អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្វហ្កានីស្ថាន

របាយការណ៍​អាមេរិក៖ កងទ័ព​អាហ្វហ្កានីស្ថាន​ជា​គ្រោះថ្នាក់ សម្រាប់​សន្តិសុខ​ជាតិ

នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ អាមេរិក​បាន​ព្រមាន​ពី​គ្រោះថ្នាក់​របស់​កងទ័ព​អាហ្វហ្កានីស្ថាន សម្រាប់​សន្តិសុខ​ប្រទេស នៅក្នុង​ករណី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​តាលីបង់។ កងទ័ព​មាន​តួនាទី​ការពារ ប្រទេស​ជាតិ ប៉ុន្តែ ហេតុអ្វី បាន​ជា​កងទ័ព​អាហ្វហ្កានីស្ថាន បែរ​ទៅជា​គ្រោះថ្នាក់​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ទៅវិញ? 

ទាហាន​អាហ្វហ្កានីស្ថាន​នៅកន្លែង​ដែល​រងការវាយប្រហារ​ភេរវកម្ម​នៅទីក្រុង​កាប៊ូល ខែ​មករា ២០១៩
ទាហាន​អាហ្វហ្កានីស្ថាន​នៅកន្លែង​ដែល​រងការវាយប្រហារ​ភេរវកម្ម​នៅទីក្រុង​កាប៊ូល ខែ​មករា ២០១៩ ©REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន មាន​ទាហាន​សរុប ៣​សែន​នាក់ ដែល​ភាគច្រើន​មាន​បំពាក់​អាវុធ​គ្រប់​ដៃ។ ប្រាក់ខែ របស់​ពួកគេ បាន​មក​ពី​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ ជាពិសេស​ពី​សហរដ្ឋអាមេរិក​ផ្ទាល់។ ដូច្នេះ បើសិន​ជំនួយ​ហិរញ្ញវត្ថុ ឈាន​ដល់​ទីបញ្ចប់ ក្នុង​ករណី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ ក្រុមឧទ្ទាម​តាលីបង់ នោះ​គឺ​ទាហាន​អាហ្វហ្កានីស្ថាន​ខ្លួនឯង ដែល​នឹង​ក្លាយ​គ្រោះថ្នាក់ គំរាមកំហែង​ដល់​សន្តិសុខជាតិ​របស់​អាហ្វហ្កានីស្ថាន​វិញម្តង។ នេះ​ជា​ការព្រមាន​របស់​មន្រ្តីអាមេរិក ដែល​ទទួល​បន្ទុក លើគម្រោងការ​ស្រោចស្រង់​ស្តារ​ឡើងវិញ​ប្រទេស​អាហ្វហ្កានីស្ថាន។

រដ្ឋបាល​លោកដូណាល់ ត្រាំ ដែលចង់​កាត់បន្ថយចំណាយ​ថវិកា​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន បាន​ចាប់ផ្តើម​ចរចា​ស្វែងរក​សន្តិភាព​ជាមួយតាលីបង់ តាំង​ពី​ពាក់​កណ្តាល​​ឆ្នាំមុន នៅ​ប្រទេស​កាតា។ នៅ​បទបង្ហាញ​របាយការណ៍​របស់លោក នៅទីក្រុង​វ៉ាស៊ីនតោន លោក​John Sopko បាន​សំដែង​ការគាំទ្រ​ដល់​ដំណើរការ​ចរចា​សន្តិភាព អាហ្វហ្កានីស្ថាន ជាមួយ ក្រុមតាលីបង់ ប៉ុន្តែ ជាមួយ​គ្នានោះ លោក​ក៏​ទាញ​សញ្ញា​អាសន្ន​ផងដែរ ពី​ក្តីអស់សង្ឃឹម របស់​រដ្ឋាភិបាល ហើយ​និង​កងទ័ព​អាហ្វហ្កានីស្ថាន នៅពេល​គ្មាន​ជំនួយ​ហិរញ្ញវត្ថុ​របស់​អាមេរិក។ គ្មានជំនួយ​បរទេស ដែល​ជាទី​ពំនឹង​រហូតមក កងទ័ព​ប្រដាប់អាវុធ​អាហ្វហ្កានីស្ថាន អាច​ក្លាយខ្លួន​ជា​គ្រោះថ្នាក់គំរាមកំហែង​ទៅវិញ សម្រាប់​សន្តិសុខ​អាហ្វហ្កានីស្ថាន។

សូមបញ្ជាក់ថា នៅក្នុង​សង្រ្គាម ១៧ឆ្នាំ នៅ​អាហ្វហ្កានីស្ថាន អាមេរិក បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ៧៨០​ពាន់លាន​ដុល្លារ ដែលនៅក្នុង​នោះ ១៥ភាគរយ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការកសាង អាហ្វហ្កានីស្ថាន​ឡើងវិញ។ នៅក្នុង​ទឹកប្រាក់​សម្រាប់​ស្តារ​ប្រទេស​ឡើងវិញ ទៀតសោត ៦៣​ភាគរយ ត្រូវ​ចាយ​ទៅលើ​ការបើកប្រាក់ខែ​របស់​កងទ័ព កងកម្លាំង​រក្សា​សន្តិសុខ ហើយ​និង​ជាពិសេស​ទៅលើ​ការបណ្តុះបណ្តាល​ប៉ូលិស និង​ទាហាន​អាហ្វហ្កានីស្ថាន ដែលត្រូវ​ធានា​រក្សា សន្តិសុខ នៅក្រោយ កងទ័ព​បរទេស​ដកចេញ​ទាំងស្រុង​ពី​អាហ្វហា្កនីស្ថាន។

មួយវិញ ទៀត ក្នុង​ករណី​គេរកឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន ទាហាន​តាលីបង់ ប្រមាណ ៦ម៉ឺននាក់ នឹង​ត្រូវ​ធ្វើ​សមាហរណកម្ម ឲ្យ​ត្រលប់​ទៅ​រស់នៅ​ក្នុងសង្គម​អាហ្វហ្កានីស្ថាន​ឡើងវិញ។ បើសិន​ក្រុមតាលីបង់​យល់​ថា ខ្លួន​មិនបាន​ទទួល​ប្រយោជន៍ សេដ្ឋកិច្ច​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អាមេរិកទេ នោះ ពួកគេ​អាច​នឹង​ត្រលប់​ទៅ​ប្រព្រឹត្ត​អំពើហិង្សា សាជាថ្មី បាន​យ៉ាងឆាប់បំផុត។ សម្រាប់​អធិការកិច្ចអាមេរិក ទទួលបន្ទុក​ស្តារ​កសាង​អាហ្វហ្កានីស្ថាន វា​សំខាន់ណាស់​ដែល​ប្រទេស​ម្ចាស់​ជំនួយ គិតគូរ​ល្អិតល្អន់​ពី អនាគត​របស់​អាហ្វហ្កានីស្ថាន ទោះបី​ជា​គេ​រកបាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ ពួក​ឧទ្ទាម​តាលីបង់​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ