្ចការ​របស់​ប្រទេសជាតិ​ជា​ដើម។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល រដ្ឋអាជ្ញា​បាន​លើក​យក​ហេតុផល​ទៅ​សំអាង​ដើម្បី​បញ្ជាក់​ពី​សំណើ​ចាប់​ខ្លួន​លោកស្រី​ប៉ាក់ គុនហេ នោះ​គឺ មាន​ភស្តុតាង​ចោទប្រកាន់​ជា​ច្រើន​ត្រូវ​បាន​ចងក្រង​ឡើង តែ​ជនជាប់ចោទ​បាន​ច្រាន​ចោល ហើយ​អាច​នឹង​មាន​ការ​ប៉ុនប៉ង​កម្ទេច​ភស្តុតាង​ទាំង​នោះ​ចោល​ទៀត​ផង។ សូម​រម្លឹក​ជូន​ឡើង​វិញ​ថា រឿងអាស្រូវ​ពុករលួយ និង​ការ​រំលោភអំណាច​របស់​លោកស្រី​ប៉ាក់ គុនហេ​បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​លោកស្រី​ចយ ស៊ុនស៊ីល​ដែល​ជា​មិត្តជិតដិត​របស់​លោកស្រី និង​ដែល​កំពុង​ជាប់ឃុំឃាំង។

ក្រុម​អ្នកស៊ើបអង្កេត​បាន​យល់​ឃើញ​ថា បើ​ឃុំខ្លួន​លោកស្រី​ចយ ស៊ុនស៊ីល​ក៏​ត្រូវ​ឃុំខ្លួន​លោកស្រី​ប៉ាក់ គុនហេ​ដែរ បើ​ពុំ​នោះ​សោត​ទេ វា​ពិត​ជា​ផ្ទុយ​នឹង​គោលការណ៍​សមធម៌។ យ៉ាង​ណា​ក៏​ដោយ ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តុលាការ​ក្រុង​សេអ៊ូល​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ​ចំពោះ​សំណើ​ចាប់​ខ្លួន​លោកស្រី​ប៉ាក់ គុនហេ​របស់​រដ្ឋអាជ្ញា តែ​បើ​តុលាការ​យល់ស្រប នោះ​លោកស្រី​ប៉ាក់ គុនហេ​នឹង​ក្លាយ​ជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី៣ ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​បទពុករលួយ និង​រំលោភ​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ