អានតួអត្ថបទ
ចិន

ចិន​ដាក់​កម្រិត​លើ​ការដក​សាច់ប្រាក់​នៅ បរទេស

ប្រជាជន​ចិន ដែល​ធ្វើដំណើរ​ទៅបរទេស នឹង​លែង​អាច​ដកប្រាក់​របស់​ខ្លួន តាមចិត្តចង់​ដូចមុន។ យោងតាម​កាសែត​ក្នុង​ស្រុក​ចិន ចុះផ្សាយ នៅ​ថ្ងៃ អង្គារ រដ្ឋអំណាច​ចិន​នឹង​កំណត់​ចំនួន​សាច់ប្រាក់ ដែល​ប្រជាជន​ចិន អាច​ដក​បាន នៅ​បរទេស។ វិធានការ​របស់​រដ្ឋអំណាច​ចិន​នឹង​ចូល​ជា​ធរមាន ចាប់​ពី​ឆ្នាំ ២០១៦។

ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​លុយ​យ័ន​​របស់​ចិន
ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​លុយ​យ័ន​​របស់​ចិន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

រដ្ឋអំណាច​ចិន ចង់​ដាក់​កម្រិត ចាយវាយ​របស់​ប្រជាជន​ខ្លួន នៅ​បរទេស។ យោងតាម​វិទ្យុ​ជាតិ​ចិន China UnionPay ឬ ​Mastercard របស់​ចិន នឹង​កម្រិតចំនួន​សាច់ប្រាក់​ដែល​អតិថិជន​ចិន​​ចង់​ដក​នៅបរទេស។ បច្ចុប្បន្ន អតិថិជន​ ដែល​កាន់​កាត China UnionPay​អាច​ដក​លុយ ១ម៉ឺន​យ័ន ក្នុង​មួយថ្ងៃ គឺ​ស្មើ​នឹង​១៤០០​ដុល្លារ។ ប៉ុន្តែ ចាប់ពី​ឆ្នាំ ២០១៦ អថិជន​នឹង​អាច​ដក​លុយ​របស់ខ្លួន បាន​ត្រឹម​តែ ១សែន យ័ន គឺ​ស្មើ​នឹង​១៤០០០​ដុល្លារ ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ។ តាម​ស្ថាប័ន​UnionPay ដែល​ប្រមូលផ្តុំ​ធនាគារ​ចិន​ជាង ១៧០ នៅ​ប្រទេស​ចិន ការបន្ថយ​កម្រិត​សាច់ប្រាក់​ដក​ចេញ​ពី​ទូរលុយ​នៅ​បរទេស ធ្វើឡើង ក្នុង​ទិសដៅ ប្រយុទ្ធប្រឆាំង​នឹង​ការលាងលុយ និង​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ។

 
វិធានការ​របស់​រដ្ឋអំណាច​ចិន ដែល​ចង់​ដាក់ កម្រិត ចាយវាយ​របស់​ប្រជាជន​ចិន នៅ​បរទេស មិនមែន​ធ្វើឡើង​ដោយ​ចៃដន្យ។ អាជ្ញាធរ​ចិន​រឹតត្បិត​មិន​ចង់​ឲ្យ​ប្រជាជន ដក​សាច់ប្រាក់​ច្រើន នៅ​បរទេស ព្រោះ​ថា អ្នកជំនាញ​បាន​កត់សំគាល់​ឃើញ​មាន​លំហូរ​សាច់ប្រាក់​ចេញ​ទៅ​ក្រៅ​ប្រទេស កាន់តែច្រើន ពោល គឺ​ ចាប់តាំង ពីធនាគារ​កណ្តាល​ចិន ទម្លាក់​តម្លៃ លុយ​យ័ន ដើម្បី​ជំរុញ​ការនាំចេញ។ នៅក្នុង​ខែ​សីហា​តែមួយ តម្លៃ​លុយ​យ័ន​បាន​ធ្លាក់​ចុះ អស់ ៥ភាគរយ។ ម្យ៉ាងទៀត និន្នាការ​បញ្ចេញ​សាច់ប្រាក់ ទៅដាក់​នៅ​បរទេស កើត​ឡើង ដោយសារ​តែ​គេ​ភ័យ​បារម្ភ​នឹង​សេដ្ឋកិច្ច​ចិន ដែល​កំពុង​នៅ​ទ្រឹង ឬ​ដើរថយ ចាប់តាំង​ពី​មានផ្ទុះ វិបត្តិ​ធ្លាក់​ថ្លៃ ភាគហ៊ុន ចិន កាលពី​ខែ​សីហា។

រដ្ឋាភិបាល​ចិន​បាន​រឹតបន្តឹង​វិធានការ​លើ​ចលនា​សាច់ប្រាក់​នេះ​ម្តងហើយ កាលពី​ដើម​ខែ​កញ្ញា។ រដ្ឋបាល​រដ្ឋចិន ដែល​គ្រប់​គ្រង​លើ​ទីផ្សារ​ប្តូរប្រាក់ ធ្លាប់​បាន​សុំ​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ នៅ​សៀងហៃ និង​នៅ​កង់តុង តាមដាន ត្រួតពិនិត្យ លើ​រាល់​ការប្តូរ និង​លក់​រូបិយប័ណ្ណ​បរទេស។ ទីក្រុង​ប៉េកាំង​បាន​សម្រេច ដោយ​តក់ក្រហល់ ទម្លាក់​តម្លៃ​លុយ​យ័ន ដើម្បី​ជំរុញ​ការនាំចេញ។ ប៉ុន្តែ​ផ្ទុយទៅវិញ យោងតាម​តួលេខ​ផ្លូវការ វិធានការ​នេះ​បាន​ធ្វើ​ឲ្យ​ រដ្ឋចិន​ខាតបង់​លុយ​ប្រមាណ ៩៣​ពាន់​លាន​ដុល្លារ ពោល​គឺ​បន្ទាប់ពី​ស្ថាប័នរដ្ឋ​របស់​ប្រទេស​ចិន​ចាប់​បញ្ចេញ​លក់​លុយ​ដុល្លារ យ៉ាងច្រើន ដើម្បី​យក​ទៅ​ជួយ​ទប់ការខូចខាត ដោយសារ​​ការធ្លាក់​តម្លៃ​លុយ​យ័ន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ