អានតួអត្ថបទ

អាហ្វហ្កានីស្ថាន ៖ ទាហាន​​​អូតង់បី​នាក់ស្លាប់​ក្នុង​ភេរវកម្មអត្តឃាត​របស់​ពួកតាលីបង់

ទាហាន​អូតង់​បី​នាក់ស្លាប់ បី​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ភេរវកម្មអត្តឃាត នៅ​ថ្ងៃអាទិត្យទី​៥​សីហានេះ។ ហេតុការណ៍​បាន​កើត​ឡើង​ នៅ​ក្បែរ​មូលដ្ឋាន​ទ័ព​អូតង់​ ដ៏ធំ​ជាង​បង្អស់​មួយ ប្រចាំអាហ្វហា្កនីស្ថាន។ ជា​ភេរវកម្ម​ ដែល​បង្ក​ឡើង​ដោយ​អត្តឃាត​ជន​ថ្មើរ​ជើងម្នាក់ ប្រឆាំង​នឹង​កងទ័ព​អូតង់ ដែល​កំពុង​ដើរ​ល្បាត ជា​មួយកងទ័ព​អាហ្វហ្កានីស្ថាន​ នៅភាគ​ខាង​ជើង​ក្រុង​កាប៊ូល។

ទាហាន​អាមេរិក​ស្តាប់​បទ​បញ្ជា​សុវត្ថិភាព​មុន​ផ្តើម​ការងារ
ទាហាន​អាមេរិក​ស្តាប់​បទ​បញ្ជា​សុវត្ថិភាព​មុន​ផ្តើម​ការងារ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​​​សេចក្តី​ថ្លែង​ការណ៍ ​មេបញ្ជាការ​កងទ័ព​អូតង់ បាន​បញ្ជាក់​ថា​មាន​ទាហាន​​រង​របួស​ម្នាក់​​ជា​ជនជាតិ​អាមេរិក ពីរ​នាក់​ទៀត​ ជា​ជន​ជាតិ​អាហ្វហ្កានីស្ថាន និង​ស្លាប់​បី​នាក់​នៅ​ក្នុង​ភេរវកម្ម​អត្តឃាត​។ ប៉ុន្តែ​ដូច​ទម្លាប់​អូតង់​មិន​បាន​បញ្ជាក់​ទេអំពី​សញ្ជាតិ​របស់​ទាហាន​បាត់​បង់​ជីវិត។ បន្តិចក្រោយ​មក​ទើបគេ​ឃើញ​មាន​​សេចក្តី​បញ្ជាក់​ព័ត៌មាន​ថា​​ ទាហាន​អូតង់​ដែល​ស្លាប់​ ដោយ​រង​របួស​ធ្ងន់​ពេកក្នុង​ភេរវកម្ម​អត្តឃាត​នោះ មាន​សញ្ជាតិ​ឆែក ទាំង​បី​នាក់ ! ជា​​ការ​បញ្ជាក់​របស់​យោធាឆែក ដោយ​អះអាង​ទៀត​ថា អត្តឃាតជន​ បាន​ដឹកនាំ​ធ្វើ​ភេរវកម្ម​អត្តឃាត ប្រឆាំង​នឹង​ក្បួន​ទ័ព​អូតង់​ដែល​កំពុង​ដើរ​ល្បាត​ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លេនដ្ឋានBagram។ បាហ្ក្រាម​ជាមូលដ្ឋានទ័ព​អូតង់​ដ៏​ធំ​ជាង​គេ នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​កាប៊ូល។

តាលីបង់​បាន​ចេញ​សារ​ទ្វីតភ្លាមដែរ ទទួល​ស្គាល់​​ភេរវកម្ម​នេះ​ថា​ជា​ស្នាដៃ​របស់​ពួក​គេ​ប្រឆាំង​នឹង​កងកម្លាំងអាមេរិក​​​​ឈ្លានពាន។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ មាន​ទាហាន​​អូតង់ចំនួន​១៦០០០​នាក់ ត្រូវ​ជា​៤១​សញ្ជាតិ​ កំពុង​បំពេញ​ការងារ​​នៅ​លើ​​​​ទឹកដី​អាហ្វហ្កានីស្ថាន ក្នុង​បេសកកម្ម​​​ជា​កងទ័ព​ជំនួយ​និង​គ្រូបំពាក់បំប៉ន​ទាហាន​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ​ភាគ​ច្រើន ១៣០០០​នាក់​ជាទាហាន​អាមេរិក​ ហើយ​ក្នុង​នោះ​២០០០​នាក់​ជា​ទាហានប្រយុទ្ធ​​ក្នុង​ក្របខ័ណ្ឌ​ប្រឆាំង​នឹង​ភេរវកម្ម។

គិត​មក​ទល់​នឹង​ខែ​សីហានេះ មាន​ទាហាន​អាមេរិក​ចំនួន​៤​នាក់​បាន​បាត់​បង់​ជីវិត ទល់​១១​នាក់​ស្លាប់​កាលពី​ឆ្នាំ​២០១៧។ ចំណែក​​ឆែកវិញ​បាន​រក​ខាត​បង់​ជីវិត​ទាហាន​ច្រើន​ជាង​គេ​ នៅឆ្នាំ​២០១៨នេះ ដោយ​រាប់ឃើញ​មាន​ស្លាប់​នៅ អាហ្វហ្កានីស្ថាន​ទៅ ១៣​នាក់។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ សកម្មភាព​​យោធារបស់​ពួក​តាលីបង់​ប្រឆាំង​នឹង​កងទ័ព​​​អាហ្វហ្កានីស្ថាន-អាមេរិក​​ហាក់​ឡើង​តាន​តឹង​ខ្លាំង​ មិនថា​នៅភាគ​ខាង​កើត​ប្រទេស​ ក្នុង​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយ​ប៉ាគីស្ថាន ឬ​ខាង​ភាគ​ពាយ័ព្យ​ប្រទេស​ ក្នុង​ខេត្ត​ជាប់​ព្រំប្រទល់​អ៊ីរ៉ង់​ទេ។ ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​ទៀត ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បង្កើន​សកម្មភាព​ភេរវកម្មប្រឆាំង​នឹង​ទីតាំង​​ជា​ច្រើន​នៅ​តាម​ក្រុង​ធំៗ ដូច​ជា​នៅកាប៊ូល ឬ​នៅ​ហ្សាឡាឡាបាត។ ជាក់ស្តែង​កាលពី​ថ្ងៃ​សុក្រ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ថា​ជា​អ្នក​ធ្វើ​ភេរវកម្ម​អត្តឃាត​ប្រឆាំងនឹង​វិហារអ៊ីស្លាម​នៅ​ភាគខាង​កើត​ប្រទេស​បង្ក​ឱ្យ​ស្លាប់​៣៥​នាក់​និង​របួស​ជាង​៩០នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ