អានតួអត្ថបទ

​សមុទ្ទ​ចិន​ខាង​ត្បូង៖ ហ្វីលីពីន​និង​ចិន​បើក​កិច្ចចរចា​ទ្វេភាគី​

ចិន​និង​ហ្វីលីពីន នឹង​ជួប​ប្រជុំ​គ្នា​ ជា​លើក​ដំបូង នៅ​ខែ​ឧសភា ខាង​មុខ ដើម្បីពិភាក្សា​គ្នា​​អំពី​យន្តការ​បើក​កិច្ចចរចា​ទ្វេភាគី​ ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន និង​របស់​មន្ត្រី​ហ្វីលីពីន។ ហ្វីលីពីន ដែល​ពីមុន​មក​ ក៏​ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត តែង​តែ​ទាមទារ​​ចរចា​ជា​មួយ​ចិនក្នុង​ក្របខ័ណ្ឌ​ពហុភាគី ជា​ជាង​ទ្វេ​ភាគី។

ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte និង​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ក្រុង​ម៉ានីល
ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte និង​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ក្រុង​ម៉ានីល STR / PRESIDENTIAL PHOTOGRAPHERS' DIVISION / AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​ទៅ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​កាត់​ក្តី​ឱ្យ​ហ្វីលីពីន​ឈ្នះ ចិន​ជា​អ្នក​ខុស​ ដែល​ចង់​គ្រប់គ្រង​តំបន់​ដែន​សមុទ្ទ​ចិន​ខាង​ត្បូងតែ​ម្នាក់ឯង។ តែ​ក្រោយ​ពី​លោក​ ឌុយទែរតេ បាន​ឡើង​កាន់​អំណាច​ ក្រុង​ម៉ានីល មិន​ខ្វល់​នឹង​សាលក្រម​អន្តរជាតិ​មួយ​នេះទេ និង​បាន​ខិត​រុល​ទៅ​រក​ក្រុង​ប៉េកាំង ដើម្បីចំណេញ​ពាណិជ្ជកម្ម​​និង​វិនិយោគ។

ការក្រឡាស់​​ប្តូរ​ទិស​នយោបាយទៅ​អោប​ចិន បាន​ផ្តល់​លទ្ធផល​ថ្មី​មួយ​ទៀត​នៅ​​ថ្ងៃ​នេះ​។ នោះ​គឺ​សំណើ​ជួប​ពិភាក្សា​ទ្វេភាគី​រវាង​ នៅ​ខែ​ឧសភា​ខាង​មុខ ដោយ​គ្មាន​លក្ខខណ្ឌ​។ ចិន​និង​ហ្វីលីពីន បាន​សម្រេច​ចិត្ត​រក្សា​កិច្ចចរចា​មិត្តភាព​ ស្តី​អំពី​ជម្លោះ​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ! នេះ​ជា​សំដី​របស់អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន ទៅ​កាន់​អ្នក​សារព័ត៌មាន។

ក្នុង​ពេល​ពិគ្រោះ​​ពិភាក្សាការទូត​​ជា​លើក​ទី​២០ កាលពី​ខែ​មករា ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើត​យន្តការ​ពិគ្រោះ​ទ្វេភាគី​ ស្តី​ពី​វិបត្តិ​នៅសមុទ្ទ​ចិន​ខាង​ត្បូង​ ដែល​ជា​ឈ្នាន់​​ឆ្ពោះ​ទៅ​​សម្រេច​ការ​ជជែក​អំពី​ផលប្រយោជន៍​រួម និង​ការ​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​ផង សន្តិសុខ​​ដែន​ទឹក​ផង។

បើ​តាម​អ្នក​នាំ​ពាក្យ​ចិន ប៉េកាំង​មាន​ឆន្ទៈ​ចង់​ពង្រឹង​កិច្ច​ចរចា​ជា​មួយ​ហ្វីលីពីន  ដើម្បី​ដោះស្រាយ​ជម្លោះ​ឱ្យ​បាន​សម​ស្រប និង​បង្កើត​បរិយាកាស​​ល្អ​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការទ្វេភាគី​ ​​និង​ការ​អភិវឌ្ឍន៍ មាន​លំនឹង។ ចិន​ក៏​បាន​អញ្ជើញ​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ។ ឆ្នាំ​សមុទ្ទ​ប្រទេស​ទាំង​ពីរ ដែល​បាន​សម្រេច​​ធ្វើកិច្ច​សហប្រតិបត្តិការ​​មួយ​ជម្លៀស​ធំ នៅ​ឆ្នាំ​២០១៧ ដើម្បី​បង្កើន​ទំនុក​ចិត្ត​និង​មិត្តភាព​ចិន-ហ្វីលីពីន​ឱ្យ​កាន់រឹងមាំ។

សូម​បញ្ជាក់​ថា​ ជានិច្ចជាកាល​ចិនប្រាថ្នា​ចង់​បាន​ណាស់ ការ​ចរចា​ទ្វេភាគី ! តែពី​មុន​មក បណ្តា​ប្រទេស​ជិត​ខាង​ជាប់​ជម្លោះ​ជាមួយ​ចិន ក្នុង​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង រាប់​ទាំង​ហ្វីលីពីន​ផ្ទាល់ តែង​ជ្រើស​រើស​ការ​ចរចា​ពហុភាគី​ ​ដើម្បី​ឱ្យមាន​ទម្ងន់​ខ្លាំង​សម្រាប់​ដាក់​សម្ពាធ​លើ​ចិន។ ពេល​ខ្លះ ដោយ​ហេតុ​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូងនេះ ជំនួប​កំពូល​អាស៊ាន​ត្រូវ​បរាជ័យ​ដោយ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន។ ប៉ុន្តែ​ថ្ងៃ​ហ្វីលីពីន ក្រោម​ការ​ដឹកនាំ​របស់​លោក ឌុយទែរតេ បាន​ជ្រើសរើស​អោប​ចិន ព្រោះ​យល់​ថា​ហ្វលីពីន​មិន​ចង់ធ្វើ​​សង្គ្រាម​ជាមួយ​ចិន។ សង្គ្រាម​ដែល​ចិន​នឹង​ជា​អ្នក​ឈ្នះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ