អានតួអត្ថបទ
ព្រៃឈើ

របាយការណ៍៖ ព្រៃត្រូពិក​ទំហំ​ស្មើ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​បំផ្លាញ នៅ​ឆ្នាំ ២០១៨

នៅ​ឆ្នាំ ២០១៨ ពិភពលោក​បាន​បាត់បង់​ព្រៃត្រូពិក ប្រមាណ ១២​លាន​ហិចតា ឬ​ស្មើ​នឹង​ទំហំ​ផ្ទៃដី​ប្រទេស​អង់គ្លេស។ របាយការណ៍​របស់​វិទ្យាស្ថាន​តាមដាន​ព្រៃ​ក្នុង​ពិភពលោក ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​បង្ហាញដែរថា នៅក្នុង​ចំណោម​ព្រៃត្រូពិក​ដែល​បាត់បង់​កាលពី​ឆ្នាំ ២០១៨ មាន​ព្រៃ​ត្រូពិក ជាង​៣លាន​ហិចតា ដែល​ដើរតួនាទី​សំខាន់ សម្រាប់​អាកាសធាតុ ហើយ​និង​ជីវិត​របស់​ជីវចម្រុះ នៅលើ​ផែនដី។ 

ការកាប់រាន​ព្រៃឈើ ដើម្បី​យក​ដី​ដាំ​ដំណាំ​ដូងប្រេង នៅ​ប្រទេស​ឥណ្ឌូណេស៊ី
ការកាប់រាន​ព្រៃឈើ ដើម្បី​យក​ដី​ដាំ​ដំណាំ​ដូងប្រេង នៅ​ប្រទេស​ឥណ្ឌូណេស៊ី ©AFP PHOTO / ROMEO GACAD
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​វិទ្យាសា្ថន​តាមដាន​ព្រៃឈើ​សកល Global Forest Watch បាន​ចាត់ទុកឆ្នាំ ២០១៨ ជា​ឆ្នាំ​អាក្រក់​លើកទី៤ នេះ​បើ​គេ​មើល​តួលេខ ដ៏គួរ​ឲ្យភ្ញាក់ផ្អើល​នៃ​ទំហំព្រៃត្រូពិក​ដែល​ត្រូវ​បំផ្លាញ នៅ​ឆ្នាំ ២០១៨។ តាម​វិទ្យាស្ថាន​តាមដាន​ព្រៃឈើ ដែល​មាន​ទីតាំង នៅ​សកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក ជារៀងរាល់ថ្ងៃ ព្រៃត្រូពិក ដែល​មាន​ទំហំ​ស្មើ​នឹង​តារាង​បាល់ទាត់ ចំនួន ៣០ ត្រូវ​បាន​បំផ្លាញ នៅ​រៀងរាល់​មួយនាទី ឬ​អាច​ថា ក្នុង​មួយឆ្នាំ​២០១៨ ព្រៃត្រូពិក ប្រមាណ ១២​លាន​ហិចតា បាន​រលាយ​បាត់មុខ​ពីលើ​ផែនដី។

តាម​ប្រធាន​ក្រុមអ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថានព្រៃឈើ​សកល ទិន្នន័យ​ផ្កាយរណប ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ ២០០១ បាន​បង្ហាញ ថា ព្រៃត្រូពិក​ដែល​ត្រូវគេ​កាប់ដុត​បំផ្លាញ កាលពី​ឆ្នាំ ២០១៨ មាន​សំបូរ​ទៅ​ដោយ​ដើមឈើ ដែល​មាន​ចំណាស់ រាប់រយ ឬ​រាប់ពាន់​ឆ្នាំ។

ក្រៅតែ​ពី​បាតុភូត​ធម្មជាតិ El Nino ដែល​បាន​បំផ្លាញ​ព្រៃត្រូពិក​យ៉ាងធ្ងន់ធ្ងរ​កាលពី​ឆ្នាំ ២០១៦ ការបាត់បង់​ព្រៃឈើ ត្រូពិក​នៅ​ឆ្នាំ ២០១៨ កើតឡើង​ភាគច្រើន ដោយសារ​ស្នាដៃ​បំផ្លាញ​របស់​មនុស្ស។ មនុស្ស​កាប់ដុតព្រៃត្រូពិក ដើម្បី ការពង្រីក​ឧស្សាហកម្ម​ចិញ្ចឹមសត្វ ពង្រីក​ដី​កសិកម្ម ដើម្បី ដាំដូងប្រេង ដូចជា​នៅអាស៊ី ឬ​នៅ​អាហ្វ្រិក និង​ដីកសិកម្ម​ដាំ​សណ្តែក និង​ដំណាំសម្រាប់​យក​ប្រេង នៅ​តំបន់​អាមេរិក​ភាគខាងត្បូង។

ព្រៃត្រូពិក​មាន​សារៈសំខាន់ សម្រាប់​ទាំង​អាកាសធាតុ ហើយ​និង​ជីវចម្រុះ ជីវិត​សត្វព្រៃ។ កាប់ដុតបំផ្លាញ​ព្រៃត្រូពិក មិនត្រឹម​តែ​បញ្ចេញ ឧស្ម័ន កាបូនិក​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​បំផ្លាញ​ផងដែរ អេប៉ុង ដែល​មាន​តួនាទី សំខាន់​ក្នុង​ការស្រូប​យក​ឧស្ម័នកាបូនិក។

អ្នកជំនាញ​បាន​វាយតម្លៃថា ព្រៃឈើ នៅ​លើ​ផែនដី ស្រូប​យក​៣០​ភាគរយ​នៃ​ឧស្ម័ន កាបូនិក ដែល​មនុស្ស​ជាអ្នកបង្ក​ឡើង ពោល គឺ ប្រមាណ ១១​ពាន់​លាន​តោន នៅ​ក្នុង​មួយឆ្នាំៗ។ ចំណែក​ទឹកសមុទ្រ វិញ ស្រូប​ស្តុកទុក ឧស្ម័នកាបូនិក​បាន​តែ​២៣​ភាគរយប៉ុណ្ណោះ។

ប្រេស៊ីល ដែល​គ្របដណ្តប់​ដោយ​ព្រៃត្រូពិកសំខាន់ ជាពិសេស​តំបន់​អាម៉ាហ្សូន ស្ថិតនៅ​ចំណាត់ថ្នាក់​ទី១ ខាង​បាត់បង់​ព្រៃត្រូពិក បន្ទាប់​មក គឺ ឥណ្ឌូណេស៊ី សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ កូឡុំប៊ី និង​បូលីវី។ តាម​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​តាមដាន​ព្រៃ​ក្នុង​ពិភពលោក នៅពេល​ស្ថានភាព ការបាត់បង់​ព្រៃត្រូពិក ហាក់​ថយចុះ នៅ​ឥណ្ឌូណេស៊ី ដោយមកពី​មាន​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល ហើយ​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្លើងឆេះព្រៃ ស្ថានភាព បំផ្លាញ ព្រៃឈើ នៅ​តែ​ធ្លាក់​ធ្ងន់ធ្ងរ នៅ ប្រេស៊ីល ជាទី ដែល​ប្រធានាធិបតី​ថ្មី លោក Bolsonaro បាន​សន្យា​លុបបំបាត់​ចោល​ច្បាប់​ហាមឃាត់​កាប់ព្រៃឈើ​មួយចំនួន ដើម្បី​ជំរុញ ការធ្វើ​អាជីវកម្ម ទៅលើ​តំបន់ព្រៃ ដូចជា​បើកផ្លូវ​ឲ្យ​មាន​ជំនួញ កសិដ្ឋាន ហើយ​និង​ជីកយករ៉ែ នៅក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន​ជាដើម៕

សូមអាន៖ ឥណ្ឌូណេស៊ី​ ផ្អាក​បណ្តោះអាសន្ន មិន​ឲ្យមាន​ចំការដូងប្រេង​ថ្មី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ