អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អាស៊ី អាហ្រ្វិក​ត្រៀម​រំលឹកខួប ៦០​ឆ្នាំ នៃ​ចលនាមិន​ចូល​បក្ស​សម្ព័ន្ធ​ក្រុងបានឌុង

ជំនួបកំពូល​អាស៊ាន អាហ្វ្រិក​បើកធ្វើ នៅថ្ងៃ​ពុធទី ២២​មេសា នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ចំនួន​២១​មក​ពី ទ្វីបអាស៊ី និង​អាហ្វ្រិក​បាន​ចូលរួម​នៅក្នុង​ជំនួប​កំពូល​ដែល​មាន​រយៈពេល ២​ថ្ងៃ មុន​នឹង​ប្រារព្ធ​ខួប ៦០ ឆ្នាំ នៃ​ចលនា​អព្យាក្រឹត្យ មិន​ចូល​បក្ស​សម្ព័ន្ធ នៅថ្ងៃ​សុក្រ ទី ២៤​មេសា។ កាល​ពី​៦០​ឆ្នាំមុន គឺនៅក្នុង​សន្និសីទ ក្រុង​បានឌុង ខែ​មេសា ឆ្នាំ ១៩៥៥ ដែល​ក្រុមប្រទេស​អាស៊ី និង​អាហ្វ្រិក​ចំនួន ២៩ បាន​ប្រកាស​បង្កើត​ចលនា​អព្យាក្រឹត្យ មិន​ចូល​បក្ស​សម្ព័ន្ធ នៅក្នុង​ខណៈ​ដែល​សង្រ្គាម​ត្រជាក់​បាន​ផ្ទុះឡើង រវាង​អាមេរិក និង​សហភាព​សូវៀត។ 

ប្រមុខដឹកនាំ​បណ្តា​ប្រទេស​អាស៊ី និង​អាហ្វ្រុិក​ថតរូប​រួមគ្នា​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី អាហ្វ្រិក​នៅទីក្រុង​ហ្សាការតា ថ្ងៃ​ទី ២២ មេសា ២០១៥
ប្រមុខដឹកនាំ​បណ្តា​ប្រទេស​អាស៊ី និង​អាហ្វ្រុិក​ថតរូប​រួមគ្នា​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី អាហ្វ្រិក​នៅទីក្រុង​ហ្សាការតា ថ្ងៃ​ទី ២២ មេសា ២០១៥ ©REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អាស៊ី​អាហ្រ្វិក​លើកទី​១ ត្រូវ​បាន​រៀបចំ​ធ្វើ នៅ​ខែ​មេសា ឆ្នាំ ១៩៥៥ នៅ ទីក្រុង​បានឌុង ក្នុង​កោះចាវ៉ា ទៅតាម​ការផ្តួចផ្តើម​គំនិត​របស់​ប្រទេស​ឥណ្ឌូណេស៊ី ភូមា ស្រីលង្កា​និង​ប៉ាគីស្ថាន។ សន្និសីទ ដែល​កាលណោះ រៀបចំ​ផ្តួចផ្តើម​គំនិត ឡើង​ដោយ​ក្រុមប្រទេស​ដែល​ទើប​ទទួល​ឯករាជ្យ ចេញ​ពីក្រោម​ការត្រួតត្រា​របស់​អាណានិគមនិយម​បរទេស។ ទិសដៅ គឺ​ជំរុញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​ប្រទេស​នៅ​អាស៊ី និង​នៅ​អាហ្វ្រិក ហើយ​ជាពិសេស គឺ​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការត្រួតត្រា​របស់​ក្រុមប្រទេស​អាណានិគម។ សន្និសីទ​បានឌុង​បាន​ជួយ​ឲ្យ​ប្រទេស​នៅ អាស៊ី និង​អាហ្រ្វិក​ជាច្រើន ដូចជា អាល់ហ្សេរី​ជាដើម បាន រំដោះខ្លួន​ពី​ក្រោម​នឹម​អាណានិគមនិយម​បរទេស។

 
ស្ថិតនៅ នៅក្នុង​បរិបទ​ដែល​សង្រ្គាម​ត្រជាក់​កំពុង​ផ្ទុះ​ឡើង រវាង​អាមេរិក និង​សហភាព​សូវៀត សន្និសីទ​អាស៊ី និង​អាហ្រ្វិក នៅ បានឌុង​ត្រូវ​បាន​កត់សំគាល់ ដោយ​ការប្រកាស​បង្កើត​ចលនា​មួយ​ដែល​គេ​ហៅថា ចលនា​អព្យាក្រឹត្យ មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​នៅក្នុង​នោះ​ក៏មាន​កម្ពុជា របស់​សម្តេច​នរោត្តម​សីហនុ​ចូលជា​សមាជិក​ផងដែរ។ គោលដៅ​គឺ ដាក់​ប្រទេស​ឲ្យ​នៅ​កណ្តាល មិន​ចូល​កាន់​ជើង ភាគី​ណាទំាងអស់ មិនថា ក្រុម​ប្រទេស​សេរី របស់​អាមេរិក ឬ​ប្លុក​កុម្មុយនិស្ត​របស់​សហភាព​សូវៀត។ ក្រៅ​ពីនោះ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​បាន​ជួយ​ផងដែរ​ឲ្យ​ប្រទេស​អាស៊ី និង​នៅ​អាហ្វ្រិក​ជាច្រើន​ឲ្យ​ទាមទារ​ឯករាជ្យ​រួចផុត​ពី​ដែន​អាណានិគមអឺរ៉ុប។

ចលនា​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ថយចុះ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ក្រោយ​ចប់​សង្រ្គាម​ត្រជាក់។ ប៉ុន្តែ ប្រទេស​សមាជិក​របស់​ចលនា​នេះ នៅ​តែ​បន្ត​ជួបជុំ​គ្នា ជារៀងរាល់​ឆ្នាំ នៅក្នុង​សន្និសីទ​អាស៊ី អាហ្រ្វិក។ ក្នុង​អតីតកាល ប្រទេស​នៅ​អាស៊ី និង​អាហ្រ្វិក​សហការ​ដើម្បី​ជួយគ្នា​ឲ្យ​ងើប រួចផុត​ពី​នឹម​អាណានិគមនិយម​បរទេស​មក​ទ្វីបអឺរ៉ុប ប៉ុន្តែ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ទ្វីបទាំងពីរ​មិនដែល​ត្រូវ​គេ​ភ្លេច​ម្តងណាទេ។ ពីមុន ប្រទេស​សមាជិក​របស់​ចលនា​ក្រុមប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ មាន​ធនធាន​តំណាង​ឲ្យ​តែ​១​ភាគ ៤​នៃ​ធនធាន​សេដ្ឋកិច្ច​សរុប​ក្នុង​ពិភពលោក។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ សេដ្ឋកិច្ចរបស់​អាស៊ី និង​អាហ្វ្រិក តំណាង​ឲ្យ​ពាក់កណ្តាល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាហ្វ្រិក និង​អាស៊ី បាន​កើនឡើង ដល់ ២២ភាគរយ ក្នុង​ពេល​ដែល​ការដោះដូរ​របស់​អឺរ៉ុបជាមួយ អាហ្វ្រិក​មានតែ​១៥ភាគរយ​ប៉ុណ្ណោះ។ ចិន បាន​នាំមុខ ម៉ាឡេស៊ី និង​ឥណ្ឌា ដែល​បាន​ទៅ​ឈរ​តាំងទី បោះទុន​វិនិយោគ​ច្រើន មហាសាល​នៅ​ទ្វីបអាហ្រ្វិក។ ពីទ្វីប​អាហ្រ្វិក ចិន​បាន​នាំចេញ មួយភាគ បួន នៃ​រ៉ែ និង​ប្រេង​ពី​អាហ្រ្វិក ដើម្បី ជំរុញ ឧស្សាហកម្ម​ក្នុង​ប្រទេស​របស់ខ្លួន។

នៅថ្ងៃនេះ នៅ​ថ្ងៃ​បើក​ជំនួប​កំពូល ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ហ្សូកូ វីដូដូ បាន​អំពាវនាវ​ឲ្យ​មាន​ការរៀបចំ ប្រព័ន្ធ​គ្រប់គ្រង​ពិភពលោក​បែបថ្មី ពោល គឺ ក្រុម​ប្រទេស​អ្នកមាន​ត្រូវ​បើកផ្លូវ​ឲ្យ​ក្រុមប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់ថ្មី បាន​ចូលរួម​នៅក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ពិភពលោក​ផង។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​បន្ថែមថា គំនិត​ដែល​ថា មាន​តែ​ធនាគារ​ពិភពលោក និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ឬ​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​ជា​ស្ថាប័ន​របស់​អាមេរិក និង​អឺរ៉ុប ដែល​អាច​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ច​ពិភពលោក គឺគំនិត​ដែល​”ហួសសម័យ”។

អស់មាន​អាណានិគម​ត្រួតត្រា ប៉ុន្តែ ការប្រកួតប្រជែង​កើតចេញ​ពី​ក្នុង​រង្វង់​សមាជិក​គ្នាឯង
អ្នកវិភាគ​ជាច្រើន មើលឃើញថា នៅ​៦០​ឆ្នាំ​ក្រោយ ជំនួបកំពូល​អាស៊ី និង​អាហ្រ្វិក​នឹង ក្លាយ​ជា​ទីតាំង ប្រកួតប្រជែង ដណ្តើម​អំណាច​រៀងៗ​ខ្លួន​របស់​ប្រទេស​សមាជិក។ នៅក្នុង​ប្រទេស​សមាជិក​ក្រុមប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ មាន​ចិន ឥណ្ឌា ជប៉ុន និង​ប្រទេស​សមាជិក​អាស៊ាន។ នៅក្នុង​រឿង​ជម្លោះ​ដែន​សមុទ្រ ដូចជា​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត ចិន​កំពុង​ទាមទារ​ជា​ម្ចាស់​តែ​ម្នាក់ឯង រហូត​ត្រូវ​ប្រឈម​ឈ្លោះ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​ជប៉ុន។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ការប្រជែង​គ្នា រវាង​ចិន និង​ឥណ្ឌា ដើម្បី​ដណ្តើម​ឥទ្ធិពល គ្របដណ្តប់​អាស៊ី ផង។

ជាមួយ​នឹង​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ចិន​ចង់​អូសទាញ​ក្រុមប្រទេស​អាស៊ី និង​អាហ្រ្វិក​ផ្សេងទៀត ឲ្យ​មក​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់ខ្លួន។ ប៉ុន្តែ ជាមួយ​គ្នានេះ ជំនួបកំពូល​អាស៊ី និង​អាហ្វ្រិក​ក៏​អាច​ក្លាយ​ជា​កន្លែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ចិន និង​ជប៉ុនដែរ។ នៅព្រឹកមិញនេះ នៅក្នុង​សុន្ទរកថា បើក​ជំនួបកំពូល ដែល​មាន​លោក​ប្រធានាធិបតី​ចិន ចូលរួម​ផងដែរនោះ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ បាន​ថ្លែង​ពីការសោកស្តាយ​របស់លោក ដែល​ជប៉ុន​បាន​ចូល​ឈ្លានពាន​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សង្រ្គាម​លោកលើក​ទីពីរ។ ភាពតានតឹង​ចិន ជប៉ុន​នឹង​អាច​ថយ​មួយកម្រិត​ព្រោះបើតាម មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​ នាយករដ្ឋមន្រ្តី​ជប៉ុន​នឹងជួប​លោកប្រធានាធិបតី​ចិន នៅក្រៅ ក្របខ័ណ្ឌ ជំនួបកំពូល​នៅថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ