ភ្នំភ្លើង Sinabung បានចាប់ផ្ទុះកាលពីថ្ងៃចន្ទម្សិលមិញនិងបានជះកំអែរផេះយ៉ាងក្រាស់ឃ្មឹកទៅក្នុងបរិយាកាស
ភ្នំភ្លើង Sinabung នៅកោះ Sumatra ក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ទុះឡើងវិញនៅថ្ងៃចន្ទម្សិលមិញដោយបានជះកំអែរផេះយ៉ាងក្រាស់ឃ្មឹកនៅក្នុងបរិយាកាស រហូតដល់កំពស់ជិត ៥០០០ម៉ែត្រ គ្របដណ្តប់ជិតឈឹងទៅ លើទីភូមិនានា-នេះបើយោងតាមការគូសបញ្ជាក់របស់អាជ្ញាធរឥណ្ឌូណេស៊ី។នុយប៊ែរណាដែតជូនព័ត៌មាននេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៥
នៅឥណ្ឌូណេស៊ី ភ្នំភ្លើង Sinabung ដែលធ្លាប់បានផ្ទុះឡើងមួយចំនួនចាប់តាំងពីឆ្នាំ ២០១០ បានចាប់មានឥទ្ធិពលឡើងវិញនៅក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងតាមប្រធានមជ្ឈមណ្ឌលជាតិខាងផ្នែកភ្នំភ្លើងឥណ្ឌូណេស៊ី គឺជាការផ្ទុះភ្នំភ្លើង Sinabung មួយដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំ ២០១៨នេះ។
ក៏ប៉ុន្តែ គិតមកទល់ថ្ងៃនេះ គេក៏នៅពុំទាន់ដឹងព័ត៌មាន ស្តីពី ចំនួនមនុស្សស្លាប់ឬក៏អ្នករងរបួសនោះនៅឡើយទេ។ ក៏ប៉ុន្តែ គេគ្រាន់តែដឹងថា នៅពេលភ្នំភ្លើង Sinabung ផ្ទុះឡើងនោះ ពុំមានប្រជាជនណាម្នាក់ឡើុយនៅក្នុងបរិវេណ សន្តិសុខ ដែលអាជ្ញាធរ បានរៀបចំឡើង កាលពីពេលមុននៅក្នុងចម្ងាយប្រមាណ ៧ គីឡូម៉ែត្រនៅជុំវិញភ្នំភ្លើងនេះ។
ផ្ទុយទៅវិញគេបានឃើញផ្ទះសម្បែងចំនួនជាច្រើនរយខ្នងដែលស្ថិតនៅខាងក្រៅនៃតំបន់រងមហន្តរាយ ត្រូវបានធូលី ភ្នំភ្លើងគ្របដណ្តប់ពីលើយ៉ាងជិតឈឹង។
ដើម្បីការពារសុខភាពរបស់ប្រជាជន អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានធ្វើការចែកចាយផងដែរ masques សម្រាប់បិទការពារមុខមាត់និងសុំស្នើអោយប្រជាជនខ្លួន ស្ថិតនៅក្នុងផ្ទះ ដើម្បីចៀសវៀងពីបញ្ហានៃការដកដង្ហើម។ ចំណែកអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវិញ បានថ្លែងប្រាប់ដែរថា នៅទីភូមិខ្លះៗ គឺជាភាពអន្ធការទាំងស្រុង ដោយសារតែ គេពុំអាចមើលឃើញអ្វីៗបាន អោយហួសចម្ងាយពី ៥ម៉ែត្រនោះទេ បន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះមក។
គួររំលឹកថា ភ្នំភ្លើង Sinabung ក្រោយពីស្ងប់អស់រយៈពេលជិត៤០០ឆ្នាំកន្លងមក បានចាប់ផ្តើមកំរើកឡើងវិញ យ៉ាងយូរនៅឆ្នាំ ២០១៣ ។ Sinabung ក៏ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងចំនួនទាំង១២៩ ដែលនៅតែសកម្មភាព យ៉ាងខ្លាំងក្លាបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនិងបានសម្លាប់មនុស្សអស់៧នាក់នៅឆ្នាំ ២០១៦ ។ ហើយនៅឆ្នាំ ២០១៤ មានភ្នំភ្លើងមួយទៀត បានផ្ទុះឡើងដែរ និងបានសម្លាប់ជីវិតមនុស្សអស់ចំនួន១៦ នាក់។
សូមបញ្ជាក់ថា ភ្នំភ្លើងដ៏សកម្មបំផុតជាងគេនៅឥណ្ឌូណេស៊ីគឺ ភ្នំភ្លើង Merapi នៅកោះ Java ដែលមានកំពូលខ្ពស់បំផុតរហូតជិតដល់ ២៩០០ម៉ែត្រ ។ Merapi ត្រូវបានគេស្គាល់នៅឆ្នាំ ២០១០ ដោយ ភ្នំភ្លើងនេះ បានសម្លាប់ជីវិតមនុស្ស អស់ជាង៣៥០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ