អានតួអត្ថបទ
ជប៉ុន-ហ្វីលីពីន-ចិន

ជប៉ុន​និង​ហ្វីលីពីន​បើកធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា​ក្នុងពេល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​ចិន

កងទ័ព​ជើងទឹក​របស់​ជប៉ុន និង​ហ្វីលីពីន បើក​ចាប់បើក​ធ្វើ​សមយុទ្ធរួមគ្នា នៅថ្ងៃ​អង្គារនេះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ចំណុច​ក្តៅ​នៃ​ជម្លោះ​ជាមួយ​ចិន។ សមយុទ្ធ​ជា​ប្រវត្តិសាស្រ្ត​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​ពី​ការ​រឹតចំណង​សម្ព័ន្ធភាព​យោធា រវាង​ប្រទេស​ទាំងពីរ នៅ​ក្នុងពេល​ដែល​ពួកគេ​កំពុងតែ​ប្រឈមមុខ​នឹង​ចិន នៅក្នុង​ជម្លោះ​ដែនសមុទ្រ។

កងល្បាត​ដែនសមុទ្រ​ហ្វីលីពីន នៅ​ក្នុង​សមយុទ្ធរួមគ្នា​ជាមួយ​កងល្បាត​ដែនសមុទ្រ​ជប៉ុន កាលពីថ្ងៃ​ទី៦ឧសភា ២០១៥
កងល្បាត​ដែនសមុទ្រ​ហ្វីលីពីន នៅ​ក្នុង​សមយុទ្ធរួមគ្នា​ជាមួយ​កងល្បាត​ដែនសមុទ្រ​ជប៉ុន កាលពីថ្ងៃ​ទី៦ឧសភា ២០១៥ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ទ័ពជើងទឹក​ជប៉ុន-ហ្វីលីពីន នៅថ្ងៃ​អង្គារ​នេះ អាច​ត្រូវ​ចាត់ទុក​ជា​ហេតុការណ៍​ប្រវត្តិសាស្រ្ត ពីព្រោះ​ថា នេះ​ជាលើកទី១ ដែល​ប្រទេស​ទាំងពីរ​បើក​ធ្វើ​សមយុទ្ធ​​ទ័ព​ជើងទឹក​រួមគ្នា ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២។ កាល​ពី​ដើមខែ​ឧសភា​កន្លងទៅនេះ ជប៉ុន និង​ហ្វីលីពីន ធ្លាប់​បាន​បើក​ធ្វើ​សមយុទ្ធ​រួមគ្នា​ម្តងរួចមកហើយ ក៏ប៉ុន្តែ ជា​សមយុទ្ធ​ឆ្មាំ​ល្បាត​ដែន​សមុទ្រ​តែ​ប៉ុណ្ណោះ មិនមែន​ជា​សមយុទ្ធ​ហាត់សម​ពី​ការ​ធ្វើ​សង្រ្គាម ដូចជា​ពេល​នេះទេ។

សមយុទ្ធ​​​ដែល​មាន​រយៈពេល​មួយថ្ងៃ​ នៅថ្ងៃ​អង្គារ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​នាវាពិឃាដ​ពីរគ្រឿង​របស់​ជប៉ុន និង​នាវាចម្បាំង​មួយគ្រឿង​របស់​ហ្វីលីពីន។ ចំណែក​ឯ​ទីតាំង​នៃ​សមយុទ្ធ គឺ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាជិត ៣០០គីឡូម៉ែត្រ ពីតំបន់​ជាប់ជម្លោះ រវាង​ចិន និង​ហ្វីលីពីន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ហ្វីលីពីន​បាន​អះអាង​ថា សមយុទ្ធ​ទ្វេភាគី​ជាមួយ​ជប៉ុន​នេះ​ធ្វើឡើង គ្រាន់តែ​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់​ប្រទេស​ទាំងពីរ​តែ​ប៉ុណ្ណោះ ដោយ​មិនសំដៅ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​នោះទេ។ ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​វិស័យ​ការពារជាតិ​ជាច្រើន​សុទ្ធតែ​យល់ថា គោលដៅ​ពិតប្រាកដ​នៃ​សមយុទ្ធនេះ គឺ​ហ្វីលីពីន និង​ជប៉ុន​​ចង់​បង្ហាញ​ឲ្យចិន​ឃើញ​ពី​ភាព​ប្តូរផ្តាច់​របស់​ខ្លួន ក្នុងការ​ស្រាក់កម្លាំងគ្នា​ទប់ទល់​នឹង​មហិច្ឆតា​យោធា​របស់​ចិន នៅ​ក្នុង​តំបន់។

គួររំឭកឡើងវិញ​ថា ហ្វីលីពីន គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង ៤ ក្នុង​អាស៊ាន ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​ជា​យុទ្ធសាស្រ្ត​មួយ សម្រាប់​វិស័យ​ដឹកជញ្ជួន​តាមផ្លូវ​សមុទ្រ​ជា​អន្តរជាតិ និង​ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ ជាពិសេស គឺ​ធនធាន​ប្រេង និង​ឧស្ម័ន។ ចំណែក​ឯ​ជប៉ុន​វិញ​ក៏​​កំពុងតែ​មាន​ជម្លោះ​ជាមួយ​ចិន​ដែរ គឺ​ជម្លោះ​ដណ្តើម​ប្រជុំកោះ នៅក្នុង​សមុទ្រ​ចិន​ខាង​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ