អានតួអត្ថបទ
ចិន-ជប៉ុន-កូរ៉េខាងត្បូង

ចិន​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង ​ជួប​ប្រជុំ​គ្នា​ដើម្បី​រក​វិធី​ផ្សះផ្សារ​គ្នា

នេះ​ជា​លើក​​ទីមួយ​ហើយ​ ចាប់​តាំង​ពី ​ខែ ​មេសា​ ឆ្នាំ​២០១២ ​មក​ដែល​ ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងបី ​បាន​ជួប​ពិភាក្សា​គ្នា។ ការ​ជួប​ជុំ​គ្នា​នេះ ​មិនមែន​ក្នុង​ទិសដៅ​ស្វែងរក​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​នោះ​ទេ ប៉ុន្តែ​ក្នុង​ទិសដៅ​ផ្សះផ្សារ​គ្នា ​ទាក់ទិន​ទៅ​នឹង​ជម្លោះ​ជា​ច្រើន ​ដែល​ប្រទេស​ទាំង​បី ​មាន​ការ​ថ្នាំងថ្នាក់​នឹង​គ្នា។ ជម្លោះ​ប្រវត្តិសាស្រ្ត ​និង​ដែន​ដី ​រវាង​ប្រទេស​ទាំងបី​ បាន​ជម្រុញ​ឲ្យ​ប្រជាជន​ អ្នក​មាន​គំនិត​ជាតិ​និយម ​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ ​មាន​ចិត្ត​ពុះ​កញ្រ្ជោល ​ស្អប់​ខ្ពើម​គ្នា ​កាន់តែ​ខ្លាំង។ ការ​ជួប​ប្រជុំ​គ្នា​លើក​នេះ ​បាន​ផ្តល់​ជា​សញ្ញា​វិជ្ជមាន ​ព្រោះ​ថា​គ្រប់​គ្នា​ចេះ​តែ​ព្រួយ​បារម្ភ ​ថា​នឹង​អាច​ផ្ទុះ​ជា​ជម្លោះ​យោធា ​បើ​សិន​បញ្ហា​នេះ​នៅ​តែ​បន្ត​រ៉ាំរ៉ៃ​ ​ទៅ​មុខ​ទៀត។

ផែនទី​ជម្លោះដែន​សមុទ្រ​​រវាង ចិន ជប៉ុន និ​ង​កូរ៉េ​ខាងត្បួង
ផែនទី​ជម្លោះដែន​សមុទ្រ​​រវាង ចិន ជប៉ុន និ​ង​កូរ៉េ​ខាងត្បួង
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ការបរទេស​របស់ ​ចិន ​ជប៉ុន ​និង​កូរ៉េ​ខាងជើង  ​កំពុង​ជួប​ប្រជុំ​គ្នា​ នៅ​ទីក្រុង​សេអ៊ូល។ នេះ​ជា​​កិច្ច​ប្រជុំ​ត្រីភាគី ​ដែល​មាន​លក្ខណៈ​ផ្លូវការ ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ទ្វេរ​ភាគី ​រវាង​ចិន-ជប៉ុន ​និង ​រវាង​​កូរ៉េ​ខាងត្បូង-ជប៉ុន ​ប៉ុន្មាន​លើក​រួច​មក​ហើយ។ កិច្ច​ប្រជុំ​នេះ ​ធ្វើ​ឡើង​ក្នុង​គោលដៅ ​ស្វែងរក​វិធី ​ផ្សះផ្សារ ឲ្យ​ប្រទេស​ទាំងបី​ជានា​គ្នា។ តាម​ពិត  ​គឺ​ជប៉ុន​តែ​ម្នាក់​ឯង ​ដែល​មាន​ជម្លោះ​ជាមួយ ​កូរ៉េ​ខាងត្បូង​ផង ​និង​ជាមួយ​ចិន​ផង។

 
បញ្ហា​ដែល​ចោទ​ជា​ជម្លោះ ​រវាង​ចិន ​កូរ៉េ​ខាងត្បូង ​ជាមួយ​នឹង ​ជប៉ុន​ គឺ ​មាន​ពីរ ​ដែល​ទីមួយ​ទាក់ទិន​នឹង ​បញ្ហា​ប្រវត្តិសាស្ត្រ  ​ហើយ​បញ្ហា​ទី​ពីរ ​គឺ​ជម្លោះ​ដែន​កោះ ​ដែល​ជប៉ុន​ដណ្តើម​គ្នា​កាន់កាប់ ​ជាមួយ​ចិន ​ និង​កូរ៉េ​​ខាងត្បូង។ បើ​និយាយ​ពី​ប្រវត្តិសាស្ត្រ ​ប្រទេស​ទាំង​ពីរ ចិន និង​កូរ៉េ​ខាងត្បូង ​សុទ្ធសឹង​តែ​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម ​របស់​ជប៉ុន​ ក្នុង​ចន្លោះ​រវាង ពី​ឆ្នាំ ១៩១០ ​ដល់​ឆ្នាំ ​១៩៤៥។ អាណានិគម​នេះ ​បាន​បញ្ចប់​ទៅ ​នៅ​ពេល​ដែល​ ​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើក​ទីពីរ។

ក្នុង​ពេល​ដែល​ជប៉ុន​បាន​ត្រូតត្រា ​ចិន និង​កូរ៉េ​ខាងត្បូង ​ជប៉ុន​បាន​ធ្វើ​អំពើ​ព្រៃផ្សៃ​ខ្លាំង​ណាស់ ​ទៅ​លើ​ជនជាតិ​ចិន ​និង​ជនជាតិ​កូរ៉េ។ បញ្ហា​នេះ ​ហើយ ​ដែល​ធ្វើឲ្យ​ការ​ចង​កំហឹង ​មាន​ដក់ជាប់​ក្នុង​ចិត្ត​ប្រជាជន​ចិន ​និង​ប្រជាជន​កូរ៉េ​ទូទៅ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ខឹង​ ថែម​ទៀត ​គឺ​នៅ​ពេល​ដែល ​ជប៉ុន​បាន​បោះពុម្ព​សៀវភៅ​សិក្សា​ប្រវតិ្តសាស្រ្ត ​ដែល​មាន​លក្ខណៈ​បន្ធូរបន្ថយ​ នូវ​អំពើ​ព្រៃផ្សៃ​របស់​ខ្លួន ​ក្នុង​ពេល​សង្រ្គាម។

ជប៉ុន​ត្រូវហ៊ាន​ទទួល​ស្គាល់​ការ​ពិត ​ថា​បាន​ចាប់​បង្ខំ​ស្រ្តី​កូរ៉េ​រាប់​ម៉ឺននាក់ ធ្វើ​ជា​ទាសករ​ផ្លូវភេទ៖
តាម​ពិតទៅ ​បញ្ហា​ដណ្តើម​គ្នា​កាន់កាប់​ដែន​កោះ ​ក្នុង​សមុទ្រ​រវាង ជប៉ុន និង​កូរ៉េ​ខាងត្បូង វា​ជា​បញ្ហា​បន្ទាប់​បន្សំ​ទេ។ បញ្ហា​ចំបង​គឺ ​ជម្លោះ​ប្រវត្តិសាស្ត្រ​តែ​ម្តង។ អ្នក​នយោបាយ​ ក៏​ដូច​ជា​អ្នក​ជាតិ​និយម​ទាំង​សងខាង ​​យក​បញ្ហា​ដែនដី ​មក​បន្ថែម​ជា​លេស ​ដើម្បី​ដុត​កំហឹង​រវាង​ជនជាតិ​ទាំង​ពីរ​ ឲ្យ​កាន់​តែ​ឆេះ​ខ្លាំង​ឡើង។ ដែន​កោះ ​ដែល​កូរ៉េ​ដាក់​ឈ្មោះ​ថា ដុកដូ ​ហើយ​ជប៉ុន ​ហៅ​ថា តាកេសឈីម៉ា ​មាន​ទំហំ​មិន​ធំទេ ហើយ​មាន​តែ​ថ្ម​ប៉ុណ្ណោះ។ ប៉ុន្តែ​កោះ​នេះ ​ជា​ឧបករណ៍​នយោបាយ ​ក្នុង​ការ​បញ្ឆេះ​កំហឹង​ប្រវត្តិសាស្ត្រ។ ជាក់​ស្តែង ​កាល​ពី​ឆ្នាំ ២០១២ ​លោក លី ម្យុងបាក់ ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​បាន​ទៅ​ដល់​កោះ​នេះ ​ហើយ​បាន​ទាមទារ​ ឲ្យ​ព្រះចៅ​អធិរាជ​ជប៉ុន ​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ ​ចំពោះ​ទង្វើរ​របស់​ទាហាន​ជប៉ុន​ ដែល​បាន​ធ្វើ​ទៅ​លើ​ជនជាតិ​កូរ៉េ។

បើ​តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ជា​ច្រើន ​បាន​បង្ហាញ​ថា ​កាល​ពី​ជំនាន់​ដែល​ជប៉ុន​ ទៅ​ដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ ​ដែល​កាល​នោះ​កូរ៉េ ​មិន​ទាន់​បែក​ជា​ពីរ​នៅឡើយ ទាហាន​ជប៉ុន​បាន​ប្រើ​ទារុណកម្ម ​និង​បាន​ចាប់​បង្ខំ​ ស្រ្តី​ជនជាតិ​កូរ៉េ​ ជា​ច្រើន​ម៉ឺន​នាក់ ​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវភេទ។

យ៉ាង​ណាមិញ ​កាល​ពី​ដើម​ខែ ​មិនា​នេះ​ដែរ ​លោកស្រី ប៉ាក់ គិនហឺ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ការ​​ទាមទារ ​ឲ្យ​ជប៉ុន​ចាត់​វិធានការ​ ឲ្យ​បាន​ឆាប់​រហ័ស ​ក្នុង​ការ​ផ្តល់​ជា​សំណង​ជម្ងឺ​ចិត្ត​ ដល់​ស្រ្តី​ជន​ជាតិ​កូរ៉េ ​ដែល​ត្រូវ​បាន​គេ​ចាប់​បង្ខំ ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ ​របស់​ទាហាន​ជប៉ុន។ លោក​ស្រី ​បាន​បញ្ជាក់​ថា ​ជប៉ុន​ត្រូវតែ​លាង​កិត្តិយស​ស្រ្តី​រងគ្រោះ​ទាំង​នោះ។ សព្វ​ថ្ងៃ​នេះ ​អ្នក​ដែល​នៅ​រស់រៀន​មាន​ជីវិត ​មាន​តែ​៥៣ ​នាក់​ទេ ​​ដូច្នេះ​ជប៉ុន​ត្រូវ​តែ​ស្ទុះស្ទារ ​ធ្វើ​អ្វី​មួយ​ ​ដើម្បី ​លប់​លាង​កំហុស​របស់​ខ្លួន។ លោកស្រី​បន្ថែម​ថា ​នេះ​ជា​កិត្តិយស​របស់ ​ជន​រងគ្រោះ​ និង​ប្រជាជាតិ​កូរ៉េ​ទាំង​មូល ​ហើយ​ជប៉ុន​ត្រូវ​តែ ​ហាន​ប្រឈម​មុខ​ចំពោះ​ទង្វើ​អាក្រក់​ ដែល​ខ្លួន​ធ្លាប់​បាន​ប្រព្រឹត្ត។

តាម​ពិត​ទៅ ​ជប៉ុន​ធ្លាប់​បាន​ធ្វើ​ការ​សុំទោស​ ជា​ផ្លូវការ​រួច​មក​ហើយ ​កាល​ពី​ឆ្នាំ ​១៩៩៣។ ប៉ុន្តែ​កន្លង​មក ​អ្នក​នយោបាយ​ ដែល​មាន​និន្នាការ​ជាតិ​និយម ​ទាំង​ខាង​កូរ៉េ ​ទាំង​ខាង​ជប៉ុន​ នៅ​តែ​ឌឺដង​ដាក់​គ្នា។ លោក ស៊ិនហ្សូ អាបេ នាយក​រដ្ឋមន្រ្តី​ជប៉ុន ​ធ្លាប់​បាន​ថ្លែង​ថា ​ស្រ្តី​ជនជាតិ​កូរ៉េ ​ដែល​អះអាង​ថា​ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់បង្ខំ ​បន្តែ​តាម​ការ​ពិត ​ស្រី្ត​ទាំង​នោះ ​មាន​មុខ​របរ​ ជា​ស្រី​រកស៊ី​ផ្លូវភេទ។ ទាហាន​ជប៉ុន ទៅ​លេង​កម្សាន្ត​ នៅ​តាម​ផ្ទះបន ​តែ​មិន​បាន​ទៅ​ចាប់​បង្ខំ​នរណា​ទេ។

ការ​សំលាប់​រង្គាល​នៅ​ណានជីង ​និង​ជម្លោះ​ប្រជុំ​កោះ ​សេនកាគូ ​ជា​ស្នូល​នៃ​កំហឹង​ រវាង​ជប៉ុន​និង​ចិន៖
ដូច​គ្នា​ដែរ​ ​ចិន​ធ្លាប់​ត្រូវ​បាន​ជប៉ុន​វាយ​លុក ​និង​ត្រូតត្រា​អស់​រយៈ​ពេល ​១៥​ឆ្នាំ។ បន្ទាប់​ពី​ជប៉ុន​បាន​វាយ​យក​បាន​ ឧបទ្វីប​កូរ៉េ ​ជប៉ុន​បាន​បន្ត​ដំណើរ​ទៅ​វាយ​យក​តំបន់ ​ម៉ាន់ជូរី​ ​ដែល​ស្ថិត​នៅ​ភាគ​ឥសាន​ទឹកដី​ចិន ​ជាប់​នឹង​កូរ៉េ​ខាងជើង​បច្ចុប្បន្ន។ បន្ទាប់​មក​ទៀត ​ជប៉ុន​បាន​បន្ត​ដំណើរ ​វាយ​យក​បាន​ដែនដី​ ភាគ​​ខាងកើត​ប្រទេស​ចិន ​ស្ទើរតែ​ទាំង​ស្រុង​តែម្តង។

រឿង​ដែល​ជន​ជាតិ​ចិន​ចាំ​មិន​ភ្លេច ​ពី​ទង្វើ​ដ៏​សាហាវ​យង់ឃ្នង​ របស់​ទាហាន​ជប៉ុន ​ហើយ​ដែល​អ្នក​ប្រវត្តិសាស្ត្រ​ពិភពលោក​គ្រប់​គ្នា ​គេ​ថ្កោលទោស​ជប៉ុន​នោះ ​គឺ​ការ​សំលាប់​រង្គាល ​នៅ​ក្រុង​ណានជីង ​នៅ​ចុង​ឆ្នាំ ​១៩៣៧។ បើ​តាម​ឯកសារ​ផ្លូវការ ​ជប៉ុន​បាន​សំលាប់​ជនជាតិ​ចិន ​ប្រមាណ​ជា ៤០​ម៉ឺន​នាក់។ ​ហើយ​ក្នុង​ចំណោម​នោះ ​មាន​ក្មេង ​និង​ស្រី​ប្រមាណ​ជា ​៨​ម៉ឺន​នាក់ ​ដែល​ត្រូវ​បាន​សម្លាប់​ចោល និង​រំលោភ​សេពសន្ទវៈ។

បញ្ហា​នេះ ​ត្រូវ​បាន​អ្នក​ជាតិ​និយម​ចិន ​នៅ​តែ​បន្ត​ចង​កំហឹង​ ទៅ​លើ​ជប៉ុន។ កំហឹង​មាន​កាន់​តែ​ធំ​ទៅទៀត ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ ​ដណ្តើម​គ្នា​កាន់​កាប់​ ដែនកោះ​មួយ​ចំនួន ​ក្នុង​ឈូង​សមុទ្រ​ចិន​ខាងត្បូង។ ប្រជុំ​កោះ ​ដែល​ជា​ចំណុច​ក្តៅ​ជាង​គេ ​គឺ​ប្រជុំ​កោះ​សេនកាគូ។ ថ្មីៗ​នេះ​ ជប៉ុន​បាន​ប្រមូល​ទិញដី ​នៅ​លើ​កោះ​នេះ ​មក​​ចូល​ជា​សម្បត្តិរដ្ឋ។ ចំណែក ​ចិន​វិញ ​បាន​ចាប់ផ្តើម​កសាង​ព្រលាន​យន្តហោះ ​និង​កំពង់​ផែ​ធំ​មួយ នៅ​លើ​កោះ​ក្បែរ​នោះ​ផង​ដែរ។ នាវា​ល្បាត​ប្រទេស​ទាំងពីរ ​បាន​ជល់​គ្នា​ជាច្រើន​ដង​មក​ហើយ។
 
សត្រូវ​របស់​សត្រូវ​ខ្ញុំ ​ជា​មិត្ត​របស់​ខ្ញុំ៖
ហេតុអ្វី​បាន​ជា​ពេល​នេះ ​ប្រទេស​ទាំងបី ​ងៀក​ខិត​ចូល​មក​ជិត​គ្នា? បញ្ហា​ដែល​នាំ​ប្រទេស​ទាំង​បី ឲ្យ​ចូល​តុ​ចរចា​គ្នា ​រក​វិធី​ផ្សះផ្សារ​គ្នា គឺ​ទីមួយ​ទាក់ទិន​ទៅ​នឹង ​ការ​ការពារ​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល ​ដែល​កំពុង​តែ​រង​ការ​គម្រាម​កំហែង​ ពី​សំណាក់​កូរ៉េ​ខាងជើង។ ថ្មីៗ​នេះ​ កូរ៉េ​ខាងជើង​ បាន​ធ្វើ​ការ​សាកល្បង​ គ្រាប់​មីស៊ីល​របស់​ខ្លួន ​ដែល​ធ្វើ​ឲ្យ​កូរ៉េ​ខាងត្បូង ​និង​ជប៉ុន​មាន​ការ​ព្រួយ​បារម្ភ។ តាម​ការ​ប៉ាន់​ស្មាន ​កូរ៉េ​ខាងជើង ​អាច​ទាំង​មាន​អាវុធ​នុយក្លេអ៊ែរ​ ទៀត​ផង។

កន្លង​មក ​ចិន​តែង​តែ​ជួយ​ការពារ ​ធ្វើ​មិន​ដឹង​មិនឮ​ ចំពោះ​ទង្វើ​ក្រអឺតក្រទម​ របស់​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង បន្តែ ​ចាប់​តាំង​ពី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចិន​ហាក់​ទ្រាំ​លែង​បាន​ហើយ ​ជា​ពិសេស​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា កូរ៉េ​ខាង​ជើង​ បាន​បែរ​ក្បាល ​មក​វាយ​ប្រហារ​ចិន​ តាម​ប្រព័ន្ធ​អ៊ីធឺនែត។

ដូច្នេះ ​ប្រទេស​ទាំងបី ​កូរ៉េ​ខាង​ត្បូង ​ចិន ​និង​ជប៉ុន ​មាន​សត្រូវ​រួម​តែ​មួយ ​គឺ​កូរ៉េ​ខាងជើង។ ដូច​ពាក្យ​គេ​និយាយ​មិន​ខុស​ទេ ​ថា ​សត្រូវ​របស់​សត្រូវ​ខ្ញុំ ​ជា​មិត្ត​ខ្ញុំ។ ដូច្នេះ​ចង់​មិន​ចង់ ​ពេល​នេះ ​ប្រទេស​ទាំង​បី ​ត្រូវ​តែ​ចាប់ដៃ​គ្នា ​រិត​ចំណង​សហប្រតិបត្តិការ​សន្តិសុខ។

កត្តា​ទី​ពីរ ​គឺ​បញ្ហា​សេដ្ឋកិច្ច​តែម្តង។ ប្រទេស​ទាំង​បី ​មាន​ការ​ដោះដូរ​សេដ្ឋកិច្ច​គ្នា ​បើ​គិត​ជា​ទឹកប្រាក់​ ច្រើន​ពាន់​លាន​ណាស់ ​ជា​ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប។ បន្តែ ​ទោះ​ជា​យ៉ាង​ណា ​នេះ​គ្រាន់​តែ​​ជា​ជំហាន​ដំបូង ​ក្នុង​ការ​ស្វែងរក​ការ​ផ្សះផ្សារ​គ្នា។ អ្វី​ដែល​គេ​សង្ឃឹម​នោះ ​គឺ​ប្រហែល​ជា​អាច​មាន​ ការ​រៀបចំ​សន្និសីទ​កំពូល​មួយ ​រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​បី​តែ​ម្តង ​ក្នុង​រវាងឆ្នាំ​២០១៥​នេះ។

មួយ​វិញ​ទៀត ​ការ​ចង​កំហឹង​ស្អប់​ខ្ពើម​គ្នា ​ដោយសារ​តែ​រឿង​អតីតកាល ​ជា​រឿង​ដែល​គ្មាន​បាន​ប្រយោជន៍​អ្វី​ទាំងអស់។ នេះ​គ្រាន់តែ​ជា​ឈ្នាន់​នយោបាយ ​របស់​ពួក​ជាតិ​និយម​ជ្រុល​ តែ​ប៉ុណ្ណោះ។ ​បើ​ជនជាតិ​ទាំងបី​ នៅ​តែ​បន្ត​ស្អប់​ខ្ពើម​គ្នា ​នោះ​សង្គ្រាម​ប្រាកដ​ជា​អាច​ផ្ទុះ​ឡើង​ សារ​ជា​ថ្មី​មិន​ខាន។ ហើយ​តែ​កាល​ណា ​មាន​សង្រ្គាម ​នាំ​ឲ្យ​មាន​អស្ថេរភាព​ក្នុង​តំបន់ ​ដូច្នេះ ​សេដ្ឋកិច្ច​ប្រាកដ​ជា​ជួប​បញ្ហា​ ទៅ​តាម​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ