អានតួអត្ថបទ
អ៊ីរ៉ង់-ភេរវកម្ម

នៅ​អ៊ីរ៉ង់​​​៖ស្លាប់​​​​៧​​​​នាក់​​​​និង​​​​​រង​​​របួស​​​​ជា​ច្រើន​​​នាក់​​​នៅ​​​ក្នុង​​​ការវាយប្រហារ​​​​ពីរ​​​នៅ​​​ទីក្រុង​​​Téhéran​​

នៅ​​អ៊ីរ៉ង់​ ​យ៉ាង​​ហោច​​​មាន​​មនុស្ស​​ស្លាប់​​៧​​នាក់​​និង​​រង​​របួស​​ជន​​ជាច្រើន​​នាក់​​ផ្សេង​​ទៀត​​នៅ​​ក្នុង​​ការ​​វាយប្រហារ​​២​​​នៅ​​​ថ្ងៃ​​ពុធ​​​៧​​មិថុនា​​នេះ​​ក្នុង​​ទីក្រុង​​Téhéran ​​ក្នុង​​ទីកន្លែង​​និមិត្ត​រូប​​ដ៏​​សំខាន់​​បំផុត​​​របស់​​អ៊ឺរ៉ង់​ គឺ​​នៅ​​សភា​​និង​​មតចេតិយ​​ប្រមុខ​​ដឹកនាំ​​សាសនា​​អ៊ីស្លាម​ Khomeini។​ នៅ​​ក្នុង​​ការ​វាយប្រហារ​នេះ​ ​ក្រុម​​​អ៊ីស្លាម​​ជីហាត​​​នៃ​​​អង្គការ​​រដ្ឋអ៊ីស្លាម​​ បាន​​​ចេញ​​​មុខ​​​ប្រកាស​​​ថា​​​ស្នា​ដៃ​​​របស់​​​ពួក​​​ខ្លួន។​​​ 

កងកម្លាំងសន្តិសុខ​អ៊ីរ៉ង់​នៅជុំវិញ សភា​អ៊ីរ៉ង់ ថ្ងៃទី​៧​មិថុនា​២០១៧
កងកម្លាំងសន្តិសុខ​អ៊ីរ៉ង់​នៅជុំវិញ សភា​អ៊ីរ៉ង់ ថ្ងៃទី​៧​មិថុនា​២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

គឹ​ជា​លើក​ទី​មួយ​ហើយ​​ដែល​មាន​ការវាយប្រហារ​ភេរវកម្ម​ចំនួន​ពីរ​ បាន​កើត​ឡើង​ស្ទើរ​តែ​ស្រប​ពេល​ជា​មួយ​គ្នា​នៅ​​ថ្ងៃ​ពុធ​នេះ​ក្នុង​ទីក្រុង Téhéran ​គឺ​នៅ​​ទី​កន្លែង​និមិត្ត​រូប​ដ៏​ឧត្តុងឧត្តម​បំផុត​របស់​សាធារណៈរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ ​មួយ​នៅ​ក្នុង​បរិវេណ​សភា​និង​មួយ​ទៀត​នៅ​ទីកន្លែង​មតចេតិយ​របស់​​ប្រមុខ​ដឹកនាំ​សាសនា​អ៊ីរ៉ង់​​ Komeini ។ អំពើ​ភេរវកម្ម​ទាំង​ពីរ​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​អ៊ីស្លាម​ជីហាត​នៃ​​អង្គការ​រដ្ឋ​អ៊ីស្លាម ​​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ថា​ជា​ស្នាដៃ​របស់​ពួក​ខ្លួន។ តែទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សព្វផ្សាយថា ​ជា​ការវាយប្រហារភេរវកម្ម។


ពួក​ភេរវជន​ ៤​នាក់​ បាន​បើក​ការ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​សភា​អ៊ីរ៉ង់ ​ក្នុង​នោះ​ភេរវជន ម្នាក់ បាន​ធ្វើការ​បំផ្ទុះ​ខ្សែ​ក្រវាត់​គ្រាប់បែក។ ​ក្នុង​ហេតុការណ៏​នេះ ភ្នាក់ងារ​សន្តិសុខ​ម្នាក់​បាន​ស្លាប់​និង​​រង​របួស​ជន​​៨​នាក់​ផ្សេង​ទៀត ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​របស់​អ៊ីរ៉ង់ ​កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់​ បាន​បើក​ការ​វាយលុក​ប្រឆាំង​ទល់​នឹង​ពួក​ភេរវជន​ដែល​លាក់​ខ្លួន​នៅ​ជាន់​លើ​ខ្ពស់​បំផុត​នៃ​អគារ​សភា​ក្នុង​ខណៈ​ពេល​​​​ដែល​ក្រុម​អ្នកតំណាងរាស្ត្រ ​កំពុង​បន្ត​ការងារ​រួម​ប្រជុំ​របស់​ខ្លួន​​ដឹកនាំ​ដោយ​ប្រធាន​សភា​អ៊ីរ៉ង់​លោក Ali Larijani។

នៅ​ឯ​ទី​មតចេតិយ​របស់​ប្រមុខ​ដឹកនាំ​សាសនា​អ៊ីរ៉ង់​ Komeini ​​ដែល​​ស្ថិត​នៅ​ម្ងាយ​ប្រមាណ​ជាង​២០​គម​ពី​មន្ទីរ​សភា​និង​​នៅ​​ភាគ​ខាង​ត្បូង​ទីក្រុង Téhéran ក៏​ត្រូវ​ទទួល​រង​​ការ​វាយប្រហារ​ដោយ​​ស្ត្រី​ម្នាក់​​ ដែល​បាន​បំផ្ទុះ​ខ្សែ​ក្រវាត់​គ្រាប់បែក​​ពាក់នៅ​​ជាប់​នឹង​ខ្លួន​​​​នៅ​ខាង​ក្រៅ​នៃ​អគារ​មតចេតិយ​ នេះបើ​យោង​តាម​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ IRNA ។

ព័ត៌មានចុងក្រោយ​បញ្ជាក់​ឲ្យ​ដឹង​ថា ការវាយប្រហារ​នៅ​សភា បាន​ចប់​អស់​ហើយ ចំណែក​ភេរវជន​​ទាំង​​បួន​នាក់​នោះ ត្រូវ​បាន​ស្លាប់​-នេះ​បើយោងតាម​បណ្តាញ​ទូរទស្សន៍​រដ្ឋអ៊ីរ៉ង IRIB ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ