អានតួអត្ថបទ

Airbus រង​ការវាយ​ប្រហារ​អ៊ីនធ័រនែត​មួយខ្សែ​មកពី​ចិន តែ​ប៉េកាំង​បដិសេធ

ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus រង​ការ​ប្រហារ​ព័ត៌មាន​វិទ្យា​មួយ​ខ្សែ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ជា​ការ​វាយប្រហារ​តាម​រយៈ​ក្រុមហ៊ុនម៉ៅការ​បន្ត។ ភ្នាក់ងារ​​សន្តិសុខ​ជាច្រើន ​សង្ស័យ​ថា​ការ​វាយប្រហារ​អ៊ីនធ័រនែត​នេះ​ជា​ប្រតិបត្តិការ​ចារកិច្ច​ឧស្សាហកម្ម​ដែល​បញ្ជា​មក​ពី​ប្រទេស​ចិន​។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន ច្រាន​ចោល​យ៉ាង​ស្រុង។

Airbus រងការ​វាយប្រហារ​អ៊ីនធ័រនែត​ធ្ងន់ធ្ងរ​បួន​ករណី​ក្នុង​រយៈ​មួយ​ឆ្នាំ​នេះ
Airbus រងការ​វាយប្រហារ​អ៊ីនធ័រនែត​ធ្ងន់ធ្ងរ​បួន​ករណី​ក្នុង​រយៈ​មួយ​ឆ្នាំ​នេះ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

​ក្នុង​រយៈ​ពេល​១២​ខែ​​ចុងក្រោយ​នេះ ក្រុមហ៊ុនAirbus ​រង​​ការវាយប្រហារ​អ៊ីនធ័រនែត​ទ្រង់ទ្រាយធំ​ ចំនួន​បួន​ករណី ! ​សញ្ញា​វាយលុក​លើ​​សាខាអង់គ្លេស និង​នៅ​សាខា​​ជំនាញ​ខាង​​ផលិត​ម៉ាស៊ីន Rolls Royce អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​យល់​ពី​​ការ​វាយប្រហារ​ពី​រ​មុន​លើ​សាខា​ផ្សេងទៀត​របស់​ក្រុម​ហ៊ុន​ ​ ដូច​ការ​វាយប្រហារ​លើ​សាខា​បារាំងផ្នែក​បច្ចេកវិទ្យា​Expleo កាលពី​​ចុងឆ្នាំ​២០១៨​មក និង​ក្រុមហ៊ុន​ម៉ៅការ​បន្តពីរ​នៅ​បារាំង ដែល​ភ្នាក់ងារ​ព័ត៌មាន​បារាំង​មិន​ដឹង​ឈ្មោះ។

ក្រុមចោរ​បានប្រើ​វិធី​សាស្ត្រ បែប​ចាស់​គំរិល​មួយ ​តែ​ប្រកប​ដោយ​មធ្យោបាយ​ទំនើប​​ខ្លាំង​បំផុត​ ដៅ​ការ​​វាយប្រហារ​លើបណ្តាញ​​ឯកជន​ VPN (Virtual Private Network) របស់​ក្រុមហ៊ុន​ដែល​ម៉ៅការ​បន្ត ដើម្បី​ជា​ឈ្នាន់​សម្រាប់​ចូល​ទៅ​ក្រុមហ៊ុន​មេ។ តាម​ក្បួន បើ​គេ​អាចជ្រៀត​​ចូល​ដល់​បណ្តាញ​ឯកជនVPN​ ដែល​មាន​លេខ​កូដ​សម្រាប់​ឱ្យ​​សាខានីមួយៗ​ទាក់ទង​គ្នា​​ប្រកប​ដោយ​សុវត្ថិភាព​ហើយ នោះ​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ពិត​ជា​អាច​​ចូល​បាន​គ្រប់​ផ្នែក​នៃ​ប្រព័ន្ធ​របស់​ក្រុមហ៊ុនមេ​ទាំង​មូល។

សម្រាប់​​ភ្នាក់ងារ​សុវត្ថិភាព​ព័ត៌មាន​វិទ្យា​បារាំង​ នេះ​ជា​​ប្រតិបត្តិការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​ ដែល​មាន​មូលហេតុ​និង​វិធីសាស្ត្រ​ប្លែកៗ​ពី​គ្នា។​ បន្ទាប់​ពី​ការ​សិក្សា​និង​អង្កេត​ជា​ច្រើន​មក គេ​អាច​សន្និដ្ឋាន​និង​កំណត់បាន​​អំពី​កម្មវត្ថុ​នៃ​ការ​វាយប្រហារ​ថា​ជា​​ចារកិច្ច​ឧស្សាហកម្ម។ ​ភាព​សង្ស័យ​ ​ផ្តោត​ខ្លាំង​ទៅ​លើ​ក្រុមចោរ​អ៊ីនធ័រនែត​នៅ​ចិន ៖ ប្រភពជា​ច្រើន​​បាន​បង្ហើបថា​ជា​​ក្រុមចោរ​អ៊ីនធ័រនែតរបស់ភ្នាក់ងារ​ចារកិច្ច​ចិន​ សម្គាល់​ដោយ​លេខសម្ងាត់ APT10 ​ ប្រភព​មួយ​ទៀត​ថា​ជាក្រុម​ចោរ​ជំនាញ​ក្នុង​វិស័យ​អាកាសចរណ៍​ របស់​ក្រសួង​សន្តិសុខចិន។​ ​ប៉ុន្តែ​គេ​បដិសេធ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់ជា​ផ្លូវការ​និង​​ចំៗ​លើ​ភាគី​ណា​ទេ។

ខាង​ចិន​វិញ គ្រាន់​តែ​បាន​ឃើញ​​ដំណឹង​ស្តី​ពី​ការ​វាយប្រហារ​​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ភ្លាម ក្រសួង​ការបរទេស​ចិន បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​បដិសេធ​ និង​ប្រកាស​ថ្កោល​ទោស​​រាល់​គ្រប់​ទម្រង់​នៃ​ការ​វាយប្រហារ​ព័ត៌មាន​វិទ្យា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ