អានតួអត្ថបទ
គ្រោះធម្មជាតិ

វ៉ានូអាទូ​ត្រូវ​ប្រកាស​ដាក់​ក្នុង​ស្ថានភាព​អាសន្ន ក្រោយ​រង​ខ្យល់ព្យុះ ប៉ាម

ក្រោយ​រង​បំផ្លាញ​ដោយ​ខ្យល់ព្យុះ សង្ឃរា ប៉ាម រដ្ឋាភិបាល​របស់​ប្រជុំកោះ​វ៉ានូអាទូ បាន​ប្រកាស នៅថ្ងៃ​អាទិត្យទី ១៥ ​មីនា ដាក់​ប្រទេស​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។ អង្គការ​អន្តរជាតិ​ជាច្រើន​បាន​ឡើង​ពី​គ្រោះមហន្តរាយ​ធម្មជាតិ ជា​ប្រវត្តិសាស្រ្ត ដែល​គេ​មិន​ធ្លាប់​ជួបប្រទះ នៅ ប៉ែកខាងត្បូង មហាសមុទ្រ ប៉ាស៊ីហ្វិក។ នៅថ្ងៃ​អាទិត្យ​នេះដែរ ជំនួយ​មនុស្សធម៌​របស់​បរទេស​បាន​ចូល​ជា​បន្តបន្ទាប់ ទៅដល់ ប្រជុំ​កោះ វ៉ានូអាទូ។ 

ខ្យល់ព្យុះ​ប៉ាម វាយ​បក់​ទៅលើ​ប្រជុំ​កោះ វ៉ានូអាទូ
ខ្យល់ព្យុះ​ប៉ាម វាយ​បក់​ទៅលើ​ប្រជុំ​កោះ វ៉ានូអាទូ REUTERS/UNICEF Pacific/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ប្រជុំ​កោះ វ៉ានូអាទូ ត្រូវ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន បន្ទាប់​ពី​រង​វាយ​បោកបក់ ដោយ​ខ្យល់ព្យុះ​សង្ឃរា ប៉ាម កាលពី​យប់​ថ្ងៃសុក្រ។ ខ្យល់ព្យុះ ប៉ាម កម្រិត​ទី ៥ ដែល​រត់​ក្នុង​ល្បឿន ជាង ៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​បក់ រំលើង ខ្ទេចខ្ទីរ ផ្ទះសម្បែង​របស់​ប្រជាជន។ ការិយាល័យ​ជាតិ​ស្តីពី​គ្រោះមហន្តរាយ​របស់​វ៉ានូអាទូ បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់ ៦​នាក់​នៅ​ទីក្រុង​Port Vila ក្នុង​ពេល​ដែលមន្រ្តី​របស់​​អង្គការ​សហប្រជាជាតិ​បាន​រាប់ឃើញ​មាន​មនុស្ស​ស្លាប់ និង​បាត់ខ្លួន ជាង​៤០​នាក់។ តាម​អង្គការ​Oxfam វិញ ផ្ទះសម្បែង ប្រមាណ ៩០ភាគរយ នៅ​ទីក្រុង​Port Vila ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង។

 
កាលពី​ថ្ងៃ​សៅរ៍ នៅ​ចំពោះ​មុខ​អ្នកតំណាង​ប្រទេស​ទាំង​១៩០​របស់​អង្គការ​សហប្រជាជាតិ ដែល​ចូលរួម​នៅក្នុង​សន្និសីទ អន្តរជាតិ របស់​អង្គការ​សហប្រជាជាតិ ដើម្បី​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន ប្រធានាធិបតី របស់​វ៉ានូអាទូ​បាន​ឆ្លៀត​អំពាវនាវ​សុំ​ជំនួយ​ជា​បន្ទាន់​សម្រាប់​វ៉ានូអាទូ។ វ៉ានូអាទូ ដែល​ប្រជុំ​ដោយ​កោះ តូចៗ​ចំនួន ៨០ និង​មាន​ប្រជាជន​រស់នៅ ប្រមាណ​២៧០ ០០០នាក់ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រទេស​ដែល​ក្រីក្រ ជាងគេ​នៅក្នុង​ពិភពលោក។

នៅថ្ងៃ​ម្សិលមិញ ប្រទេស​អង់គ្លេស​បាន​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ ២លាន ៨សែន​អឺរ៉ូ សម្រាប់​បន្ថែម​ពី​លើ​ជំនួយ​១​លាន​អឺរ៉ូ ​របស់​សហភាព​អឺរ៉ុប។ អូស្ត្រាលី​ដែល​ប្រកាស​ផ្តល់​ជំនួយ ៣លាន ៦សែន​អឺរ៉ូ បាន​ចូលរួម​ជាមួយ​នូវែលហ្សេឡង់ បញ្ជូន​យន្តហោះ​ដឹក ស្បៀង​ទៅកាន់​ទីក្រុង​Port Vila​របស់​ប្រទេស​វ៉ានូអាទូ។ ចំណែក​យន្តហោះ​របស់​បារាំង​បាន​ចេញ​ដំណើរ​ពី​កាឡេដូនី​ថ្មី ដើម្បី​ធានា​ផ្នែក​​ជួយ​សង្រ្គោះ​ប្រជាជន។

ចេញ​ពី​វ៉ានូអាទូ ខ្យល់​ព្យុះ ប៉ាម កាលពីថ្ងៃ​សៅរ៍ បាន​បង្ក​គ្រោះមហន្តរាយ​មួយ​ ទៅលើ​ប្រជុំ​មួយ​ទៀត នៅ​ប៉ាស៊ីហ្វិក ឈ្មោះ ទូវ៉ាលូ ដែល​មាន​ប្រជាជន​រស់នៅ​តិចជាង ១ម៉ឺននាក់។ តាម​នាយករដ្ឋមន្រ្តី​របស់​ប្រទេស​នេះ​ដែល​បាន​និយាយ​ប្រាប់​វិទ្យុ​នូវែលហ្សេឡង់ ពាក់កណ្តាល​នៃ​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តា​កោះតូចៗ កំពុង​រងគ្រោះ ដោយសារ​ខ្យល់​កំណាច ប៉ាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ