អានតួអត្ថបទ
ឥណ្ឌា

ផ្ទុះ​ធុងហ្គាស​សម្លាប់​មនុស្ស​៨៥​នាក់ នៅ​ឥណ្ឌា

ការផ្ទុះ​ធុង​ហ្គាស ក្នុង​ភោជនីយដ្ឋាន​មួយ ក្នុង​រដ្ឋ​ម៉ាដយ៉ា ប្រាដេស ភាគកណ្តាល​របស់​ឥណ្ឌា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៨៥​នាក់ កាលពី​ថ្ងៃ សៅរ៍​ទី ១២ កញ្ញា។ នៅក្នុង​ការសន្និដ្ឋាន​ដំបូង ប៉ូលិស​ឥណ្ឌា​បាន​អះអាង​ពី​គ្រោះថ្នាក់​ដោយ​ចៃដន្យ នៅក្នុង​ពេល​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​សរសេរ​នៅក្នុង​បណ្តាញ Twitters ​សំដែង​ការសោកស្តាយ​ដែល​ជីវិត​មនុស្ស​រាប់រយ​នាក់​រងគ្រោះ ដោយសារ​តែ​ការផ្ទុះធុង​ហ្គាស​នៅក្នុង​ភោជនីយដ្ឋាន។ 

ការផ្ទុះធុងហ្គាស​ និង​គ្រាប់​រំសេវ​ផ្ទុះ​សម្លាប់​មនុស្ស​យ៉ាងតិច ៨៥​នាក់​នៅ​ឥណ្ឌា
ការផ្ទុះធុងហ្គាស​ និង​គ្រាប់​រំសេវ​ផ្ទុះ​សម្លាប់​មនុស្ស​យ៉ាងតិច ៨៥​នាក់​នៅ​ឥណ្ឌា ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

យ៉ាងតិច មនុស្ស​៨៥​នាក់ ស្លាប់ ចំណែក​ជាង ៦០​នាក់​របួស នៅក្នុង​ហេតុការណ៍​ផ្ទុះធុងហ្គាស​នៅក្នុង​ភោជនីយដ្ឋាន មួយ នៅ​ប្រទេស​ឥណ្ឌា។ យោងតាម​ប៉ូលិស ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters មនុស្ស​រងគ្រោះ ស្លាប់​ច្រើន ដោយសារ​តែ​ការផ្ទុះពីរលើក​ផ្ទួនៗគ្នា។ ប៉ូលិស​ជឿថា ការផ្ទុះធុងហ្គាស នៅ​ក្នុង​ភោជនីយដ្ឋាន បាន​រាលដាល​ទៅ​បំផ្ទុះ ឆេះ គ្រាប់​រំសេវជាតិ ដែល​គេ​អាច​ដាក់​នៅ​ជិតនោះ។ គឺ​ការផ្ទុះ​លើក​ទី ២ ដែល​សាហាវ​សម្លាប់​មនុស្ស​ច្រើន​ជាងគេ ព្រោះ​វា​បាន​បំផ្លាញ​ធ្វើ​ឲ្យ​បាក់​ អគារ ឡាន ដែល​នៅ​ក្បែរ​នោះ។

 
ម្យ៉ាងទៀត ជនរងគ្រោះ​មាន​ចំនួន​ច្រើន ព្រោះ​វា​កើតឡើង នៅ​សង្កាត់​ដ៏​អ៊ូអរ និង​នៅ​ពេល​ព្រឹកព្រលឹម ដែល​អ្វកធ្វើការ និង​សិស្ស​សាលា​កំពុង​ទទួល​ទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន។ ម្យ៉ាងទៀត នៅក្បែរនោះ ក៏​មាន​ផងដែរ មនុស្ស​កំពុង​ឈររង់ចាំ​ឡានក្រុង។ តាម​ប៉ូលិស ចំនួន​ជនរងគ្រោះ នឹង​អាច​កើនឡើង​ច្រើន​ជាង ៨៥នាក់ ព្រោះថា គេ​កំពុង​នៅ​បន្ត​កកាយ​រក​ជនរងគ្រោះ ដែល​ស្ថិតនៅ​ក្រោម​គំនរ​ថ្ម​បាក់ នៅឡើយ។

រដ្ឋ​ម៉ាដយ៉ា ប្រាដាស​ស្ថិតនៅ​ភាគខាងត្បូង ចម្ងាយ​៨០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ញូវដេលី។ នៅ​រដ្ឋ​មួយ​នេះ ដែល​មាន​សំបូរ​អណ្តូង​រ៉ែ​បុកស៊ីត ការប្រើ​គ្រាប់រំសេវ​ផ្ទុះ នៅក្នុង​អាជីវកម្ម​ជីក​យក​រ៉ែ គឺ​ជា​សកម្មភាព​ដែល​កើតមាន​ជាប្រចាំ។

ដោយពិតទៅ គ្រោះថ្នាក់​ផ្ទុះ​ធុងហ្គាស ឧស្សាហ៍​កើតមាន​នៅ​ឥណ្ឌា ជាទី​ដែល​ស្តង់ដា​សុវត្ថិភាព មិនត្រូវ​បាន​គេ​គោរព​ខ្ជាប់ខ្ជួន។ ប៉ុន្តែ ករណី​ផ្ទុះ​ធុងហ្គាស សម្លាប់​មនុស្ស​ច្រើន​ដូចលើកនេះ គឺ​ជារឿង​ដែល​ឥណ្ឌា​មិនសូវ​ជួប​ប៉ុន្មានទេ។ នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​ប្រតិកម្ម សំដែង​ការសោកស្តាយ ដែល​ជីវិត​មនុស្ស​ត្រូវ​បាត់បង់ ដោយសារ​តែ​ការផ្ទុះ​ធុងហ្គាស។ នៅមុន​ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តី ប្រធាន​រដ្ឋ​ម៉ាដយ៉ា ប្រាដេស​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​Twitter ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារជនរងគ្រោះ។ លោក​នៅ បាន​សន្យា​ផ្តល់​ប្រាក់​ជាង ៣ពាន់​ដុល្លារ សម្រាប់​គ្រួសារ​ដែល​មាន​មនុស្ស​ស្លាប់។ ចំណែក​អ្នករង​របួស​នឹង​អាច​ទទួល​ប្រាក់​ជំនួយ ប្រមាណ ៧០០​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ