អានតួអត្ថបទ
អូស្រ្តាលី

អូស្រ្តាលី៖លោកថូនី អាបូត​ខ្ទាត​ពី​កៅអី​នាយក​រដ្ឋមន្រ្តី​ដោយ​រដ្ឋប្រហារ​នៅ​ផ្ទៃក្នុង​គណបក្ស

នៅ​ក្នុង​ប្រទេស​អូស្រា្តលី លោក​នាយករដ្ឋមន្រ្តី​ថូនី អាបូត (Tony Abbott) ទើប​ត្រូវ​បាន​គណបក្ស​សេរីនិយម​​របស់​លោក​បោះឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង និង​ដាក់​ជំនួស​វិញ​ដោយ​លោក​ម៉ាល់ខម ថឺនប៊ុល (Malcolm Turnbull)។ មាន​អាយុ ៦០ឆ្នំា លោក​ថឺនប៊ុល​ក៏​ជា​សមាជិក​របស់​គណបក្ស​សេរីនិយម និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​ក្នុង​សម័យ​លោក​ថូនី អាបូត។ បើ​គិត​ក្នុង​រយៈពេល​ជាង ២ឆ្នំា​កន្លង​ទៅ លោក​ម៉ាល់ខម ថឺនប៊ុល​គឺ​ជា​នាយករដ្ឋមន្រ្តី​ទី៤ របស់​អូស្រា្តលី។

លោកថូនី អាបូត (Tony Abbott រូបស្តំា) និង​លោក​ម៉ាល់ខម ថឺនប៊ុល (Malcolm Turnbull)
លោកថូនី អាបូត (Tony Abbott រូបស្តំា) និង​លោក​ម៉ាល់ខម ថឺនប៊ុល (Malcolm Turnbull) Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា តាម​រយៈ​ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ម៉ាល់ខម ថឺនប៊ុល (Malcolm Turnbull) សមាជិក​របស់​គណបក្ស​សេរីនិយម និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​របស់​លោក​ថូនី អាបូត។ លោក​ថឺនប៊ុល​បាន​ប្រកាស​ពី​ការ​ដាក់​ញត្តិ​ប្រឆំាង​នឹង​លោក​ថូនី អាបូត​ដោយ​ចោទ​លោក​អាបូត​ពី​បទ​អសមត្ថភាព​ក្នុង​ការ​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ ព្រម​ទំាង​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ ក្រៅ​ពី​មាន​តំណែង​ជា​នាយករដ្ឋមន្រ្តី លោក​ថូនី អាបូត​ក៏​មាន​តំណែង​ជា​ប្រធាន​គណបក្ស​សេរីនិយម​ដែរ។

បន្ទាប់​ពី​មាន​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ថឺប៊ុល លោក​ថូនី អាបូត​ក៏​បាន​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុម​អ្នកតំណាងរាស្រ្ត​របស់​គណបក្ស​សេរីនិយម​ភ្លាមៗ​នៅ​យប់​មិញ។ កិច្ចប្រជុំ​ក្រុមអ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​សេរីនិយម​បាន​បោះឆ្នោត​ទម្លាក់​លោក​ថូនី អាបូត​ចេញ​ពី​ប្រធាន​បក្ស​ដែល​ត្រូវ​បាត់បង់​កៅអី​នាយករដ្ឋមន្រ្តី​ដោយ​ស្វ័យប្រវត្តិ។  ក្រៅ​ពី​ការ​ប្តូរ​តំណែង​ប្រធានបក្ស ក្រុមអ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​សេរីនិយម​ក៏​បាន​បោះឆ្នោត​ប្តូរ​តំណែង​អនុប្រធាន​ដោយ​ប្រគល់​ទៅ​ឲ្យ​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស Julie Bishop។ ព្រឹត្តិការណ៍​មួយ​នេះ​នៅ​អូស្រ្តាលី​មិន​ខុស​អ្វី​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​នាយករដ្ឋមន្រ្តី​ទេ គ្រាន់​តែ​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ផ្ទៃក្នុង​គណបក្ស។

 

ហេតុផល​នៃ​ការ​ទម្លាក់​លោក​ថូនី អាបូត​ពី​តំណែង​នាយករដ្ឋមន្រ្តី

 

រដ្ឋប្រហារ​នៅ​ផ្ទៃក្នុង​គណបក្សសេរីនិយម​ទម្លាក់​លោក​ថូនី អាបូត​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចំា។ គួរ​រម្លឹក​ជូន​ថា លោក​ថូនី អាបូត​ទើប​តែ​បាន​ប្រារព្ធ​ខួប​គម្រប់ ២ឆ្នំា​នៃ​ការ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ដែល​លោក​បាន​ទទួល​ក្នុង​ឆ្នំា ២០១៣។ តែ​តុល្យការ​នៃ​ការ​កាន់​តំណែង​រយៈពេល ២ឆ្នំា​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ទូទៅ​របស់​ប្រទេស​កាន់​តែ​ធ្លាក់​ដុនដាប ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច។ សព្វថ្ងៃ​នេះ ចំនួន​អ្នកអត់ការងារ​ធ្វើ​បាន​កើន​ជាង ៦% តម្លៃ​ប្រាក់ដុល្លារ​អូស្រ្តាលី​កំពុង​បន្ត​ដំា​ក្បាល​ចុះ ហើយ​អត្រា​កំណើន​សេដ្ឋកិច្ច​មាន​ប្រមាណ​តែ ២%។

 

អូស្រ្តាលី​ជា​ប្រទេស​មួយ​ដែល​សំបូរ​ដោយ​ធនធាន​រ៉ែដែក និង​ធ្យូងថ្ម តែ​វិស័យ​ផ្លូវដង្ហើម​សេដ្ឋកិច្ច​របស់​អូស្រ្តាលី​ទំាង​ពីរ​នេះ​កំពុង​ជួប​វិបត្តិ និង​ដែល​រដ្ឋាភិបាល​របស់​លោក​ថូនី អាបូត​ហាក់​ដូច​ជា​គ្មាន​វិធានការ​ស្រោចស្រង់​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ។ ក្រៅ​ពី​ចំណុច​អវិជ្ជមាន ក៏​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែល​លោក​ថូនី អាបូត​សម្រេច​បាន​ក្នុង​រយៈពេល ២ឆ្នំា​កន្លង​ទៅ រួម​មាន ការ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ឬ​មួយ​ក៏​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​ប្រទេស​ចិន។ តែ​សមិទ្ធិផល​ទំាង​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ឲ្យ​លោក​ថូនី អាបូត​អាច​រក្សា​កៅអី​នាយករដ្ឋមន្រ្តី​របស់​លោក​បាន​ទេ។

 

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រជាប្រិយភាព​របស់​លោក​ថូនី អាបូត​កាន់​តែ​ធ្លាក់​ចុះ​នៅ​ក្នុង​ចំណោម​មហាជន​អូស្រ្តាលី​ទូទៅ ក៏​ដូច​ជា​ក្នុង​ចំណោម​អ្នកនយោបាយ។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​អូស្រ្តាលី​ជាង ៦០% មិន​សប្បាយចិត្ត​នឹង​ការ​ដឹកនំា​របស់​លោក​ថូនី អាបូត​ទេ។ មួយ​វិញ​ទៀត និង​ចំ​ពេល​ដែល​ប្រទេស​អូស្ត្រាលី​ត្រៀម​ខ្លួន​រៀបចំ​បោះឆ្នោត​សភា​នៅ​ក្នុង​ខែ​មករា ឆ្នំា ២០១៧ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក៏​បាន​ផ្តល់​ជោគជ័យ​យ៉ាង​ធំធេង​ដល់​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆំាង។ លោក​ម៉ាល់ខម ថឺនប៊ុល​យល់​ថា ជម្រើស​កំចាត់​លោក​ថូនី អាបូត​ជា​រឿង​បន្ទាន់​មិន​អាច​ចៀស​រងចំា​បាន បើ​មិន​ដូច្នោះ​ទេ គឺ​គណបក្សសេរីនិយម​ទំាង​មូល​ជា​អ្នក​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។

 

រដ្ឋប្រហារ​គណបក្ស​ជា​ទំនៀមទម្លាប់​ប្រពៃណី​នៅ​អូស្រ្តាលី

 

បើ​គេ​ពិនិត្យ​មើល​ប្រវត្តិ​របស់​ប្រទេស​អូស្រ្តាលី ការ​ប្រជែង​កម្លំាង​ដោយ​សងសឹក​គ្នា​នៅ​ផ្ទៃក្នុង​គណបក្ស គឺ​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ដែល​តែងតែ​កើត​មាន​ញឹកញាប់។ បើ​គិត​ក្នុង​រយៈពេល ៨ឆ្នំា​ចុង​ក្រោយ អូស្រ្តាលី​បាន​ស្គាល់​នាយករដ្ឋមន្រ្តី ៥នាក់។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១០ លោក​នាយក​រដ្ឋមន្រ្តី​ឃេវីន រូត​មក​ពី​គណបក្ស​ពលករ​ត្រូវ​បាន​លោកស្រី Julia Gillard ពី​គណបក្ស​ពលករ​ដូច​គ្នា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង។ ២ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ២០១២ លោក​ឃេវីន រូត​ក៏​បាន​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី Julia វិញ​ម្តង តែ​មិន​បាន​សម្រេច។ លោក​ឃេវីន រូត​ត្រូវ​រងចំា​ដល់​ឆ្នំា ២០១៣ ទើប​អាច​កំចាត់​លោកស្រី Julia ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​បាន។

 

តែ​ក្នុង​ឆ្នំា ២០១៣ ដដែល គណបក្ស​ពលករ​បាន​ចាញ់​ឆ្នោត​ប្រឈម​នឹង​គណបក្ស​សេរីនិយម​របស់​លោក​ថូនី អាបូត។ ដូច្នេះ​បើ​គិត​តំាង​ពី​ឆ្នំា ២០១០ មក លោក​ថូនី អាបូត​ជា​នាយករដ្ឋមន្រ្តី​ទី៣ ដែល​បាន​ខ្ទាត​ពី​តំណែង​ដោយ​រដ្ឋប្រហារ​នៅ​ផ្ទៃក្នុង​គណបក្ស។ ខណៈ​នេះ លោក​នាយករដ្ឋមន្រ្តី​ថ្មី​ម៉ាល់ខម ថឺនប៊ុល​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​កម្មវិធី​នយោបាយ និង​សេដ្ឋកិច្ច​ដែល​លោក​ត្រូវ​អនុវត្តន៍​ទេ ហើយ​គេ​មិន​ដឹង​ថា តើ​លោក​ថឺនប៊ុល​អាច​នឹង​កាន់​តំណែង​បាន​រយៈពេល​ប៉ុន្មាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ