អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

តាលីបង់​កំពុង​បោក​បាច​​ព្យុះ​ភេរវកម្ម​នៅ​អាហ្វហ្កានីស្ថាន ពេល​សម្ព័ន្ធ​មិត្ត​ជិត​ចប់​បេសកកម្ម

នៅ​ថ្ងៃសៅរ៍​ទី ១៣​ធ្នូ​ ២០១៤​នេះ អាហ្វហា្កនីស្ថាន​បាន​ស្គាល់​រលក​ភេរវកម្ម​បី​ផ្ទួនៗ​គ្នា ពីរ​នៅ​ក្រុង​កាប៊ូល និង​មួយ​ទៀត​នៅភាគ​ខាង​ត្បូង​ប្រទេស។ ​ មាន​ស្លាប់​យ៉ាង​ហោចណាស់ ១៣​នាក់ ក្នុង​ភេរវកម្ម​ពីរ​ដំបូង និង​យ៉ាងហោចទាហាន​​៦​នាក់ ក្នុង​ភេរវកម្មអត្តឃាត​​ប្រឆាំង​រថយន្ត​​​ដឹកជញ្ជូន​​ទាហាន​ជាតិ។ នេះ​បើ​តាម​តុល្យការ​បណ្តោះ​អាសន្ន​បឋម។ ពួក​តាលីបង់ ហាក់​បាន​បង្កើន​ប្រតិបត្តិការ​ថ្មីៗ​វាយ​ប្រហារ​​ភេរវកម្ម​កាន់​តែ​ច្រើន​ឡើង​​មក​លើ​អាហ្វហ្កានីស្ថាន ខណៈ​ដែល​​កង​ទ័ព​សម្ព័ន្ធ​មិត្ត​នឹង​ត្រូវ​បិទ​បញ្ចប់​បេសកម្ម​ប្រយុទ្ធ​ក្នុង​ក្របខ័ណ្ឌ​អូតង់ នៅ​ចុង​ឆ្នាំ។

រថយន្ត​យោធា​អាហ្វហ្កានីស្ថាន​រង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​ក្បែរ​ទីក្រុង​កាប៊ូល ថ្ងៃទី ១៣ ធ្នូ ២០១៤
រថយន្ត​យោធា​អាហ្វហ្កានីស្ថាន​រង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​ក្បែរ​ទីក្រុង​កាប៊ូល ថ្ងៃទី ១៣ ធ្នូ ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

 

តាលីបង់​បាន​ប្រកាស​ទទួលស្គាល់​ភា្លម​ថា​ជា​អ្នក​បង្ក​ភេរវកម្ម​នៅក្នុង​ថ្ងៃ​សៅរ៍​នេះ។ ភេរវកម្ម​ទី​មួយ នៅ​ពេល​ព្រឹក ជា​ការ​វាយប្រហារ​ធ្វើ​ឃាត​មន្ត្រី​ជាន់​ខ្ពស់​នៃតុលាការ​កំពូល​​ ពេល​លោក​ចាក​ចេញ​ពី​ផ្ទះ​សំដៅ​ការិយាល័យ​ធ្វើ​ការ។​ ភេរវកម្ម​ទីពីរបាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ Helmand ភាគ​ខាង​ត្បូង​ ប្រឆាំង​នឹង​ក្រុម​ដោះមីន បណ្តាល​ឱ្យ​ស្លាប់​បុគ្គលិក​ដោះមីន​យ៉ាង​ហោច​១២​នាក់ និង​ការ​បាញ់​​ប្រយុទ្ធទល់​មុខ​គ្នា​រវាង​ទាហាន​អាហ្វហ្កានីស្ថាន និង​កង​ប្រដាប់​អាវុធ​តាលីបង់។ នៅ​ពេល​ល្ងាច រថយន្ត​ក្រុង​របស់​កងទ័ព​​​អាហ្វហ្កានីស្ថាន​បាន​ក្លាយ​ជា​ចំណុច​ស៊ីប​នៃ​ការ​វាយ​ប្រហារ​អត្តឃាត​​របស់​ពួក​តាលីបង់។ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អាហ្វហ្កានីស្ថាន បដិសេធ​មិន​ផ្តល់​តុល្យការ​នៃ​ចំនួន​ជន​គ្រោះ​ភ្លាម​ទេ។

ការ​វាយប្រហារ​ភេរវកម្ម​តាលីបង់​ ហាក់​មាន​សន្ធឹកកាន់​តែ​ខ្លាំង​ឡើង ​ខណៈ​ដែល​​បេសកកម្ម​​ប្រយុទ្ធ​របស់​កង​ទ័ព​សម្ព័ន្ធ​មិត្តអូតង់​ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​ត្រូវ​បិទ​បញ្ចប់​​នៅ​រវាង​​​ពីរ​សប្តាហ៍​ទៀតខាង​មុខ​នេះ​​ ​ និង​​ក្រោយ​ពេល​ព្រឹទ្ធសភា​អាមេរិក​បើក​កកាយ​​អំពើ​ការ​ប្រព្រឹត្ត​អំពើធ្វើ​ទារុណកម្ម​​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​សេអ៊ីអា ទៅ​លើ​ជន​សង្ស័យ​ទាក់ទង​នឹង​ការ​ធ្វើ​ភេរវកម្ម​ថ្ងៃទី ១១​កញ្ញា ២០០១។ កាលពី​សប្តាហ៍​មុន អាហ្វហ្កានីស្ថាន​បាន​ស្គាល់​ភេរវកម្ម​បង្ហូរ​ឈាម​ជា​ច្រើនកន្លែង​​ ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ ក្នុង​នោះ​មាន​មួយ​ផ្ទុះ​ឡើង​នៅ​កណ្តាលក្រុង​កាប៊ូល ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ប្រឆាំង​នឹង​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ ដោយ​អត្តឃាតជន​វ័យ​ជំទង់អាយុ​ប្រមាណ​ពី​១៥​ទៅ​១៧​ឆ្នាំ។

កង​កម្លាំង​សម្ព័ន្ធមិត្ត​អូតង់ ១៣០០០០​នាក់ដែល​ប្រចាំការ​នៅ​សមរភូមិ​អាហ្វហ្កានីស្ថាន​តាំង​ពី​ឆ្នាំ​២០១០​មក នឹង​ត្រូវ​​ចាក​ចេញអស់​​ពី​ប្រទេស​នេះ​ នៅចុង​ខែ​ធ្នូ​២០១៤។ ចាប់​ពី​ថ្ងៃ​ទី ១​មករា ២០១៥​ទៅ បេសកកម្ម​ប្រយុទ្ធ​ត្រូវ​ចប់​ អូតង់​មាន​ភារៈ​បន្ត​​ផ្នែក​​​ជំនួយការ​ បំពាក់បំប៉ន​​ទាហាន​ និង​ប៉ូលិស​​​ ជា​ហេតុ​ធ្វើ​ឱ្យ​សមរភូមិ​ជួរ​មុខ​ហាក់​ទន់​ខ្សោយ​។ ពួកតាលីបង់​ដៅការ​វាយប្រហារ​​លើ​យោធា​ដើម្បី​បំបាក់​ទឹកចិត្ត​ទាហាន​​ប្រចាំ​តំបន់។

ក្នុង​ក្តី​សង្ឃឹម​ស្វែង​រក​ស្ថិរភាព​ឱ្យ​អាហ្វហ្កានីស្ថាន​ ពេល​អូតង់​ដល់​កម្លាំង​ប្រយុទ្ធ​អស់​ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ថ្មី បាន​អំពាវនាវ​សុំ​ចរចា​ជាមួយ​ពួក​តាលីបង់​។ តែ​មក​ទល់​ម៉ោង​នេះ តាលីបង់​បាន​បដិសេធ​មិន​ត្រូវ​ការ​និយាយ​ផ្ទាល់​ជាមួយ​កាប៊ូល​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ